Saturday, April 20, 2024
Homeព័ត៌មានជាតិបុរសចំណាស់ត្រូវគេប្រទះឃើញសន្លប់ស្តូកស្តឹងមុខផ្ទះប្រជាពលរដ្ឋ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ

បុរសចំណាស់ត្រូវគេប្រទះឃើញសន្លប់ស្តូកស្តឹងមុខផ្ទះប្រជាពលរដ្ឋ ពេលនេះសមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹងនៅក្បែរមាត់លូមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង និងត្រូវគេសង្ស័យត្រូវជនដៃដល់វាយប្លន់យកកាបូបលុយ និងទូរស័ព្ទ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២១៧ ចម្ងាយប្រមាណ១០០ម៉ែត្រ ពីចំណតរថយន្តក្រុងសូរិយា ស្ថិតក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

បុរសរងគ្រោះខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៦០ឆ្នាំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានប្រទះឃើញបុរសវ័យចំណាស់ខាងលើ មិនដឹងថាទើបនឹងដើរមកពីណា រឺមួយមកពីផឹកស៊ីនៅឯណានោះទេ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ បានដេកដួលនៅចិញ្ចើមផ្លូវក្បែរ មាត់លូ នៅចំណុចមុខផ្ទះប្រជាពលរដ្ឋ ដោយផ្ទៃមុខប្រឡាក់សុទ្ធតែឈាម ដែលត្រូវគេសង្ស័យថា បុរសរងគ្រោះអាចនឹងត្រូវជនសង្ស័យវាយប្លន់យកកាបូបលុយ និងទូរស័ព្ទ ឬក៏អាចដើរដួលដោយខ្លួនឯង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មី២ បានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកក្នុងហោប៉ៅជនរងគ្រោះ ដើម្បីរកអត្តសញ្ញាណ ឬទូរស័ព្ទ ដើម្បីងាយស្រួលទំនាក់ទំនងទៅកាន់ក្រុមគ្រួសារ ប៉ុន្តែនៅក្នុងហោប៉ៅជនរងគ្រោះមិនមានអ្វីទាំងអស់ សូម្បីលុយកាក់ អត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទ ដោយមិនដឹងថា ជនរងគ្រោះមិនបានដាក់តាមខ្លួន ឬក៏ត្រូវជនសង្ស័យវ៉ៃប្លន់យកអស់នោះទេ។

បន្ទាប់មក សមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសុខលាភមេត្រី មកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល រួចសមត្ថកិច្ចនឹងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះតាមក្រោយ៕

RELATED ARTICLES