Thursday, March 28, 2024
Homeព័ត៌មានជាតិកម្មករម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីបាក់ដីសង្កត់ជម្រៅ៣ម៉ែត្រ

កម្មករម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីបាក់ដីសង្កត់ជម្រៅ៣ម៉ែត្រ

ខេត្តក្រចេះ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈ ដែលកំពុងធ្វើការសុខៗ ក៏ស្រាប់តែរណ្តៅដីចាក់បេតុងសង់ស្ថានីយប្រេងមួយកន្លែង បានបាក់សង្កត់ស្លាប់នៅបាតរណ្តៅ កាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចការដ្ឋានសាងសង់ស្ថានីយប្រេងមួយកន្លែង ស្ថិតក្នុងភូមិពង្រ៣ ឃុំពង្រ ស្រុកឆ្លូង។

បុរសរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍បាក់រណ្តៅដីចាក់គ្រឹះខាងលើនេះ មានឈ្មោះ ឡាំង ធារ៉ា អាយុ៣១ឆ្នាំ ធ្វើការ និងស្នាក់នៅក្នុងការដ្ឋានកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមនិងអ្នករួមការងារជាមួយគ្នា២នាក់ទៀត កំពុងធ្វើការរបស់ខ្លួន នៅចំណុចមាត់រណ្តៅចាក់គ្រឹះស្ថានីយប្រេង ដែលពួកខ្លួនកំពុងសាងសង់ លុះបន្តិចក្រោយមក ស្រាប់តែដីបានបាក់ចុះទៅក្រោម បណ្តាលឱ្យជនរងគ្រោះធ្លាក់ចូលទៅក្នុងរណ្តៅជម្រៅប្រមាណ៣ម៉ែត្រ និងត្រូវដីសង្កត់ស្លាប់នៅបាតរណ្តៅយ៉ាងអាណោចអាធ័មបំផុត រីឯកម្មករ២នាក់ទៀត បានស្ទុះលោតគេចខ្លួនទាន់។

ក្រោយកើតហេតុ សពរបស់ជនរងគ្រោះត្រូវបានក្រុមកម្មកររួមការងារជាមួយគ្នា ជួយគាស់ចេញពីបាតរណ្តៅដី ដែលបាក់សង្កត់លុបពីលើ។ លុះបន្ទាប់ពីកាយយកសពជនរងគ្រោះបានហើយ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកច្ចិជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដីបាក់សង្កត់ស្លាប់ក្នុងរណ្តៅសសរគ្រឹះស្ថានីយប្រេងប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES