Friday, April 26, 2024
Homeព័ត៌មានជាតិមិនព្រមផឹកស្រា ត្រូវអំពើគេឈឺធ្ងន់

មិនព្រមផឹកស្រា ត្រូវអំពើគេឈឺធ្ងន់

ទោះបីជាវិទ្យាសាស្ត្រ មានការរីកចម្រើន មនុស្សអាចឡើងឋានព្រះចន្ទបាន និងក្មេងសម័យថ្មី ក៏មិនជឿជំនឿអរូបីក្តី ប៉ុន្តែមន្តអាគមអូមអាមអំពើអាបធ្មប់នៅ តែមាន និងតាមយាយីជីវិតប្រចាំថ្ងៃប្រជាជនខ្មែរ ស្រុកស្រែចម្ការជាហូរហែ។ តួយ៉ាង បុរសម្នាក់នេះ គ្រាន់តែមិនចូលរួមផឹក ស្រា តាមការអញ្ជើញរបស់គេ ក៏ត្រូវគេ អន់ចិត្តចងគំនុំ ធ្វើអំពើដាក់ឱ្យធ្លាក់ខ្លួនឈឺ ធ្ងន់ប៊ិះក្ស័យជីវិត…។

លោកយ៉ាន់ សម្បត្តិ អាយុ៣១ឆ្នាំ រស់នៅភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា លោកជាកូនទី៣ ក្នុងចំណោមបងប្អូន៧នាក់ ដែលឪពុក មានឈ្មោះយ៉ាន់ យ៉ន អាយុ៦០ឆ្នាំ ម្តាយឈ្មោះទ្រី ស៊ឹមគ្រី (ស្លាប់)។ លោកមានប្រពន្ធឈ្មោះដែន មករា អាយុ២៩ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ជាត្រួយជីវិត។ តាំងពីដើមមក គ្រួសាររបស់លោកមិនដែលបង្កជម្លោះជាមួយ អ្នកជិតខាងណាម្នាក់ឡើយ តែងរក្សាចំណងមិត្តភាពល្អជាមួយ មនុស្សដែលនៅជុំវិញខ្លួនទាំងអស់ ពោលគឺគ្រួសារលោក សន្សំតែសេចក្តីសុខ និងខំប្រឹងរកស៊ីតាមកម្លាំងរបស់ខ្លួនក្នុងផ្លូវល្អ ទៀងត្រង់ មិនកេងប្រវ័ញ្ចចង់បានទ្រព្យសម្បត្តិរបស់បងប្អូន ណាឡើយ។ ទន្ទឹមនឹងនោះ ជីវភាពគ្រួសារលោកក៏ធូរធារ មាន មុខមាត់ម្នាក់នៅក្នុងស្រុកភូមិ រស់នៅសមរម្យនឹងគេដែរ។

លោកយ៉ាន់ សម្បត្តិ

លោកសម្បត្តិ បន្តថា តាំងពីដើមមក លោកមានសុខភាព រឹងមាំល្អណាស់ មិនដែលឈឺថ្កាត់យប់ព្រលប់ម្តងណាឡើយ យ៉ាងច្រើនត្រឹមគ្រុនក្តៅ ឬគ្រុនផ្តាសាយបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក្រោយពីមានបញ្ហាប៉ះពាក្យសម្តីជាមួយអ្នកស្រុកក្នុង វង់ផឹកស៊ីកាលពីចុងឆ្នាំ២០១៥មក លោកបានធ្លាក់ខ្លួនឈឺជា ទម្ងន់ស្ទើរតែរក្សាជីវិតមិនបាន។ តាមពិតទៅនៅថ្ងៃនោះ គ្មាន រឿងអ្វីធំដុំទេ ពោលគឺនៅពេលដែលលោកកំពុងធ្វើដំណើរទៅ ចាំចម្ការនោះ ស្រាប់តែមានបុរសម្នាក់ (សុំមិនបញ្ចោញឈ្មោះ) ដែលកំពុងអង្គុយព័ទ្ធវង់ជល់កែវក្នុងនោះ បានស្រែកហៅលោក ឱ្យអង្គុយផឹកស្រាជាមួយគេ តែលោកប្រាប់ទៅវិញថា មិនអាច នៅផឹកស្រាបានទេ ព្រោះថ្ងៃនេះប្រញាប់ទៅចាំចម្ការ ខ្លាចមាន សត្វគោក្របីចូលស៊ីបំផ្លាញដំណាំអស់ ប៉ុន្តែបុរសម្នាក់នោះមិន ព្រមឱ្យលោកបន្តដំណើរទៅចម្ការឡើយ គឺនៅតែចាប់បង្ខំឱ្យ លោកអង្គុយផឹកស្រាជាមួយគេដដែល ទើបបានជាទាស់សម្តី គ្នាតែម្តងទៅ ទាល់តែមានអ្នកទី៣ចូលមកអន្តរាគមន៍ ទើប លោកអាចបន្តដំណើរទៅចាំចម្ការបាន។

លោកយ៉ាន់ សម្បត្តិ ពេលសម្រាកព្យាបាលជំងឺ

បុរសត្រូវអំពើគេរូបនេះបន្តទៀតថា លុះរយៈពេល៣ ថ្ងៃក្រោយមក លោកចេះតែចាក់ដោតក្នុងខ្លួនឈឺក្នុងដើមទ្រូង រហូតទ្រាំមិនបាន ប្រពន្ធនាំទៅមន្ទីេពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យព្យាបាល តែគ្រូពេទ្យជំនាញបញ្ជាក់ថា លោកមិនមានជំងឺអ្វីឱ្យធ្ងន់ធ្ងរឡើយ គ្រាន់តែខ្សោយបេះដូង និងធ្វើការងារ ធ្ងន់ ហូបចុកមិនបានគ្រប់គ្រាន់។ តែទោះជាលោកខំប្រឹង លេបថ្នាំតាមវេជ្ជបញ្ជាយ៉ាងណា ក៏មិនបានធូរស្រាលដែរ ទើបបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តទៀត ដោយមានការឆ្លុះអេកូ ជោះឈាមយកទៅពិនិត្យទៀត ផង នៅតែរកមិនឃើញប្រភេទជំងឺនៅក្នុងខ្លួនរបស់លោក ដដែល។ ទើបប្អូនស្រីរបស់លោកមានការសង្ស័យ ក៏ នាំលោកមកព្យាបាលជាមួយគ្រូមន្តអាគមវិញម្តង ដោយ គ្រូបញ្ជាក់ថា លោកត្រូវមន្តអាគមរបស់គេ តែគ្រូទាំង អស់សុទ្ធតែមានមន្តអាគមខ្សោយមិនអាចបន្សាបអំពើ ដែលនៅក្នុងខ្លួនរបស់លោកបានឡើយ។ តែយ៉ាងណា ឱ្យតែល្បីគ្រូណាខ្លាំង លោកស្កាត់ទៅជួបព្យាបាល រហូត ដល់ខេត្តក្រចេះ កំពង់ធំ និងស្ទឹងត្រែង ទៀតផង តែអាការ ជំងឺរបស់លោកបានធូរស្បើយនៅតែមុខគ្រូប៉ុណ្ណោះ លុះពេលវិលត្រលប់ចូលដល់ផ្ទះវិញ គឺធ្វើទុក្ខវិញដដែល បើគិតមកដល់សព្វថ្ងៃនេះ មានរយៈពេល១ឆ្នាំហើយ ដោយ អស់ប្រាក់ជាច្រើនលានរៀល។ ទើបតែជួបជាមួយគ្រូមន្តអាគម ចុងក្រោយនេះ ដែលហ៊ានធានាបន្សាបអំពើ អំព័ន្ធនៅក្នុងខ្លួនលោកបាន១០០ភាគរយ ដោយមិន យកប្រាក់កម្រៃអ្វីឡើយ ហើយជាលទ្ធផល គឺក្នុងខ្លួន លោកបានធូរស្បើយច្រើនមែន។

អ្នកស្រីមាស ធឿន

នាងយ៉ាន់ នីកូ អាយុ១៨ឆ្នាំជាប្អូនស្រី បានឱ្យដឹងថា កាលដើមឡើយ នាងមិនជឿលើជំនឿអរូបីអំពើអំព័ន្ធ មន្តអាគម អាបធ្មប់អ្វីឡើយ ប៉ុន្តែក្រោយពីបងប្រុស របស់នាងរងគ្រោះក្រោមអំណាចមន្តអាគមរបស់គេ ទើបនាងជឿថា នៅលើលោកនេះ ពិតជាមានអំពើ អាបធ្មប់មែន។ នាងជឿថា អ្នកដែលរកគ្រូធ្មប់ដាក់ អំពើបងប្រុសនាងឱ្យឈឺធ្ងន់ គឺមកពីច្រណែនឈ្នានីសរកស៊ីមិនឡើងដូចបងប្រុសនាង ដោយគេធ្វើក្នុង បំណងផ្តាច់សង្ខារបងប្រុសនាងចោលតែម្តង តែ ដោយសារទឹកដោះម្តាយថ្លៃ ទើបបងប្រុសនាងអាច រក្សាជីវិតបានមកដល់ថ្ងៃនេះ ហើយនាងសង្ឃឹមថា លោកគ្រូមន្តអាគមឈ្មោះស៊ឹម លន់ ដែលកំពុងព្យាបាលជំងឺបងប្រុសសព្វថ្ងៃនេះ នឹងមានសមត្ថភាភាព អាចបន្សាបអំពើនៅក្នុងខ្លួនបងប្រុសនាងបាន។ បើតាមគ្រូប្រាប់ បងប្រុសនាងត្រូវអំពើ ខាបព្រលឹង ទៅចងជាមួយអ្នកណាហើយ លោកគ្រូបានធ្វើបារមី ផ្លូវងងឹត ទៅចរចាយកព្រលឹងបងប្រុសត្រឡប់មកវិញ ប៉ុន្តែនាងចេះតែបារម្ភខ្លាចអ្នកដែលព្យាបាលបង ប្រុសនាងមិនបញ្ឈប់ទង្វើអាក្រក់របស់ខ្លួន មកលើ បងប្រុសនាង។

លោកហ៊ន ម៉ៅ

លោកហ៊ន ម៉ៅ អាយុ២២ឆ្នាំ ជាមិត្តភក្តិបាន ឱ្យដឹងថា លោករាប់អានធ្វើជាក្លើជាមួយលោកសម្បត្តិ យូរហើយៗ ពួកម៉ាកម្នាក់នេះមានចរិតស្លូតបូត ណាស់ មិនចេះរករឿងឈ្លោះប្រកែកជាមួយអ្នកណាឡើយ។ លោកមិនយល់ពីអារម្មណ៍អ្នកដែលធ្វើអំពើ របស់ម្នាក់នោះ គ្រាន់តែប៉ះទង្គិចត្រឹមពាក្យសម្តីគ្នា បន្តិចបន្តួចសោះ ដោយសារមិនបានចូលព័ទ្ធវង់ ផឹកស្រាជាមួយគ្នាប៉ុណ្ណោះ។
អ្នកស្រីមាស ធឿន អាយុ៥៤ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងថា នៅក្នុងស្រុកដែលគាត់កំពុងរស់នៅ នេះមានអ្នករៀនមន្តអាគម អំពើអំព័ន្ធច្រើនណាស់ ហើយតែងសាកល្បងធ្វើឱ្យមនុស្សស្លាប់ជាហូរហែ គឺឈឺភ្លាមស្លាប់ភ្លាមតែម្តង។ រីឯលោកសម្បត្តិ វិញ ចាត់ទុកជាសំណាងហើយដែលគេមិនធ្វើឱ្យស្លាប់ គ្រាន់តែធ្លាក់ខ្លួនឈឺធ្ងន់ ដើររកគ្រូព្យាបាលអស់ត្រឹម ទ្រព្យសម្បត្តិលុយកាក់ប៉ុណ្ណោះ។

នាងយ៉ាន់ នីកូ

គួរបញ្ជាក់ថា មន្តអាគមអំពើអំព័ន្ធមាននៅក្នុង សង្គមខ្មែរជាយូរយារណាស់មកហើយ។ អ្នកដែល ចេះមន្តអាគមទាំងនេះ ភាគច្រើនរស់នៅតាមស្រុក ស្រែចម្ការ និងមានជីវភាពមិនធូរធារឡើយ។ មាន គ្រូធ្មប់មួយចំនួនអាចបញ្ជាខ្មោចព្រាយបិសាចឱ្យទៅ ធ្វើបាបតាមយាយីគូទំនាស់ ប៉ុន្តែមិនអាចបញ្ជា យក អង្ករមាសប្រាក់លុយឱ្យខ្លួនបានឡើយ មានថ្ងៃខ្លះ គ្រូនោះ អត់អង្ករច្រកឆ្នាំងដាំបាយ ឱ្យប្រពន្ធហូបក៏មានដែរ…”៕

RELATED ARTICLES