Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រពន្ធមានប្រុសថ្មី ប្តីប្តឹងសុំលែង!!! ២ឆ្នាំក្រោយ ប្រពន្ធកាន់បុ័ងតោគំរាមប្តី ១ថ្ងៃ២ដង

ប្រពន្ធមានប្រុសថ្មី ប្តីប្តឹងសុំលែង!!! ២ឆ្នាំក្រោយ ប្រពន្ធកាន់បុ័ងតោគំរាមប្តី ១ថ្ងៃ២ដង

ខេត្តរតនគិរី ៖ ស្ត្រីម្នាក់ ក្រោយពីលែងលះជាមួយប្តីអស់រយៈពេល២ឆ្នាំ ស្រាប់តែនៅសុខៗក៏កាន់កាំបិតប៉័ងតោមកគំរាមអតីតប្តី ១ថ្ងៃ ២ដង ដោយបានកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះប្តីអស់មួយចំនួន ព្រមទាំងគំរាមដេញអ្នកជួលផ្ទះរបស់អតីតប្តីឱ្យចាកចេញទាំងអស់ ដើម្បីយកដីមកប្រគល់ឱ្យខ្លួនជាប្រពន្ធ ទាំងគ្មានដីកាពីតុលាការ ឬអាជ្ញាធរណាដឹងឮទាល់តែសោះ។

ករណីស្ត្រីលែងប្តី២ឆ្នាំ កាន់កាំបិតប៉័ងតោគំរាមប្តី ១ថ្ងៃ២ដងនេះ បានកើតមានការភ្ញាក់ផ្អើលឡើងលើកទី១ នៅវេលាម៉ោង៨ព្រឹក និងលើកទី២ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទល់មុខសាលាស្រុកអណ្តូងមាស ស្ថិតក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស។

ស្ត្រីដែលកាន់កាំបិតប៉័ងតោមកគំរាមប្តី ១ថ្ងៃ២ដងនេះ មានឈ្មោះខិង ផាត់ណា អាយុ៣០ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកបុរសជាអតីតប្តី មានឈ្មោះលាវ ចាន់ថុល អាយុ៤៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមសម្តីបុរសជាអតីតប្តី បានរៀបរាប់ប្រាប់ថា រវាងគាត់ និងអតីតប្រពន្ធ ឈ្មោះខិង ផាត់ណា បានរៀបការជាមួយគ្នាត្រឹមត្រូវតាំងពីឆ្នាំ២០០១ ដោយរួមរស់បង្កើតបានកូន៤នាក់ (ប្រុស៣ ស្រី១)។ លុះមកដល់អំឡុងឆ្នាំ២០១៥ ប្រពន្ធបានលួចរត់ចេញពីផ្ទះទៅរួមរស់ជាមួយប្រុសថ្មីទៀត ទើបធ្វើឱ្យគាត់ជាប្តីទ្រាំមិនបាន ក៏ដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសុំលែងលះគ្នាតែម្តង។ ក្រោយមកតុលាការកបានចេញ សាលក្រមសម្រេចឱ្យលែងលះគ្នាតាមផ្លូវច្បាប់ និងចែកគោឱ្យទៅប្រពន្ធចំនួន៩ក្បាល។

បុរសជាអតីតប្តី បន្តថា  ក្រោយមកទៀត អតីតប្រពន្ធនេះក៏បានប្តឹងទៅតុលាការសុំចែកដីភូមិដែលគាត់រស់នៅសព្វថ្ងៃមួយចំណែកទៀត ដែលមានទទឹង៤០ម៉ែត្រ បណ្តោយ៦០ម៉ែត្រ ដោយក្នុងនោះ នាងសុំយក៣០ម៉ែត្រទទឹង ប៉ុន្តែ ត្រូវគាត់មិនយល់ព្រមចែកឱ្យអតីតប្រពន្ធច្រើនបែបនេះទេ ហើយគាត់ជាប្តីបានធ្វើផ្ទះសម្រាប់ជួលចំនួន៤បន្ទប់ ធ្វើពីឈើ គ្រាន់បានប្រាក់កម្រៃមកដោះស្រាយជីវភាព។

បុរសជាអតីតប្តី បានឱ្យដឹងទៀតថា ស្រាប់តែមកដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ គាត់បានឃើញអតីតប្រពន្ធ និងកូនប្រុសច្បង អាយុ១៣ឆ្នាំ បានកាន់កាំបិតប៉័ងតោ១ ចំណែកកូនប្រុសកាន់ពូថៅ១ និងកាំបិតប៉័ងតោ១ ចូលមកអុកឡុកផ្ទះជួលរបស់គាត់ ដោយបានគំរាមគាត់ និងកាប់របស់របរអស់មួយចំនួនធំ ព្រមទាំងបានកាប់បំផ្លាញរបស់របរអ្នកជួលបន្ទប់អស់មួយចំនួនទៀតផង ក្នុងបំណងដេញអ្នកជួលផ្ទះឱ្យចេញ ដើម្បីនាងយកដីផ្ទះនោះ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទាំងដែលគ្មានការអនុញ្ញាត ឬដីកាពីតុលាការទាល់តែសោះ និងថែមទាំងគ្មានការដឹងឮពីសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានថែមទៀត ដែលទង្វើនេះគឺជាទង្វើល្មើសច្បាប់ធ្ងន់ណាស់។ ចំណែកអ្នកជិតខាង រួមនិងអ្នកជួលផ្ទះរបស់គាត់ស្នាក់នៅ សុទ្ធតែលាន់មាត់ ដោយហួសចិត្តគ្រប់គ្នាថា មិនគួរណាអតីតប្រពន្ធនេះមកធ្វើសកម្មភាពរំលោភបំពានច្បាប់រំលោភសិទ្ធិគេឯង និងថែមទាំងកាន់កាំបិតគំរាមកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបែបនេះសោះ ព្រោះមិនទាន់មានដីកាពីតុលាការនៅឡើយ។

យ៉ាងណាក្តី បុរសជាអតីតប្តីរូបនេះ បានបញ្ជាក់ថា ប្រសិនបើមានសាលក្រមសម្រេចពីតុលាការត្រឹមត្រូវ គាត់នឹងប្រគល់ដី ឬផ្ទះនេះទៅឱ្យអតីតប្រពន្ធតាមការកំណត់របស់តុលាការ ដោយមិនប្រកែកឡើយ។

ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាអតីតប្រពន្ធ​ ឈ្មោះខិង ផាត់ណា បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES