Wednesday, December 25, 2024
Homeព័ត៌មានជាតិទោះបងពិការ អូននៅតែស្នេហ៍

ទោះបងពិការ អូននៅតែស្នេហ៍

បុរសម្នាក់នេះ ទោះជាខ្លួនពិការជើង ក៏មាន រូបរាងស្រស់សង្ហា និងមានមុខរបរត្រឹមត្រូវ អាចចិញ្ចឹមប្រពន្ធកូនរស់ ទើបនាងក្រមុំ ស្មគ្រ័ចិត្តប្រគល់បេះដូងជូនប្រុសថ្លៃ ឧស្សាហ៍ និយាយប្រាប់ប្តីថា “ទោះបងពិការ ក៏អូននៅតែ ស្នេហ៍”។ ឥឡូវគូស្វាមីភរិយាភក្តីនេះ បង្កើត បានកូន១ហើយ ដែលស្តែងឱ្យឃើញថា ប្តីពិការតែជើង ឯកន្លែងសំខាន់នោះ មានពិការឯណា?…។

លោកកយ ភារុណ អាយុ៣២ឆ្នាំ រស់នៅភូមិប្រស្រែ ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត បានរៀបរាប់ថា រូបលោកជាកូនច្បង ក្នុងចំណោម បងប្អូន៤នាក់ ឪពុកឈ្មោះគឹម កាន អាយុ៥៣ឆ្នាំ ម្តាយឈ្មោះឆឺន ចន អាយុ៥៥ឆ្នាំ។ តាមពិត លោកចាប់កំណើតនៅជំរំអូរត្រាវ ព្រំដែនថៃ ឯណោះ ខណៈ ដែលឪពុកម្តាយភៀសសឹកអំឡុងឆ្នាំ១៩៧៩ ប៉ុន្តែភូមិឃុំរស់នៅសព្វថ្ងៃ ជា ស្រុកកំណើតឪពុកម្តាយ។ កាលនៅទារក លោកមានកាយសម្បទាល្អដូចគេ ឯងដែរ តែជាអកុសល លុះមានអាយុជាង១ខួប ក៏មានជំងឺគ្រុនស្វិតដៃជើង ដែលគ្រូពេទ្យឯកទេសខ្សោយមិនអាចព្យាបាលបាន ក៏ក្លាយជាពិការស្វិតជើង ទាំងសងខាង ខូចសរសៃចាប់ពីត្រគាកចុះមកក្រោម មិនអាចដើររួចឡើយ។ រហូតដល់ឆ្នាំ១៩៩៣ ឪពុកម្តាយរួមទាំងជនភៀសសឹករាប់ពាន់គ្រួសារ បានធ្វើមាតុភូមិនិវត្តន៍មករស់នៅស្រុកកំណើតវិញ លោកក៏បានចូលរៀននឹងគេតាំងពី កុមារភាពរហូតពេញកំលោះ ដោយជិះរទេះរុញទៅសាលា។ លោកព្យាយាម រៀនសូត្រ រហូតប្រលងធ្លាក់បាក់ឌុបក៏ឈប់ទៅ បន្ទាប់មកក៏មានអង្គការមួយ ទទួលយកទៅបង្រៀនជំនាញខាងជួសជុលវិទ្យុ ទូរទស្សន៍ ម៉ាញេ ទូរស័ព្ទ រហូតចេះស្ទាត់ជំនាញ ទើបលោកវិលមកផ្ទះវិញ ដើម្បីរៀបចំអនាគត។

លោកកយ ភារុណ និងនាងខៀវ អូន ជាមួយកូន

លោកកយ ភារុណ បន្តទៀតថា ជាកិច្ចចាប់ផ្តើម ដោយមានជំនួយពីឪពុកម្តាយផងនោះ លោកបាន បើកកន្លែងជួសជុលគ្រឿងអេឡិកត្រូនិក អាចរកបាន ប្រាក់ចំណូល គ្រាន់នឹងទប់ទល់ដែរ។ លោកក៏មានតណ្ហាដូចកំលោះឯទៀតដែរ តែងព្យាយាមទាក់ទងក្រមុំៗដែលធ្លាប់ស្គាល់គ្នា ប៉ុន្តែភាគច្រើនស្រីៗទាំង នោះឃើញលោកពិការ ចេះតែប្រកែក ធ្វើឱ្យលោកអស់សង្ឃឹមនឹកថា នឹងអត់ប្រពន្ធមួយជីវិត។ ថ្ងៃមួយ ស្រាប់តែលេចនាងក្រមុំម្នាក់ ឈ្មោះខៀវ អូន អាយុ ២៣ឆ្នាំ បានយកទូរស័ព្ទមកឱ្យលោកជួសជុល លោក ក៏មានឱកាសសុំស្នេហ៍ពីនាង។ តាមពិត លោកធ្លាប់ ស្គាល់នាងយូរហើយ ព្រោះរស់នៅភូមិជាមួយគ្នា តែគ្មានពេលនិយាយគ្នា លុះនាងមកពឹងពាក់បែបនេះ

លោកកយ ភារុណ

លោកក៏ជួយជួសជុលឱ្យដោយមិនយកឈ្នួល និង បានភ្ជាប់លេខទូរស័ព្ទគ្នាសម្រាប់ទាក់ទង។ ទីបំផុត ហេតុតែគូព្រេងពីអតីតជាតិក៏មិនដឹង ស្រាប់តែនាង បន្លឺវាចាយ៉ាងពីរោះថា “ទោះបងពិការ ក៏អូននៅតែ ស្នេហ៍” ជាពិសេស នាងហ៊ានលះបង់អ្វីៗទាំងអស់ ស្កាត់មកជួបលោកក្នុងពេលរាត្រី រហូតសម្រេច បំណងចង់បានប្រពន្ធនោះទៅ។
លោកភារុណ បន្តថា មុនដំបូង មេបាខាងស្រី ជំទាស់ខ្លាំងណាស់មិនចង់ឱ្យនាងអូន យកប្តីជាជន ពិការបែបនេះទេ តែដោយសារស្រីជាទីស្រលាញ់ មានបេះដូងស្មោះភក្តី ប្រគល់ព្រហ្មចារីជូនលោកទៅ ហើយនោះ ទើបចាស់ទុំលែងបំបែក ក៏ចាត់ចែងរៀបការឱ្យទៅ។ ឥឡូវលោកនិងភរិយាកំពុងល្អូកល្អិននឹង គ្នាខ្លាំងណាស់ ដោយបង្កើតបានកូនប្រុសម្នាក់ជា ចំណងដៃនិស្ស័យស្នេហ៍ ជាមួយនឹងជីវភាពគ្រប់គ្រាន់ ចូលចំណោមនឹងគេបាន។

នាងខៀវ អូន

ដោយឡែក នាងខៀវ អូន អាយុ២៣ឆ្នាំ ជា ភរិយាបានឱ្យដឹងថា នាងមានស្រុកកំណើតនៅមូលដ្ឋានខាងលើនេះ ដោយមានឪពុកម្តាយជាកសិករ។ មូលហេតុដែលនាងយល់ព្រមប្រគល់ក្តីស្នេហ៍ជូន កំលោះភារុណ ព្រោះតែក្តីអាណិតធំជាងស្រលាញ់ ពុំមែនមើលឃើញត្រង់គេមានជំនាញខាងជួសជុល ទូរស័ព្ទនោះទេ។ នាងធ្លាប់ឃើញគេជិះរទេះរុញទៅ សាលារៀន ក៏ដូចជាចេញទៅណាម្តងៗ ក៏គិតថា បើគេចាស់ទៅគ្មានកូនប្រើ តើវេទនាយ៉ាងណាទៅ? ហើយតើគេធ្វើដូចម្តេចឱ្យមានកូនប្រើ បើល្បីថា គ្មាន ស្រីណាហ៊ានយកធ្វើប្តីយ៉ាងនេះ? នាងគិតយូរៗទៅ ក៏ផុសក្តីអាណិតគេធ្ងន់ទៅៗ និងចង់ក្លាយជាប្រពន្ធ របស់គេ ដើម្បីបង្កើតកូនឱ្យគេគ្រាន់បានពឹងពាក់នៅ ពេលគេចាស់ទៅ។


នាងខៀវ អូន បន្តទៀតថា ថ្ងៃមួយ នាងបានយក ទូរស័ព្ទទៅឱ្យគេជួសជុល ស្រាប់តែគេមើលមុខនាង ភ្លឹះៗរួចសួរនាំពីនេះពីនោះ ចង់ដឹងថា នាងមានសង្សារ ហើយឬនៅ? នាងក៏ប្រាប់ត្រង់ៗថា គ្មានសង្សារឯណា ទេ ធ្វើឱ្យគេញញឹមបិទមាត់មិនជិត ជួយជួសជុលទូរស័ព្ទឱ្យនាងមិនយកឈ្នួលទេ។ លុះយប់ឡើង គេចុច ទូរស័ព្ទមកនាងទាក់ទងសុំស្នេហ៍ត្រង់ៗតែម្តងហើយ ក៏ស្របបំណងនាងដែលចង់ជួយសង្គ្រោះគេផងដែរ។ នាងហ៊ានលះបង់កិត្តិយសជាស្រីស្កាត់ទៅជួបគេ ព្រោះដឹងថា គេដើរមិនរួច បើនាងមិនទៅជួបគេមុន មិនអាចសម្រេចគោលបំណងបានឡើយ។ លុះអ្វីៗ ជ្រុលជ្រួសក៏ត្រូវចាស់ៗបំបែក ប៉ុន្តែមិនឈ្នះសេចក្តីស្នេហាភក្តី ទើបពួកគាត់រៀបការឱ្យទៅ។

លោកតាឯក សុខុន

នាងខៀវ អូន បន្តទៀតថា នាងរៀនសូត្រដល់ ថ្នាក់ទី១២ (ធ្លាក់បាក់ឌុប) ដែរ បានជម្នះយកប្តីពិការ នេះទាល់តែបាន ដោយបង្កើតបានកូនប្រុសមួយមិន ពិការដូចឪពុកវាទេ។ នាងទទួលស្គាល់ថា ពិតមែនតែ ប្តីពិការជើង ក៏កន្លែងសំខាន់នោះអត់ពិការទេ ធ្វើឱ្យ នាងពេញចិត្តណាស់ ដោយគិតថា នឹងបង្កើតកូនឱ្យ គេម្នាក់ទៀតចុះ ចាំរកវិធីពន្យារកំណើត។
នាងខៀវ វណ្ណៈ អាយុ២៦ឆ្នាំ ជាបងបង្កើតខាងស្រី និងលោកតាឯក សុខុន អាយុ៧២ឆ្នាំ ជាអ្នកជិត ខាងបានឱ្យដឹងស្របគ្នាថា សព្វថ្ងៃគូស្វាមីភរិយានេះ មានជីវភាពត្រឹមតែរស់ប៉ុណ្ណោះ ព្រោះគ្មានដើមទុន បង្កើនមុខរបរឱ្យខ្លាំងជាងនេះ។ ហេតុនេះ ពួកគាត់ក៏ មានសំណូមពរដល់អង្គការ ក៏ដូចសប្បុរសជនជិត ឆ្ងាយ សូមមេត្តាជួយជាដើមទុនឱ្យបុរសពិការមាន លទ្ធភាពពង្រីកមុខរបរលក់ និងជួសជុលទូរស័ព្ទផង ព្រោះបើគ្មានដើមទុន ងើបមិនរួចទេ។

នាងខៀវ វណ្ណៈ

គួរបញ្ជាក់ថា សព្វថ្ងៃមានជនពិការច្រើនណាស់ បានប្រកបរបរសុំទានគេ ទោះជាសមត្ថកិច្ចប្រមូល យកទៅរៀនមុខជំនាញក៏មិនព្រមទៅដែរ ព្រោះសុំទាន គេស្រួលជាង។ ដូច្នេះគួរបងប្អូនមើលគំរូលោក ភារុណ ផង ដែលគាត់ពិការនៅតែលើរទេះរុញ តែ មានសមត្ថភាពរកស៊ីចិញ្ចឹមប្រពន្ធកូនបាន…”៕

RELATED ARTICLES