ទឹម រដ្ឋា ប្រឈមប្រេះឆាសង្សារទី៣

ទឹម រដ្ឋា មើលលែងឃើញហើយប្រុសខ្មែរ ទាំងឡាយ ដែលចង់សាសងសុំស្នេហ៍នាងនោះ ប្រហែលជាគ្មានផ្លូវទេ ព្រោះតារារាងខ្ពស់ស្រឡះរូបនេះ មើលមិនចូលភ្នែកឡើយ ប្រុសល្អិតទាបៗ គឺនាងស្នេហាតែប្រុសខ្ពស់ស្រឡះ មាឌមាំ សាច់ដុំធំៗ។

ទឹម រដ្ឋា ដែលបរាជ័យស្នេហ៍២លើកផ្ទួនៗនោះ ហាក់នៅតែមិនច្បាស់លាស់រឿងចូលរោងការដដែល ស្របពេលដែលសង្សារថ្មីនាងកំពុងតែចាប់ផ្តើមប្រចណ្ឌដូចសង្សារចាស់ទៀតហើយ ទើបធ្វើឱ្យរដ្ឋា អាចប្រឈមនឹងការជួបវិបត្តិស្នេហ៍ជាលើកទី៣ បើសិនជានាងមិនអើពើរឿងរៀបការទៀត…។

ទឹម រដ្ឋា ដែលមានបុរសជាមន្ត្រីធំៗ ក្នុងនោះមានទាំងលោកផ្កាយ៤ ល្បីឈ្មោះម្នាក់ផង តាមស្នេហ៍ តែបែរជាអ្នកសម្តែង និងបង្ហាញម៉ូដរូបនេះ មិនយកភ្នែកមើលឡើយ ហើយបែរជាអះអាងថា គ្មាននិស្ស័យស្នេហ៍ទៅវិញ ព្រោះនាងចាប់ចិត្តតែប្រុសអឺរ៉ុប ដែលធ្វើឱ្យប្រុសៗក្នុងស្រុកខកចិត្តនោះ ចំណងស្នេហ៍ខុសសាសន៍របស់នាង បានធ្វើឱ្យរដ្ឋា រងទឹកភ្នែក២លើកមកហើយនោះ គឺស្នេហ៍ទី១. ជាមួយប្រុសប៉ាគីស្ថាន បានតែ៣ឆ្នាំ ក៏បែកបាក់ស្នេហ៍ ទី២. ប្រុសប្រេស៊ីល បានតែមួយប្រាវ ក៏ចែកផ្លូវគ្នាដើរកណ្តាលផ្លូវ ដែលធ្វើឱ្យនាងសឹងតែស្បថឈប់ស្រលាញ់ប្រុសបរទេសទៀតផង ព្រោះតែមានមិត្តភក្តិនាងបានឱ្យដំបូន្មានថា ប្រុសក្នុងស្រុកមើលមិនគ្រប់ជ្រុងផង ចុះទម្រាំប្រុសនៅបរទេស តើទុកចិត្តម៉េចបានទៅ? ប៉ុន្តែ ដោយចង់ស្វែងរកស្នេហ៍ស្មោះ និងសាកល្បងជាមួយប្រុសបរទេសជាថ្មីទៀត ព្រោះនាងមិនជឿថា ក្នុងលោកនេះមិនដែលគ្មានប្រុសស្មោះស្នេហ៍នោះ ទើបទីបំផុត នៅចុងក្រោយនេះ ទឹម រដ្ឋា នៅតែផ្គើនការដាស់តឿនរបស់មិត្តភក្តិ ហើយនាងជ្រើសយកប្រុសស្នេហ៍ថ្មី ជាប្រុសអាមេរិក ម្តងវិញ។ ចំណងស្នេហ៍ទី៣នេះ ទឹម រដ្ឋា មានភាពផ្អែមល្ហែមស្នេហ៍មិនចាញ់ពេលសាងស្នេហ៍ជាមួយអតីតសង្សារទាំង២មុនឡើយ ទើបធ្វើឱ្យតារារូបនេះស្រលាញ់ប្រុសអាមេរិក អស់ពីពោះ ហើយតាមព័ត៌មានចុងក្រោយថា ប្រុសអាមេរិកនោះ បានសុំរដ្ឋា រៀបការនៅឆ្នាំ២០១៨នេះទៀតផង តែរដ្ឋា ដែលធ្លាប់ដំបៅបេះដូង២លើកមកហើយនោះ បែរជានៅស្ទាក់ស្ទើរក្នុងចិត្ត ហើយមិនចង់ចូលរោងការទៅវិញ?

អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅទឹម រដ្ឋា កាលពីពេលថ្មីៗនេះ តែត្រូវបានម្តាយមីងរបស់នាងបានលើកជំនួស ហើយថា មិនដឹងរឿងក្មួយស្រីរៀបការឡើយ ព្រោះរដ្ឋា មិនដែលប្រាប់។

ម្តាយមីងរដ្ឋា ថ្លែងថា “អូ! ឥឡូវរដ្ឋា កំពុងរវល់ មិនអាចនិយាយទូរស័ព្ទបានទេណា៎! តែខ្ញុំមិនដែលឮរដ្ឋា និយាយរឿងរៀបការអីទេ។ ខ្ញុំមិនដឹងរឿងរៀបការហ្នឹងទេ!”។

តាមព័ត៌មានដែលបង្ហើបប្រាប់ពីអ្នកដែលស្និទ្ធជាមួយទឹម រដ្ឋា បានឱ្យដឹងថា ពេលនេះរដ្ឋា បានវិលត្រឡប់មកចូលរួមជាសមាជិកក្នុងក្រុមបង្ហាញម៉ូដ CSM វិញហើយ ហេតុនេះហើយបានជាធ្វើឱ្យសង្សារអាមេរិករបស់នាង មានការមិនសប្បាយចិត្ត ព្រោះប្រុសមានពុកមាត់ក្រាស់ រូបនោះ មិនចង់ឱ្យរដ្ឋា ប្រឡូកសិល្បៈ និងការដើរម៉ូដពេញទំហឹងឡើយ។ អ្នកសិល្បៈដែលស្និទ្ធរដ្ឋា នោះ ឱ្យដឹងដែរថា មើលទៅសង្សាររដ្ឋា ពេលនេះហាក់មានចរិតមិនខុសពីសង្សារចាស់២នាក់ របស់នាងមុននោះទេ គឺរឿងប្រចណ្ឌហ្នឹងតែម្តង ហើយបើរដ្ឋា មិនអើពើរឿងចូលរោងការទៀតនោះ ច្បាស់ជាតារារូបនេះ អាចនឹងដើរជាន់ដានស្នេហ៍ចាស់ ដែលប្រឈមនឹងការឈឺផ្សាបេះដូងជាលើកទី៣ ជាមិនខាន។

មីងរបស់ទឹម រដ្ឋា ថ្លែងថា “រដ្ឋា មិនមែនចូលទៅក្រុមបង្ហាញម៉ូដនោះ ដោយចុះកុងត្រាអីទេ គឺបើនៅទំនេរ បានរដ្ឋា ទៅដើរម៉ូដ មិនមែនប្រចាំឱ្យក្រុមណាទេ គ្រាន់តែជួយៗគ្នាប៉ុណ្ណោះ”។

ទឹម រដ្ឋា ធ្លាប់សច្ចាថា នៅពេលដែលនាងមានគូសង្សារថ្មី គឺដាច់ខាតនាងមិនបង្ហាញ និងបណ្តើរជាចំហដូចមុនទៀតឡើយ ព្រោះខ្លាចមានការបែកបាក់គ្នាទៅ គឺនាំខ្មាសគេ ហើយពិបាកក្នុងការប្រឈមជាមួយមិត្តភក្តិ ឬអាជីពសិល្បៈ តែការតាំងចិត្តនោះត្រូវបរាជ័យទាំងស្រុង ព្រោះតែប្រុសអមេរិករូបនោះ គឺចង់បណ្តើរនាងជាចំហ ដើម្បីកុំឱ្យប្រុសផ្សេងនៅតាមស្រលាញ់រដ្ឋា អីចឹងហើយបានជាពេលនេះ ពួកគេទៅណាក៏ដូចលលកញីឈ្មោលដែរ។

ប្រភពបានឱ្យដឹងថា ក្នុងចំណោមសង្សារចាស់ទាំង២នាក់ ដែលប្រេះឆាជាមួយទឹម រដ្ឋា នោះ គឺមានតែសង្សារទី១របស់នាង លោក Zak Ky ដែលជាប្រុសប៉ាគីស្ថាន នោះទេ ដែលព្យាយាមចង់វិលត្រឡប់មកជួបជុំគ្នាជាមួយរដ្ឋា សាជាថ្មីវិញ ដោយពេលខ្លះបានស្កាត់ជួបនៅក្លឹបទៀតផង តែរដ្ឋា ព្យាយាមគេច ព្រោះថា ពេលនេះ នាងរកបានសង្សារថ្មី ជាប្រុសអាមេរិក មានពុកមាត់ក្រាស់នោះ រូបស្អាត និងសង្ហាដាច់ជាងប្រុសប៉ាគីស្ថាន នោះតែម្តង។

ក្រៅពីទឹម រដ្ឋា តារាដែលមានគូស្នេហ៍ជាប្រុសបរទេស មានដូចជា ខៀវ សានសាណា, អឿន ដាលីស, ទូច ស្រីលក្ខណ៍, ផូ មុនីពៅ, កែវ ស្រីនាង ជាដើម ដែលពេលនេះ ពួកគេមានការរស់នៅបែបជាអ្នកប៉ែកអឺរ៉ុបច្រើនជាងខ្មែរ។ ដោយឡែក ទឹម រដ្ឋា ហាក់មិនចង់លាភាពនៅលីវ ដោយចូលក្រាបផ្ទឹមជាមួយប្រុសអាមេរិក នៅពេលនេះឡើយ អីចឹងហើយបានជាមានអ្នកខ្លះថា តារាខ្ពស់ស្វែលរូបនេះ អាចនឹងពិចារណាតំណែងជំទាវផងដែរ ប្រសិនបើនាងមិនចុះសម្រុងជាមួយប្រុសអាមេរិក នោះ ព្រោះមានលោកផ្កាយ៤ម្នាក់ នៅរង់ចាំត្រងស្នេហ៍រដ្ឋា ដែរ៕