Thursday, March 28, 2024
Homeសង្គម និងជីវិតប្រពន្ធរត់តាមប្រុសថ្មី ប្តីធ្លាក់ខ្លួនឈឺក្អួតឈាមស្លាប់

ប្រពន្ធរត់តាមប្រុសថ្មី ប្តីធ្លាក់ខ្លួនឈឺក្អួតឈាមស្លាប់

ខេត្តតាកែវ ៖ បុរសម្នាក់ បានរៀបការប្រពន្ធចិត្តឯង និងប្រឹងប្រែងរកលុយកាក់ផ្គត់ផ្គង់ ប្រពន្ធមិនឱ្យទាស់ចិត្តឡើយ ស្រាប់តែប្រពន្ធ រស់នៅសោយសុខយូរ បែកគំនិតលួចលាក់ទាក់ទងមានប្រុសសហាយ និងបានពង្រត់គ្នាទៅបាត់ ព្រមទាំងដាក់ពាក្យប្តឹងទារលែងលះ ប្តីទៀត ជាហេតុធ្វើឱ្យបុរសជាប្តីខូចចិត្តពេក ធ្លាក់ខ្លួនឈឺដេករវើរវាយស្រែកហៅតែឈ្មោះ ប្រពន្ធរហូតដល់ក្អួតឈាមស្លាប់យ៉ាងអាណោចអធ័ម។

បុរសអភ័ព្វដែលត្រូវប្រពន្ធរត់តាមប្រុសថ្មី ធ្វើឱ្យឈឺចិត្តរហូតក្អួតឈាមស្លាប់នោះ មានឈ្មោះប៉ែន សុផាត ស្លាប់ក្នុងអាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិត្រពាំងប្រិយ ឃុំសឹង្ហ ស្រុកសំរោង។

តាមសម្តីលោកយាយសៀង ភឿន អាយុ ៦៤ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់បុរសអភ័ព្វ ប៉ែន សុផាត បានរៀបរាប់ប្រាប់ថា គាត់មានប្តី ឈ្មោះ អ៊ូ សុខុម (ស្លាប់) និងមានកូនចំនួន៧នាក់ (ប្រុស៥ ស្រី២) ចំណែកកូនប្រុសដែលត្រូវប្រពន្ធរត់ ចោលឈឺចិត្តពេក រហូតដល់ក្អួតឈាមស្លាប់នេះ គឺជាកូនពៅក្នុងគ្រួសារ និងមានប្រពន្ធឈ្មោះហឹង ស្រីមុំ សព្វថ្ងៃអាយុ២២ឆ្នាំ និងមានកូនស្រីម្នាក់ជាចំណងនិស្ស័យ ក្រោយពីរួមរស់ជាប្តីប្រពន្ធនឹងគ្នាអស់រយៈពេល៣ឆ្នាំ។

លោកយាយសៀង ភឿន បន្តថា តាមពិតកូនប្រុសគាត់ កាលពីក្មេងរៀនសូត្របានតិចណាស់ មិនទាំងចប់បឋមសិក្សាផង លុះដល់ធំពេញវ័យកំលោះ គេក៏ចាប់ចិត្តស្រលាញ់នាង ហឹង ស្រីមុំ ដែលរស់នៅភូមិជាប់គ្នា ដោយចិត្តឯង គ្មានម៉ែឪណាចង្អុលបង្ហាញឬផ្សំផ្គុំនោះទេ ក្រោយមកកូនប្រុសនេះ បានមករំអុកសុំឱ្យពួកគាត់ចូលស្តីដណ្តឹងនាងហឹង ស្រីមុំ រៀបការ ទើបគាត់បានបំពេញតាមបំណងកូនប្រុសទៅ។ ក្រោយពេលរៀបការរួច ឪពុកម្តាយខាងស្រីបាននាំគ្នាចេញទៅនៅភ្នំពេញអស់ ដោយទុកឱ្យកូនស្រី និងប្តី ទើបរៀបការថ្មោងថ្មី រស់នៅផ្ទះក្នុងស្រុកកំណើតដើម្បីប្រកបការងារចិញ្ចឹមជីវិត។ ពេលនោះ កូនប្រុសគាត់បានរត់រ៉ឺម៉កម៉ូតូកង់៣ ចំណែកប្រពន្ធចូលធ្វើការរោងចក្រ ប្រឹងពួតដៃគ្នារកប្រាក់រួមរស់យ៉ាងមានសុភមង្គល រហូតបង្កើតបានកូនស្រីម្នាក់ជាចំណងនិស្ស័យ លុះកូនធំបន្តិច ក៏យកទៅឱ្យម្តាយបង្កើតរបស់នាងហឹង ស្រីមុំ រស់នៅភ្នំពេញជាអ្នកជួយមើលថែ។

លោកយាយភឿន បានឱ្យដឹងទៀតថា ក្រោយមកដោយសារតែរត់រ៉ឺម៉កម៉ូតូកង់បីនៅស្រុកមិនសូវកាក់កប ទើបកូនប្រុសរបស់គាត់ បានចេញទៅរកស៊ីនៅភ្នំពេញវិញម្តង ដោយទុកឱ្យប្រពន្ធនៅផ្ទះធ្វើការងាររោងចក្រដដែល។ លុះពេលរស់នៅបែកប្តីយូរ ស្រាប់តែនាងហឹង ស្រីមុំ ចាប់ផ្តើមបែកគំនិត ក្បត់ចិត្តផិតប្តី ដោយលួចទាក់ទងគ្នាជាមួយនឹងបុរសម្នាក់ឈ្មោះខ្វៃ ជាមនុស្សមានប្រពន្ធ និងកូនម្នាក់រួចទៅហើយ ដោយចេះតែស្កាត់ជួបគ្នារួមរ័កយ៉ាងត្រេកត្រអាល។ រីឯកូនប្រុសគាត់ឯណោះវិញ នៅភ្នំពេញ ប្រឹងតែរត់រ៉ឺម៉កម៉ូតូកង់៣ រកលុយផ្ញើមកឱ្យប្រពន្ធមិនដែលខាន សុខចិត្តអត់ហូបខ្លួនឯងឱ្យតែសល់លុយផ្ញើឱ្យប្រពន្ធច្រើន ដោយមិនដឹងថា ប្រពន្ធកំពុងលួចលាក់ក្បត់ក្រោយខ្នងនោះទេ។

លោកយាយភឿន បានបន្ថែមថា ស្រាប់តែមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កូនប្រសាស្រីរបស់គាត់ គឺនាងហឹង ស្រីមុំ បានពង្រត់គ្នាជាមួយប្រុសសហាយនោះបាត់ ដោយមិនដឹងទៅដល់ណា រហូតដល់៦ថ្ងៃក្រោយមក ទើបវិលចូលស្រុកវិញ និងថែមទាំងបានទៅដាក់ពាក្យបណ្តឹងសុំលែងលះកូនប្រុសគាត់ជាប្តី ដោយអះអាងថា មានទំនាស់ក្នុងគ្រួសារ ធ្វើឱ្យកូនប្រុសរបស់គាត់ភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ ទើបដឹងថា ប្រពន្ធលួចក្បត់ចិត្តគេ មានប្រុសសហាយ ហើយថែមទាំងហ៊ានប្តឹងលែងប្តីទៀត។ ក្រោយមកដោយសារតែការលែងលះមានការប្រទាំងប្រទើសមិនដាច់ស្រេច ទើបនាងហឹង ស្រីមុំ បានរត់តាមប្រុសឈ្មោះខ្វៃនោះទៅបាត់ស្រមោល ដោយមិនដឹងថា ទៅដល់ណា ទោះជាប្តីព្យាយាមតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ។
លោកយាយជាម្តាយបុរសអភ័ព្វត្រូវប្រពន្ធ ផិត បានបញ្ជាក់ថា តាំងពីប្រពន្ធរត់តាមប្រុសថ្មីបាត់មក កូនប្រុសរបស់គាត់ ធ្វើការរកស៊ីអ្វីក៏លែងនឹងដៃ ទើបវិលត្រឡប់មករស់នៅផ្ទះជាមួយគាត់ជាម្តាយវិញ និងចេះតែកើតទុក្ខ អង្គុយសញ្ជប់សញ្ជឹងជារៀងរាល់ថ្ងៃ បាយក៏មិននឹក ទឹកក៏មិនស្រេក រហូតដល់ធ្លាក់ខ្លួនឈឺ ដេកដួលលើកន្ទេលយប់ឡើង ចេះតែរវើរវាយ ស្រែកហៅឈ្មោះប្រពន្ធមិនឈប់ ទីបំផុតមិនបានប៉ុន្មាន កូនប្រុសរបស់គាត់ ក៏បានក្អួតឈាមស្លាប់យ៉ាងអាណោចអាធ័មតែម្តង ធ្វើឱ្យពួកគាត់ជាក្រុមគ្រួសារអាណិតស្រណោះកូនប្រុសនេះខ្លាំងណាស់ មិនគួរណាមានវាសនាអភ័ព្វ ត្រូវប្រពន្ធក្បត់ចិត្តយ៉ាងនេះសោះ ទាំងដែលខ្លួនជាប្តីមិនធ្លាប់ធ្វើអ្វីខុសឆ្គងចំពោះប្រពន្ធសោះ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួននាងហឹង ស្រីមុំ បាននៅឡើយទេ។ យ៉ាងណាយើងរង់ចាំការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES