Thursday, January 23, 2025
Homeសន្ដិសុខសង្គមចាប់រំលោភស្រីក្រមុំ គេចខ្លួន៣ឆ្នាំ មកវិញជាប់ខ្នោះ

ចាប់រំលោភស្រីក្រមុំ គេចខ្លួន៣ឆ្នាំ មកវិញជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុរសល្មោភកាម ដែលបានធ្វើសកម្មភាពចាប់រំលោភនារីវ័យក្មេងមានសតិមិនប្រក្រតីម្នាក់ រហូតបានសម្រេចកាលពីល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុចភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត៣ឆ្នាំមកហើយនោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅ ចំណុចភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខណៈដែលជនសង្ស័យល្មោភកាម បានលបវិលត្រឡប់មកផ្ទះវិញ។

ជនល្មោភកាមដែលចាប់រំលោភកូនក្រមុំគេ រួចគេចខ្លួន៣ឆ្នាំ ទម្រាំសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះ មានឈ្មោះផុន សុខធី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ។ ចំណែក នារីរងគ្រោះ មានឈ្មោះ ញ.ល.ដ អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សដែលមានសតិមិនប្រក្រតីពីកំណើត សព្វថ្ងៃរស់នៅជាមួយឪពុកម្តាយ ក្នុងភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ។

សមត្ថកិច្ចស្រុកកោះធំ បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការចាប់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងតាមដីការបស់សាលាដំបូងខេត្តកណ្តាល លេខ៣៣៣ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ របស់លោកទី សំណាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បង្គាប់ឱ្យចាប់ខ្លួនជនសង្ស័យឈ្មោះផុន សុខធី ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។

គួររំលឹកថា កាលពីវេលា ម៉ោង៥និង៣០ នាទីរសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥កន្លងទៅ មានករណីរំលោភសេពសន្ថវៈមួយ បានកើតឡើងនៅចំណុចព្រៃឫស្សីមួយកន្លែងខាងជើងរបងវត្តក្បាលជ្រោយ ស្ថិតនៅក្នុងភូមិ ពោធិ៍មិត្ត ឃុំលើកដែក ស្រុកកោះធំ ដោយនារី វ័យក្មេងមានសតិមិនប្រក្រតីម្នាក់ កំពុងជិះកង់ទៅទទួលក្មួយចេញពីសាលារៀន ស្រាប់តែត្រូវជនល្មោភកាមម្នាក់ ចាប់អូសដៃចូលទៅក្នុងព្រៃឫស្សី រួចធ្វើសកម្មភាពរំលោភរហូតបានសម្រេច។

តាមប្រភពពីសមត្ថកិច្ចស្រុកកោះធំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅម៉ោង ប្រមាណ៥ល្ងាច ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥ នារីរងគ្រោះបានជិះកង់ចេញពីផ្ទះ សំដៅទៅ សាលាបឋមសិក្សាក្បាលជ្រោយ បំណងទទួលក្មួយចេញពីសាលា។ លុះពេលទៅដល់សាលា នាងក៏ទុកកង់នៅខាងក្រៅរបងសាលា រួចដើរទៅដឹកដៃក្មួយចេញមកក្រៅ បំណងវិលទៅផ្ទះវិញ ស្រាប់តែមិនឃើញកង់ ក៏ដើររក​នៅក្នុងព្រៃ ក្បែររបងវត្ត (ចំណុចកើតហេតុខាងលើ) ភ្លាមនោះ ជនសង្ស័យខាងលើ ដែលជាមនុស្សធ្លាប់ស្គាល់គ្នា បានចេញមកចាប់អូសដៃនាងក្រមុំរងគ្រោះចូលទៅក្នុងព្រៃ បន្ទាប់មកក៏គំរាមមិនឱ្យស្រែក រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

ប្រភពដដែលបន្តថា ក្រោយពីធ្វើសកម្មភាពរួចរាល់ ជនសង្ស័យល្មោភកាម បានរត់គេចខ្លួនបាត់ ចំណែកនាងក្រមុំរងគ្រោះ បានដើរមកផ្ទះវិញ។ រហូតមកដល់ព្រឹកថ្ងៃទី០៩ មករា ទើបនាងក្រមុំមានសតិមិនប្រក្រតីរូបនោះ បានរៀបរាប់រឿងរ៉ាវប្រាប់ឪពុកម្តាយ ទើបម្តាយនាង បាននាំមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាម ចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។

ប្រភពខាងលើ បញ្ជាក់ថា ជនសង្ស័យបានព្យាយាមរត់គេចខ្លួនអស់រយៈពេលជិត៣ឆ្នាំ រហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានវិលត្រឡប់មកផ្ទះរបស់ខ្លួនវិញ ទើបសមត្ថកិច្ចនចុះចាប់ខ្លួនជនខាងលើ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ស្រុកកោះធំ ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES