Sunday, January 12, 2025
Homeសង្គម និងជីវិតគិតខ្លីម្ល៉េះនាងល្អិត! តូចចិត្តបងស្រីដេញចេញពីផ្ទះ លោតទឹកសម្លាប់ខ្លួន

គិតខ្លីម្ល៉េះនាងល្អិត! តូចចិត្តបងស្រីដេញចេញពីផ្ទះ លោតទឹកសម្លាប់ខ្លួន

ភ្នំពេញ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ ព្រោះតែខឹងនឹងបងស្រីរបស់ខ្លួនស្តីបន្ទោស និងបណ្តេញចេញពីផ្ទះ ក៏សម្រេចចិត្តចុះចោលផ្ទះ ដោយបានដើរមកតាំងពីខេត្តព្រៃវែង សំដៅមកភ្នំពេញ ដោយគ្មានគោលដៅ ទីបំផុតក៏បែកគំនិតគិតខ្លី ដើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ក្មេងស្រីដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះរឿន មុំ អាយុ១៧ឆ្នាំ មាន លំនៅក្នុងភូមិព្រែកផ្គាំ ឃុំព្រែកអន្ទះ ស្រុកកំពង់លាវ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្មេងស្រីខាងលើបានដើរទាំងអាការល្ហិតល្ហៃ ទឹកមុខស្រពាប់ស្រពោនទំនងជាអស់សង្ឃឹមនឹងរឿងអ្វីម៉្យាង រួចក៏ដើរសំដៅឡើងទៅលើស្ពានជ្រោយចង្វាថ្មី បន្ទាប់មកក៏ប៉ុនប៉ងលោតចូលទៅក្នុងទឹកទន្លេ ដើម្បីសម្លាប់ខ្លួន ប៉ុន្តែសំណាងល្អត្រូវបានប្រជាពលរដ្ឋ អ្នកដំណើរប្រទះឃើញក៏ជួយឃាត់ និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ឱ្យចុះជួយអន្តរាគមន៍ភ្លាមៗ។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានក្មេងស្រីជំទង់ចង់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា មកសមត្ថកិច្ចក៏ចុះអន្តរាគមន៍នាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីសាកសួរ និងស្រាវជ្រាវស្វែងរកគ្រួសារមកទទួលយកទៅវិញ។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មានក្មេងស្រីខាងលើ មិនព្រមនិយាយស្តីអ្វីទាំងអស់ និងហាក់ដូចជាមានវិបត្តិផ្លូវចិត្តធ្ងន់ខ្លាំងណាស់ រហូតក្រោយមក សមត្ថកិច្ចប្រើវិធីសាស្ត្រ សាកសួរតាមជំនាញ ទើបទទួលបានព័ត៌មានយ៉ាងខ្លីចេញពីមាត់ក្មេងស្រីរូបនោះ ដោយនាង បានអះអាងថា នាងមានផ្ទះនៅខេត្តព្រៃវែង ហើយមូលហេតុដែលនាងសម្រេចចិត្តចង់សម្លាប់ ខ្លួន ដោយសារតែខឹងបងស្រីដេញចេញពីផ្ទះ។

ក្មេងស្រីដែលប៉ុនប៉ងលោតទឹកធ្វើអត្តឃាត បានរៀបរាប់ថា នាងត្រូវបងស្រីស្តីបន្ទោសថា ២-៣ខែមកហើយ មិនព្រមរកការងារធ្វើ និងថែមទាំងស្តីបណ្តេញនាងចេញពីផ្ទះទៀតផង ទើបនាងសម្រេចចិត្តដើរដោយថ្មើរជើងពីខេត្តព្រៃវែង ចូលមកភ្នំពេញ ដោយគ្មានគោលដៅ និងចំណាយពេលអស់៣យប់៣ថ្ងៃ ទម្រាំមកដល់ស្ពានជ្រោយចង្វា ក៏សម្រេចចិត្តថា លោតទឹកសម្លាប់ខ្លួនតែម្តង។

ជាមួយនេះ ក្មេងស្រីខាងលើ បានបដិសេធថា នាងមិនចង់ត្រឡប់ទៅផ្ទះវិញនោះទេ ប៉ុន្តែ ក្រោយមក ក្រុមគ្រួសាររបស់ក្មេងស្រីខាងលើបានតាមរកឃើញក៏មកទទួលយកក្មេងស្រីរូបនេះ ត្រឡប់ទៅផ្ទះវិញបាត់ទៅ៕

RELATED ARTICLES