ខ្មាន់កាំភ្លើងបាញ់ធ្លាយគូទឌីជេ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅខេត្តកំពង់ធំ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ បណ្តាលឲ្យឌីជេម្នាក់រងរបួស ធ្លាយគូទ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅខេត្តកំពង់ធំ៕

ខ្មាន់កាំភ្លើង ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ដោយមានការសហការជាមួយ​កម្លាំងនគរបាល​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខេត្តកំពង់ធំ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន២នាក់ ក្នុងចំណោមបក្ខពួកទាំងអស់៣នាក់។

លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បន្ថែមថា ពេលនេះដែលកម្លាំងនគរបាលជំនាញរបស់លោកកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ យ៉ាងយកចិត្តទុកដាក់ផងដែរ ពេលនេះជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងតែសួរចម្លើយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

គួររំលឹកថា ​នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីបាញ់ប្រហារមួយ បណ្ដាលឲ្យឌីជេម្នាក់ធ្លាយគូទ រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ភ្លាមៗនោះដែរ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ដែលជាឌីជេដូចគ្នា នាំមកសាកសួរ ហើយនៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ជាខ្មាន់កាំភ្លើង នៅក្នុងខេត្តកំពង់ធំ មកសាកសួរ៕