Thursday, January 23, 2025
Homeព័ត៌មានជាតិអាល្អិតចិត្តឃោរឃៅ! ចាប់រំលោភក្មេងស្រីមិនបាន កាប់៣កាំបិត

អាល្អិតចិត្តឃោរឃៅ! ចាប់រំលោភក្មេងស្រីមិនបាន កាប់៣កាំបិត

ខេត្តកំពត ៖ ក្មេងស្រីវ័យជំទង់ជាមនុស្សគ និងមានសតិមិនសូវប្រក្រតីម្នាក់ ត្រូវបានក្មេង ប្រុសឈាមរាវចិត្តកាចសាហាវឃោរឃៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទាំងកំរោល ប៉ុន្តែមិនបានសម្រេចដោយសារក្មេងស្រីរងគ្រោះប្រឹងរើបម្រះ និងព្យាយាមស្រែកហៅគេឯងឱ្យជួយ ធ្វើឱ្យក្មេងប្រុសចិត្តកំណាចផ្ទុះកំហឹង ក៏ទាញកាំបិតកាប់ប្រហារចំនួន៣កាំបិត បណ្តាលឱ្យក្មេងស្រីរងគ្រោះរងរបួសត្រង់កញ្ចឹងកយ៉ាងធ្ងន់ដេកដួលទាំងអាក្រាតកាយក្នុងថ្លុកទឹកស្រែ ដែលមានឈាមហូរដាបក្រហមច្រាល គួរឱ្យរន្ធត់។

ករណីប្រុសស្ទាវរំលោភសេពសន្ថវៈក្មេងស្រីអត់បានប៉ុនប៉ងសម្លាប់បំបិទមាត់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចថ្លុកទឹកស្រែ ស្ថិតក្នុងភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ។

ជនសង្ស័យដៃដល់ជាក្មេងស្ទាវល្មោភកាមនោះមានឈ្មោះអាន ដែន ហៅបាវ អាយុ១៤ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ខ អាយុ១៤ឆ្នាំ ជាមនុស្សគ និងមានសតិមិនប្រក្រតី មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចស្រុកទឹកឈូ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ មានសេចក្តីរាយការណ៍មកថា មានករណីហិង្សាដោយចេតនាមួយ បានកើតឡើងនៅចំណុចមូលដ្ឋាន ខាងលើ ដែលបង្កឡើងដោយក្មេងប្រុសឈ្មោះ អាន ដែន ហៅបាវ បានយកកាំបិតទៅកាប់ប្រហារក្មេងស្រីរងគ្រោះជាមនុស្សគ និងមានសតិមិនគ្រប់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវក្រុមគ្រួសារដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ប៉ុន្តែស្ថានភាពធ្ងន់ពេក ក៏ត្រូវក្រុម គ្រូពេទ្យសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីសង្គ្រោះជីវិត ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជំនាញ ប្រាប់ថា ក្មេងស្រីរងគ្រោះមានសង្ឃឹមតិចណាស់ ព្រោះស្ថានភាពរបួសធ្ងន់ពេក។

ប្រភពដដែលបន្តថា ក្មេងប្រុសសង្ស័យ ក្រោយពីធ្វើសកម្មភាពកាប់ប្រហារក្មេងស្រីរងគ្រោះ រួចក៏ព្យាយាមរត់ឡើងលើភ្នំសេដាឱន ស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីគេចខ្លួន និងត្រូវបានសមត្ថកិច្ចបានដាក់កម្លាំងឡោមព័ទ្ធភ្នំនោះអស់ជាច្រើនម៉ោង ទីបំផុត ក៏ប្រទះឃើញ ក្មេងប្រុសជាជនដៃដល់ចុះពីលើភ្នំមកវិញ នៅវេលាម៉ោង៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសជាជនដៃដល់ បានសារភាពថា រូបគេពិតជាបានកាប់ប្រហារទៅលើក្មេងស្រីរងគ្រោះប្រាកដមែន មូលហេតុដោយសារតែរូបគេ បានប៉ុនប៉ងចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ ប៉ុន្តែពេលចាប់សម្រាតខោអាវនាងចេញអស់ហើយ ក៏ត្រូវក្មេងស្រីរងគ្រោះ ប្រឹងរើបម្រះ និងស្រែកហៅគេឯងឱ្យជួយធ្វើឱ្យរូបគេមិនអាចរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានដូចបំណង ទើបផ្ទុះកំហឹង ក៏រត់ទៅយកកាំបិតនៅផ្ទះ ដែលមានចម្ងាយពីកន្លែងកើតហេតុប្រមាណជាង ១០០ម៉ែត្រ មកកាប់ប្រហារទៅលើក្មេងស្រីរងគ្រោះ ចំនួន៣កាំបិត ត្រង់កញ្ចឹងកខាងឆ្វេង ចំនួន២កាំបិត និងភ្លៅ១កាំបិត បំណងសម្លាប់បំបិទមាត់ ហើយរូបគេនឹកស្មានថា ក្មេងស្រីរងគ្រោះស្លាប់ហើយ ទើបប្រញាប់រត់គេចខ្លួន ឡើងទៅលើភ្នំនៅក្បែរនោះ លុះក្រោយមក នៅវេលាម៉ោង៨យប់ថ្ងៃដដែល រូបគេនឹកស្មាន ថាលែងមានសមត្ថកិច្ចហើយ ក៏ចុះពីភ្នំមកវិញ ស្រាប់តែត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជាប់។

ក្មេងប្រុសជាជនដៃដល់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿងពីបទហិង្សា ដោយចេតនា និងឃាតកម្មគិតទុកជាមុន និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES