Wednesday, December 25, 2024
Homeព័ត៌មានជាតិគ្រួសារអភ័ព្វ ព្រួយស្លាប់ដោយអត់អាហារ

គ្រួសារអភ័ព្វ ព្រួយស្លាប់ដោយអត់អាហារ

សម័យនេះ ប្រជាពលរដ្ឋខ្មែរ ភាគច្រើនតែងព្រួយអត់ឡាន ម៉ូតូជិះ អត់ផ្ទះថ្មនៅ អត់ដុល្លារចាយ មិនសូវមានអ្នកណាព្រួយ អត់បាយស្លាប់នោះទេ។ អភ័ព្វអ្វីតែគ្រួសារកម្សត់នេះ កំពុងតែ ព្រួយអត់អាហារដាក់ពោះ ខណៈដែលពួកគេជាកូនក្រំពា គ្មានដើមទុន គ្មានកេរមរតក គ្មានចំណេះជំនាញអ្វី ដែលស្តែងឱ្យឃើញថា បើមានឋានសួគ៍ ត្រូវតែមានឋាននរកយ៉ាងនេះឯង…។

រស់នៅក្នុងខ្ទមរខេករខាក លេចមុខលេច ក្រោយ ដំបូលប្រក់ស័ង្កសីមានប្រហោងដោយអន្លើ ជញ្ជាំងបាំងស្លឹកដូង និងកណ្តបស្លឹកត្នោតប្រហោង ឆ្លុះធ្លាយ ធ្វើឱ្យគ្រួសារទុរគតនេះ ជាប់លេខ១ ប្រចាំ ភូមិថា ជាគ្រួសារក្រជាងគេបំផុត។

លោកនួន ស៊ីដេត និងនាងចាប ស្រីពេជ្រ ជាមួយកូនៗ

នាងចាប ស្រីពេជ្រ អាយុ២៣ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ ទាំងតូចចិត្តថា នាងមានឈ្មោះស្រីពេជ្រ សមតែមាន ពេជ្រណាស់ ប៉ុន្តែ សព្វថ្ងៃរកតែបាយច្រកក្រពះស្ទើរ មិនបាន។ រូបនាងជាកូនទី៩ ក្នុងចំណោមបងប្អូន១០នាក់ (ប្រុស៥ ស្រី៥) ឪពុកម្តាយស្លាប់ចោលអស់ហើយ ទុកឱ្យបងប្អូននាងក្លាយជាកូនកំព្រាជាច្រើនឆ្នាំមក ហើយ។ នាងធ្លាប់រៀនសូត្រត្រឹមថ្នាក់ទី៦ ចប់បឋមសិក្សាក៏ឈប់ទៅ ព្រោះជីវិតទុរគតបានរុញនាងឱ្យក្លាយជាអ្នកដើរស៊ីឈ្នួលជួលព័ទ្ធគេតាំងពីនៅជំទង់។ នាងគ្មានជំនាញអ្វីដើម្បីរកស៊ីបានស្រណុកខ្លួនក្រៅពីប្រើកម្លាំងនោះទេ ប៉ុន្តែធ្លាប់មានមេខ្យល់អូសទាញឱ្យទៅ ធ្វើការដល់ប្រទេសម៉ាឡេស៊ី កាលពីប៉ុន្មានឆ្នាំមុន។ ខណៈដែលនាងទៅដល់ប្រទេសគេ និងចូលបម្រើការងារ ផ្ទះបានកន្លះខែ ក៏មានបងប្អូនទូរស័ព្ទប្រាប់ថា ម្តាយស្លាប់ហើយ នាងក៏សុំគេវិលមកស្រុកវិញ បានទាន់បុណ្យវេរ៧ ថ្ងៃម្តាយ ទាំងទឹកភ្នែក ហើយក៏លែងបានវិលទៅប្រទេសក្រៅទៀត ព្រោះគ្មានសោហ៊ុយ។

នាងចាប ស្រីពេជ្រ បន្តថា ក្រោយមក នាងបានចេញទៅធ្វើការរោងចក្រនៅថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ក៏មានទំនាក់ទំនងមិត្តភាពជាមួយ កំលោះម្នាក់ឈ្មោះនួន ស៊ីដេត អាយុបងនាង១ឆ្នាំ ដែលជាកម្មកររោងចក្រដូចគ្នា។ ដោយមានការផ្គូផ្គងពីបងប្អូននិងមិត្តភក្តិផងនោះ ពួកនាងក៏ប្រែក្លាយមិត្តភាពឱ្យទៅជាសេចក្តីស្នេហា វិញ ដោយយល់ព្រមយកគ្នាជាប្តីប្រពន្ធ តាមរយៈសែនបាយសម្ល១ថាស មាន់ស្ងោរមួយ រួចអញ្ជើញបងប្អូន មិត្តភក្តិជួយ បាចផ្កាស្លាជាការស្រេច។ ដោយសារការងាររោងចក្រពិបាកពេក ពួកនាងក៏នាំគ្នាមកនៅស្រុកកំណើត ហើយ ត្រូវបងប្អូនប្រាប់ឱ្យសង់ខ្ទមនៅដោយឡែកទៅ ព្រោះនាងមានគ្រួសារហើយ មិនអាចប្រជ្រៀតជាមួយ បងប្អូនឯទៀតបានទេ។

នាងចាប ស្រីពេជ្រ និងកូនៗ

នាងស្រីពេជ្រ ត្អូញត្អែរថា ជាកិច្ចចាប់ផ្តើម នាងនិងប្តីបានដើរសុំកូនឈើគេ និងដើររើសស្លឹកដូង ព្រមទាំងស័ង្កសីចាស់ៗ មកសង់បានកូនខ្ទម១ ទ្រើសជាងទ្រុងមាន់បន្តិច។ ខ្ទមនេះដាក់បានតែ គ្រែ១ប៉ុណ្ណោះ ដែលមុនដំបូង ប្តីប្រពន្ធនាងអាចដេកបាន មិនចង្អៀតពេកទេ លុះ៣ឆ្នាំកន្លង មកនេះ បង្កើតបានកូន២នាក់ ប្តីត្រូវដេកឱបកូនច្បង បែរក្បាលទៅត្បូង ឯរូបនាងនិងកូន ទី២ ដេកក្បាលទៅជើងបញ្ច្រាសគ្នា លើគ្រែតែមួយ។ តាមពិត ប្តីនាងមិនសូវនៅផ្ទះទេ ព្រោះគេរវល់ចេញទៅស៊ីឈ្នួលបេះស្វាយ និងស៊ីឈ្នួលធ្វើចម្ការឯស្រុកកំណើតរបស់ គេ លុះ១ខែ ឬ២ខែ ទើបបានមកជួបកូនប្រពន្ធម្តង។ ពេលមកដល់ក៏គ្មានបានលុយ អ្វីច្រើនដែរ គ្រាន់តែទិញអង្ករ២០-៣០គីឡូអស់ល្មម ប៉ុន្តែប្តីនេះស្មោះត្រង់ប្រពន្ធ កូនណាស់។ ពេលមកជួបជុំគ្នា ជួនកាលភ្លៀងរ៉ាវៗ ត្រូវឡើងអង្គុយសិន ទម្រាំភ្លៀង រាំង ព្រោះដំបូលក៏លេចទឹក ជញ្ជាំងស្លឹកដូង ក៏ភ្លៀងសាចចូលបានវេទនាណាស់។

លោកនួន ស៊ីដេត

នាងចាប ស្រីពេជ្រ បន្ថែមទាំងក្តុកក្តួលថា សព្វថ្ងៃឱ្យតែបានបាយហូបឆ្អែតរាល់ថ្ងៃ នាងត្រេកអរណាស់ទៅហើយ ព្រោះនាងចេញទៅរកស៊ីមិនកើតដូចកាលនៅក្រមុំ នោះទេ ដោយរវល់មើលកូនតូចៗ សង្ឃឹមលើកម្លាំងប្តីទាំងស្រុង។ ថ្ងៃខ្លះ ប្តីរកលុយ មិនបាន អង្ករក៏អស់ នាងនិងកូនត្រូវស្ងោរផ្ទី ឬត្រកួន ហូបជំនួសបាយ និងផឹកទឹកឱ្យខ្លាំងទៅ ក៏បានពេញពោះ មួយពេលដែរ។ គ្រួសារនាងមើលអនាគតមិនឃើញទេ ហើយក៏មិនច្រណែនបងប្អូននិងអ្នកជិតខាង ដែល មានផ្ទះធំទ្រនំខ្ពស់ មានឡានម៉ូតូជិះគគ្រឹកគគ្រេងនោះ ដែរ ដោយចាត់ទុកថា មកពីនាងនិងប្តីមានកម្ម ទើប ជាតិនេះក្រីក្រ មិនសមរម្យជាមនុស្សដូចគេ។

លោកតាឆេង ឈាង

ដោយឡែក លោកនួន ស៊ីដេត អាយុ២៤ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមានស្រុកកំណើតនៅភូមិ ស្រែធ្លក ឃុំកកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឪពុក ម្តាយគេក្រីក្រណាស់គ្មានកេរមរតកចែកកូនទេ លុះ គេមានប្រពន្ធក៏សុទ្ធតែក្រដូចគ្នា ហើយជាកូនកំព្រា ទៀត ក៏ព្យាយាមតស៊ូដើម្បីរស់ ដោយចេញទៅស៊ីឈ្នួលបេះដូង និងធ្វើចម្ការឱ្យគេនៅឯស្រុកកំណើត លុះបានលុយ ទើបយកមកឱ្យប្រពន្ធទិញអង្ករច្រក ឆ្នាំង។ ទោះជាប្តីប្រពន្ធគេក្រយ៉ាងណា ក៏មិនទាន់សំពះ សុំទានអ្នកណាដែរ សុខចិត្តរកស៊ីតាមសម្មាអាជីវោ បានប៉ុន្មានស៊ីប៉ុណ្ណឹងចុះ មិនធ្វើចោរ ជាដាច់ខាត។ ឥឡូវខ្ទមកម្សត់នេះពុកឈើអស់ មិនដឹងជារលំថ្ងៃណា ទេ លោកបារម្ភណាស់ ខ្លាចពេលលោកមិននៅ បើត្រូវខ្យល់បោកបក់រលំខ្ទមនោះទៅ តើប្រពន្ធកូនវេទនា យ៉ាងណា? នេះជាបញ្ហាដែលលោកកំពុងដោះស្រាយ ខណៈដែលប្រាក់ចំណូលតិចតួចស្តួចស្តើងណាស់។

អ្នកស្រីឆេង ផល

អ្នកស្រីឆេង ផល អាយុ៤៥ឆ្នាំ លោកតាឆេង ឈាង អាយុ៧៩ឆ្នាំ និងនាងទឹម រចនា អាយុ២៨ឆ្នាំ ជាបងប្អូនបានឱ្យដឹងស្របគ្នាថា គ្រួសារនាងចាប ស្រីពេជ្រ ពិតជាកម្សត់ជាងគេប្រចាំភូមិ ដោយហេតុ គ្នាជាកូនកំព្រា គ្មានដើមទុន។ សព្វថ្ងៃ នាងស្រីពេជ្រ មិនអាចទៅធ្វើការរោងចក្របានដូចកាលនៅក្រមុំទេ ព្រោះរវល់មើលកូន ចំណែកប្តីនាងប្រកបមុខរបរធ្វើ ចម្ការ និងស៊ីឈ្នួលបេះស្វាយ បានកម្រៃតិចតួចស្តួចស្តើងណាស់ រហូតដាច់ពេលម្តងៗ។ ហេតុនេះ ពួកគាត់ ក៏សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយ សូម មេត្តាជួយឧបត្ថម្ភគ្រួសារកម្សត់នេះផង ព្រោះបើគ្មាន ដើមទុន ឬគ្មានអ្នកជួយលើកស្ទួយឱ្យមានការងារ ធ្វើសមរម្យនោះ ច្បាស់ជាវេទនាទៅៗមិនខានឡើយ។

នាងទឹម រចនា

គួរបញ្ជាក់ថា គ្រួសារកម្សត់នេះ មិនខ្ជិលច្រអូស ទេ តែមកពីគ្នាទាល់ដៃទាល់ជើង និងគ្មានជំនាញ គ្មាន ដើមទុន ក៏ដល់នូវភាពទុរគតហួសប្រមាណ។ លុះត្រាតែ អ្នកធ្លាប់ឆ្លងកាត់របបប៉ុល ពត ទើបយល់ពីទុក្ខវេទនា អ្នកក្របាន ហើយការជួយគ្នាក្នុងគ្រាក្រ បានកុសល ផលបុណ្យឧត្តុង្គឧត្តមណាស់…”៕

RELATED ARTICLES