ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់ជនសង្ស័យបានចំនួន៥នាក់ ពីបទចូលលួចសម្លៀកបំពាក់ក្នុងរោងចក្រមួយកន្លែងអស់១៧,៨០០ខោ ត្រូវស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់។ ជនសង្ស័យបានប្រព្រឹត្តចោរកម្មនេះ កាលពីយប់រំលងអធ្រាត្រ ចូលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងរោងចក្រ “ដាលី” ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ថៅកែរោងចក្របានធ្វើការត្រួតពិនិត្យផលិតផល ឃើញមានបាត់ខោជាច្រើន ក៏បានដាក់ពាក្យបណ្តឹងទៅមូលដ្នានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដែលដើមបណ្តឹងឈ្មោះ អេណា (Ana) ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិចិន និងជាតំណាងថៅកែ រោងចក្រ។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរស្រុក បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន និងចាប់ឃាត់បានជនសង្ស័យម្នាក់ និងបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់បន្ថែមទៀតជាបន្តបន្ទាប់ យកមកអង្គភាពធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង៥នាក់ រួមមានទី១-ឈ្មោះទុំ ចាន់នី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិត្រពាំងកន្ទួត ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទី២- ឈ្មោះផន ចាន់ថន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិ-ឃុំកើតហេតុខាងលើ ទី៣-ឈ្មោះអោម វណ្ណដេត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ។ ទី៤-ឈ្មោះ ដួង ដារិទ្ទ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅ ភូមិ-ឃុំកើតហេតុខាងលើ និងទី៥-ឈ្មោះ សាន សាត ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ អ្នកទាំង៥នាក់ គឺជាសន្តិសុខឯកជនយាមក្នុងគោលដៅរោងចក្រកើតហេតុ។
ចំណែកសម្ភារៈបាត់បង់រួមមាន ទី១-ខោទ្រនាប់បុរស ពណ៌លឿង ចំនួន១៧,៨០០ខោ។ ចំណែកវត្ថុតាងសម្រាប់ដាក់បន្ទុក មានខោទ្រនាប់បុរសពណ៌លឿង ចំនួន២ខោ (បន្សល់ទុកនៅកន្លែងកើតហេតុ)។ បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថខេត្តកណ្តាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចាត់ការតាមផ្លូវច្បាប់៕