Sunday, January 12, 2025
Homeសង្គម និងជីវិតប្តីមកទាន់ឃើញផឹកស៊ីជាមួយប្រុសៗ ផ្ទុះជម្លោះ ប្រពន្ធទាញកាំបិតចាក់

ប្តីមកទាន់ឃើញផឹកស៊ីជាមួយប្រុសៗ ផ្ទុះជម្លោះ ប្រពន្ធទាញកាំបិតចាក់

ខេត្តប៉ៃលិន ៖ ពាក្យចាស់ផ្តាំទុកថា បុរសមានប្រពន្ធ២ វេទនាចិត្តណាស់ ព្រោះតែពួកនាងច្រណែនឈ្នានីសគ្នា ប៉ុន្តែបើមានប្រពន្ធ៣ ស្រួលទៅវិញ កុំតែប្រពន្ធ៤ វាគ្រប់ដងស្នែង ចាំតែសែងប្តីទៅកប់។ ដោយឡែកបុរសម្នាក់នេះ បានយកប្រពន្ធពីរនាក់ មិនចេះចែកវេនឱ្យ ស្មើភាពគ្នា ទីបំផុតក៏ផ្ទុះជម្លោះជាមួយប្រពន្ធចុង រឿងនាងផឹកស៊ីជាមួយប្រុសចាក់២កាំបិត វិះក្ស័យ។

ហេតុការណ៍ ស្ត្រីជើងខ្លាំងហ៊ានចាក់ប្តីនឹងកាំបិតចិតបន្លែនេះ បានកើតឡើងនៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិចម្ការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន កាលពីយប់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះពិន បេ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធពីរនាក់ គឺប្រពន្ធដើមមានឈ្មោះតេង រ៉ង អាយុ៤៦ឆ្នាំ មុខរបរធ្វើចម្ការ បច្ចុប្បន្នរស់នៅភូមិឆេះបានឡាំង ឃុំអធីបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានកូន៤នាក់ ក្នុងបន្ទុក។ ចំណែកប្រពន្ធចុង មានឈ្មោះរុន ស្រី អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតក្នុងភូមិជាមួយប្រពន្ធដើមដែរ និងមានកូនប្រុសម្នាក់ ទើបមានអាយុជាង ២ខែប៉ុណ្ណោះ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា កន្លងមកជនរងគ្រោះ ជាបុរសជិះទូក២ ឈ្មោះពិន បេ ទោះជាមានប្រពន្ធដើម និងមានកូនធំទន្ទឹមស្មាអស់ទៅហើយ ក៏នៅតែឆ្លៀតសៅគ្រី រហូតជាប់ អន្ទាក់ស្នេហ៍ប្រពន្ធចុង រើខ្លួនមិនរួច ពេលរកលុយបានពីការធ្វើសំណង់ ច្រើនតែធ្លាក់ទៅដល់ដៃប្រពន្ធចុង ច្រើនជាងប្រពន្ធដើម។ នាងទី២នោះគ្មានមុខរបរអ្វីទេ ព្រោះអាងប្តីចិញ្ចឹម ឱ្យតែមានឱកាសល្អក៏ចេញពីផ្ទះទៅអង្គុយព័ទ្ធវង់ផឹកជាមួយប្រុសៗ មិនខ្វល់ពីកម្លាំងញើសឈាមប្តី ហើយរវាងប្រពន្ធទាំងពីរនេះ មិនត្រូវធាតុគ្នាទេ។ នៅពេលប្រពន្ធទី២ ទើបឆ្លងទន្លេសរសៃខ្ចី ទើបបុរសជាប្តីងាកទៅប្រពន្ធដើមវិញ ព្រោះប្រពន្ធនេះ អាចបម្រើតណ្ហាប្តីបាន ដូច្នេះលុយកាក់ដែលមានក្នុងហោប៉ៅ ក៏ត្រូវប្រពន្ធដើមខ្វេះយកអស់ មិនបានដល់ដៃប្រពន្ធចុងដូចមុន។ លុះមកដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៩យប់ បុរសជាប្តីបានចេញពីធ្វើការសំណង់ ក៏ស្កាត់ទៅផ្ទះប្រពន្ធចុង ដោយគិតថា នាងឆ្លងទន្លេបានជាង២ខែទៅហើយ ល្មមប្រើប្រាស់បានវិញ ប៉ុន្តែមុននឹងមក ខ្លួនបានទូរស័ព្ទឱ្យនាងដឹងមុន តែនាងមិនព្រមលើកទូរស័ព្ទ។ លុះបុរសជាប្តីបានមកដល់ ក៏ឃើញប្រពន្ធកំពុងព័ទ្ធវង់ជល់កែវជាមួយប្រុសៗជាអ្នកជិតខាង ក៏ផ្ទុះកំហឹង ស្តីបន្ទោសថា ប្តីហៅទូរស័ព្ទមកមិនព្រមលើក ហើយបាយទឹកមិនធ្វើទទួលប្តី គិតតែផឹក។ ប្រពន្ធក៏ឡងវិញថា បានអីទិញម្ហូប បើប្តីមិនដែលឱ្យលុយ រកបានប៉ុន្មានយកទៅឱ្យប្រពន្ធដើមអស់ៗ រួចមកទារបាយស៊ីអី។ ជម្លោះនេះ ក៏ក្លាយទៅជាការជេរបញ្ចោរគ្នាផ្អើលអ្នកជិតខាង ហើយទីបំផុត ស្រាប់តែប្រពន្ធចុងទប់កំហឹងមិនបាន ក៏ទាញបានកូនកាំបិតចិតផ្លែឈើ ចាក់ប្តីត្រូវកំប៉េះគូទ១កាំបិត និងបំពង់កមួយកាំបិត ឈាមស្រោចខ្លួន រងរបួសធ្ងន់ ត្រូវបានអ្នកជិតខាងជួយដឹកទៅព្យាបាលនៅមន្ទីរពេទ្យទាំងយប់។ អ្នកភូមិក៏បានរាយការណ៍ទៅសមត្ថកិច្ច ឱ្យមកនាំខ្លួនស្រីដៃដល់ទៅសាកសួរដែរ ប៉ុន្តែបានដោះលែងវិញ ដោយសារភាគីប្តីមិនដាក់ពាក្យបណ្តឹង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានហេតុការណ៍ផ្ទុះអំពើហិង្សា ប្រពន្ធចុងចាក់ប្តី២កាំបិតមក សមត្ថកិច្ចបានឃាត់ខ្លួនស្រីដៃដល់ បញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ទួលល្វា និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន។ ប៉ុន្តែដោយសារតែភាគី ប្តីរងរបួសមិនសូវធ្ងន់ (ចាក់ត្រូវជ្រិះបំពង់ក) និងមិនបានដាក់ពាក្យបណ្តឹង ទើបសមត្ថកិច្ច គ្រាន់តែតម្រូវឱ្យស្រីដៃដល់ធ្វើកិច្ចសន្យា ផ្តិតមេដៃ ឈប់ប្រព្រឹត្តបទល្មើសបែបនេះទៀត រួចបានដោះលែងឱ្យវិលទៅផ្ទះវិញ ព្រោះមានកូនខ្ចីនៅបៅដោះ។ រីឯបុរសជាប្តីកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត សង្ឃឹមបានជាសះស្បើយក្នុងពេលឆាប់ៗនេះ។

មជ្ឈដ្ឋានប្រជាពលរដ្ឋមួយចំនួនបានឱ្យដឹងស្របគ្នាថា ជម្លោះរវាងប្តីនិងប្រពន្ធចុងនេះ ទោះជាមិនដល់ថ្នាក់ប្តឹងផ្តល់ ឬលែងលះគ្នាក៏ចាត់ទុកជាមេរៀនជីវិត សម្រាប់បុរសជិះទូក២ ឬស្មាមួយអំរែកពីរឱ្យមានការប្រុងប្រយ័ត្ន ព្រោះប្រពន្ធចុង ត្រូវការតែប្រាក់ បើប្តីគ្មានលុយឱ្យគេ កុំចង់ទៅដេកជាមួយគេ អត់ស្រួលទេ ព្រោះគេព្រមធ្វើប្រពន្ធចុង ដើម្បីតែលុយហ្នឹងឯង។ ចំណែកបុរសរងគ្រោះខាងលើនេះ ទោះជាបានជាសះស្បើយ ក៏បាក់ស្បាតខ្លាចប្រពន្ធចុង លែងសូវហ៊ានទៅជិត ប៉ុន្តែដោយសារមានកូន១ជាប់ចំណងកម្ម ទោះជាប្រឹងគេចពីប្រពន្ធចិត្តភ្លើងនេះ ក៏គេចមិនរួចដែរ មានតែទ្រាំតាមយថាកម្មទៅចុះ៕

RELATED ARTICLES