Sunday, January 12, 2025
Homeព័ត៌មានជាតិខឹងសុំផ្តើមស្នេហ៍ជាថ្មីមិនព្រម ប្រុសឆក់ខ្សែក និងទូរស័ព្ទទៅបាត់

ខឹងសុំផ្តើមស្នេហ៍ជាថ្មីមិនព្រម ប្រុសឆក់ខ្សែក និងទូរស័ព្ទទៅបាត់

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានបង្កើតចំណងស្នេហ៍រួមរស់ជាមួយបុរសម្នាក់អស់រយៈពេលជិត១ឆ្នាំ មិនទាន់បានរៀបការនឹងគ្នាផង ដឹងថាប្រុសស្នេហ៍ពូកែប្រចណ្ឌចូលចិត្តប្រើហិង្សា ក៏សម្រេចចិត្តដកស្នេហ៍សុំចែកផ្លូវគ្នាវិញ ប៉ុន្តែខាងប្រុស មិនព្រមចេះតែព្យាយាមតាមអង្វរសុំផ្តើមស្នេហ៍ជាថ្មី ប៉ុន្តែខាងស្រីចេះតែប្រកែក រហូតធ្វើឱ្យភាគីខាងប្រុសខឹង ក៏ធ្វើសកម្មភាពឆក់យកខ្សែក និងដណ្តើមយកទូរស័ព្ទខាងស្រី ដើម្បីគំរាមសុំជានាគ្នាវិញ លុះខាងស្រីនៅតែប្រកាន់ជំហរមិនព្រម ខាងប្រុសក៏ជិះម៉ូតូយកទាំងខ្សែក និងទូរស័ព្ទស្រីស្នេហ៍ទៅបាត់ ធ្វើឱ្យខាងស្រីកើតទុក្ខមិនសុខចិត្តក៏រត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ករណីប្រុសស្នេហ៍ឆក់ខ្សែក និងទូរស័ព្ទស្រីស្នេហ៍ គំរាមសុំត្រូវរ៉ូវគ្នាវិញមិនបាន បែរជាស៊ីដាច់បាត់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធសែនជ័យ។

នារីរងគ្រោះ ដែលត្រូវប្រុសស្នេហ៍ឆក់យកខ្សែក និងទូរស័ព្ទទៅបាត់នោះ មានឈ្មោះ រឿន រ៉ាន អាយុ២៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រសាន់តិច វេនថ្ងៃ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិស្វាយសុខោ ឃុំជើងទឹក ស្រុកកំពង់លាវ ខេត្តព្រៃវែង។ ចំណែកភាគីខាងប្រុស មានឈ្មោះ ផុង ប៊ុនណារ៉ូ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រសាន់តិចជាមួយគ្នាវេនយប់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុខាងលើជាមួយគ្នា និងមានស្រុកកំណើតនៅភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមសម្តីនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា រវាងនាង និងបុរសខាងលើ បានស្រឡាញ់គ្នាយ៉ាងស៊ីជម្រៅ រហូតដល់ធ្លាប់រួមរស់ជាមួយគ្នាអស់រយៈពេលជិត១ឆ្នាំមកហើយ តែមិនទាន់រៀបការ ឬសែនព្រេននៅឡើយទេ។ ក្រោយមកនាងបានមើលឃើញថា ការរស់នៅសាកល្បងសាងជីវិតគូជាមួយជាមួយប្រុសស្នេហ៍នេះ គឺមិនស្រួលនោះទេ ពោលគឺមិនដូចបំណង ប្រាថ្នាសោះឡើយ ដោយសារតែប្រុសស្នេហ៍របស់នាងម្នាក់នេះ គឺជាមនុស្សប្រុសកំពូលប្រចណ្ឌ តែងរករឿងឈ្លោះប្រកែកចោទប្រកាន់នាងមិនឈប់ ព្រោះតែភ្លើងប្រចណ្ឌដក់ជាប់ពេញទ្រូង ហើយអ្វីឱ្យធ្វើឱ្យនាងខ្លាច រហូតលែងចង់រួមរស់ជាមួយប្រុសស្នេហ៍នេះតទៅទៀតនោះ គឺប្រុសស្នេហ៍រូបនេះ ធ្លាប់បានប្រើអំពើហិង្សាវាយដំច្រំធាក់នាងជាញឹកញាប់ ទើបនាងសម្រេចដកចិត្តដកកាយឱ្យឃ្លាតគ្នាពោលសុំបែកចែកផ្លូវគ្នាដើរជាមួយប្រុសស្នេហ៍នេះ ដោយគិតមកដល់សព្វថ្ងៃ មានរយៈពេល១ខែមកហើយ។

នារីរងគ្រោះបន្តថា នៅពេលដែលនាងហាមាត់សុំបែកផ្លូវគ្នាមកខាងប្រុសមិនព្រមដាច់ខាត និងចេះតែព្យាយាមតាមលួងលោមអង្វរ នាងឱ្យត្រូវរ៉ូវគ្នាវិញ ដោយគេបានសន្យាថា នឹងកែប្រែនូវរាល់កំហុសឆ្គងរបស់គេទាំងប៉ុន្មានឱ្យអស់ និងសុំផ្តើមជីវិតថ្មីជាមួយនាងតទៅមុខទៀត ប៉ុន្តែតាមរយៈការរួមរស់អស់ពេល១ឆ្នាំមកនេះ នាងស្គាល់ចរិតរបស់ប្រុសស្នេហ៍នេះច្បាស់ណាស់ និងហ៊ានទាយទុកថា គេមិនអាចកែប្រែចរិតបានដាច់ខាត ហេតុនេះទើបនាងប្រកាន់ជំហរមិនព្រមជានាគ្នាវិញឡើយ តែយ៉ាងណាខាងប្រុសចេះតែតាមអង្វរនាងសឹងរាល់ថ្ងៃ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃកើតហេតុ ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលនាងកំពុងរៀបចំចេញទៅធ្វើការ ស្រាប់តែលេចមុខអតីតប្រុសស្នេហ៍បើកម៉ូតូ មកចាំមុខបន្ទប់ជួលនាងជាស្រេច លុះគ្រាន់តែនាងបើកទ្វារចេញពីបន្ទប់ ក៏ត្រូវប្រុសស្នេហ៍នេះ ហៅនាងឱ្យឡើងជិះម៉ូតូជាមួយគេ ប៉ុន្តែនាងប្រកែក ហើយប្រកែកទៀតនិងបញ្ជាក់ជំហរយ៉ាងច្បាស់ថា នាងមិនអាចផ្តើមចំណងស្នេហ៍ហេងស៊យនេះ ឡើងវិញបានឡើយ។ នៅពេលឃើញនាងមិនព្រមទទួលយកសំណើរបស់គេទើបធ្វើឱ្យអតីតប្រុសស្នេហ៍នោះ ច្រឡោតខឹង ក៏ស្ទុះមករកនាងបំណងចាប់បីនាងដាក់លើម៉ូតូ តែត្រូវនាងរើបម្រះរួច ស្រាប់តែបុរសនោះ បានចាប់ស្រវាទាញឆក់យកខ្សែកប្លាទីនរបស់នាង១ខ្សែ ទម្ងន់៣,៥ជី និងទូរស័ព្ទសាំសុង១គ្រឿង រួចគំរាមសួរបញ្ជាក់នាងជាចុងក្រោយថា តើព្រមឡើងជិះម៉ូតូជាមួយគេឬក៏អត់? លុះពេលនាងឆ្លើយថា មិនព្រម ស្រាប់តែប្រុសស្នេហ៍ហេងស៊យនោះ បានជិះម៉ូតូចេញទៅបាត់ទៅ ដោយនាំយកខ្សែក និងទូរស័ព្ទរបស់នាង១គ្រឿងទៅជាមួយផង។

ក្រោយពីអតីតប្រុសស្នេហ៍ផ្តាច់យកខ្សែក និងទូស័ព្ទដៃទៅបាត់ភាគីខាងស្រីកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ប៉ុន្តែនាងគ្រាន់តែចង់ឱ្យយកខ្សែក និងទូរស័ព្ទ របស់នាងពីប្រុសស្នេហ៍វិញប៉ុណ្ណោះ។ ជាមួយនេះ នារីរងគ្រោះបានបញ្ជាក់កពីជំហររបស់ខ្លួនយ៉ាងដាច់អហង្ការថា នាងមិនអាចបន្តស្នេហ៍ជាមួយបុរសខាងលើទៀតបាននោះទេ គឺសុំផ្តាច់បញ្ចប់សម្ព័ន្ធស្នេហ៍ជាមួយគ្នាតែត្រឹមនេះ ប៉ុន្តែសុំម៉្យាង គឺត្រូវតែយកខ្សែក និងទូរស័ព្ទមកឱ្យនាងវិញ និងត្រូវបញ្ឈប់ការតាមរករឿងទៀត ពុំនោះទេ នាងនឹងទុកឱ្យច្បាប់ជាអ្នកដោះស្រាយវិញម្តងហើយ៕

RELATED ARTICLES