Thursday, January 23, 2025
Homeសន្ដិសុខសង្គមផឹកស្រាថ្នាំស្រវឹង! ខឹងបងវ៉ៃ១ដៃ ប្អូនប្រុសសងវិញ១ប័ុងតោ

ផឹកស្រាថ្នាំស្រវឹង! ខឹងបងវ៉ៃ១ដៃ ប្អូនប្រុសសងវិញ១ប័ុងតោ

ខេត្តកណ្តាល ៖ បុរសជាងបងប្អូនបង្កើតនឹងគ្នា២នាក់ បានទិញស្រាថ្នាំមកអង្គុយផឹកស៊ីជុំគ្នាយ៉ាងសប្បាយក្អាកក្អាយ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែភ្លាមនោះ បុរសជាបងប្រុសបានស្ទុះទៅវាយប្អូន១ដៃ ធ្វើឱ្យប្អូនប្រុសផ្ទុះកំហឹង ស្ទុះទៅទាញកាំបិតប៉័ងតោកាប់ប្រហារបងប្រុសវិញ បណ្តាលឱ្យដាច់ក្តោងច្រមុះ និងរយះដៃទាំងសងខាង រងរបួសធ្ងន់។

ករណីបងប្អូនបង្កើតស្រវឹងស្រាថ្នាំ ផ្ទុះជំលោះកាប់ចាក់គ្នានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៧ នៅចំណុចទំនប់៣៨ ស្ថិតក្នុងភូមិ ព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ។

បុរសរងគ្រោះ ដែលត្រូវប្អូនប្រុសបង្កើតកាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះឃ្លិន តេង អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានលំនៅភូមិឃុំកើតហេតុខាងលើ រងរបួសត្រង់ក្តោងច្រមុះ និងដៃសងខាង។ ចំណែកជនសង្ស័យដៃដល់មានឈ្មោះឃ្លិន ផេង អាយុ ២៨ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិពាម ផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ គេឃើញជនរងគ្រោះ និងជនសង្ស័យ ដែលត្រូវជាបងប្អូន បង្កើតនឹងគ្នា បាននាំគ្នាអង្គុយផឹកស្រាថ្នាំជាមួយគ្នានៅទំនប់៣៨ ដោយផឹកស៊ីបណ្តើរជជែកគ្នា សើចលេងបណ្តើរយ៉ាងសប្បាយក្អាកក្អាយ។ លុះក្រោយពេលផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន មកដល់វេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដោយឃើញយប់ជ្រៅណាស់ហើយ ទើបជនរងគ្រោះជាបងប្រុស បានដេញជនសង្ស័យជាប្អូនឱ្យត្រឡប់ទៅផ្ទះវិញ តែជនសង្ស័យមិនទៅ និងថែមទាំងបានទៅទាញយកបារីពីជនរងគ្រោះមកជក់ទៀតផង ប៉ុន្តែជនរងគ្រោះមិនឱ្យ និងបានវាយទៅលើជនសង្ស័យជាប្អូន១ដៃ ទើបធ្វើឱ្យជនសង្ស័យផ្ទុះកំហឹង ក៏ក្រោកដើរទៅផ្ទះម្តាយ ដែលនៅក្បែរនោះ រួចបានយកកាំបិតប៉័ងតោពីផ្ទះម្តាយ មកកាប់ប្រហារទៅលើជនរងគ្រោះ ជាបងប្រុសបង្កើត បណ្តាលឱ្យដាច់ក្តោងច្រមុះ និងដៃសងខាងរងបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក និងរាយការណ៍មកនគរបាលប៉ុស្តិ៍លើកដែក ឱ្យជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ ភ្លាម នគរបាលប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឈ្មោះឃ្លិន ផេង បញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា​ រូបគេពិតជាបានប្រើ​កាំបិតប៉័ងតោ កាប់ប្រហារបងប្រុសបង្កើតប្រាកដមែន មូលហេតុដោយសារតែរូបគេផឹកស្រាថ្នាំស្រវឹងខ្លាំងពេក ណាមួយខឹងនឹងរឿងបងប្រុសដេញរូបគេ ឱ្យទៅផ្ទះ តែគេមិនព្រមទៅ នឹងគ្រាន់តែសុំបារីបងប្រុសជក់ បែរជាបងប្រុសស្ទុះមកវាយគេ១ដៃ ទើបធ្វើឱ្យគេទប់កំហឹងមិនបាន ក៏ទៅទាញកាំបិតប៉័ងតោពីផ្ទះម្តាយ កាប់ប្រហារបងប្រុសបង្កើតវិញតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES