Saturday, April 20, 2024
Homeព័ត៌មានជាតិក្មេងប្រុសនិងក្មេងស្រីឈ្លោះគ្នា!!! ឳពុកក្មេងស្រីយកប៊ិចចាក់ក្មេងប្រុសអាយុ៣ឆ្នាំ ហើយមិនទទួលខុសត្រូវ

ក្មេងប្រុសនិងក្មេងស្រីឈ្លោះគ្នា!!! ឳពុកក្មេងស្រីយកប៊ិចចាក់ក្មេងប្រុសអាយុ៣ឆ្នាំ ហើយមិនទទួលខុសត្រូវ

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីមិនទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួនជាមនុស្សចាស់ យកកំហឹងដាក់ខ្លួន យកប៊ិចចាក់ទៅលើដើមដៃក្មេងប្រុសម្នាក់អាយុទើប៣ឆ្នាំបណ្តាលឲ្យរងរបួសចូលសម្រាលពេទ្យ ផ្តើមចេញពីក្មេងៗប្រលែងលេងឈ្មោះគ្នា បែរជាឪពុកប្រើកម្លាំងកាយជំនួសកូនទៅវិញ។  បុរសខាងលើត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីអាណាព្យាបាលក្មេងរងគ្រោះហៅនាំមកនិយាយគ្នា នៅប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ប្រាក់ ចាន់តូ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិពោន ឃុំត្រពាំងសាលាខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវជាឪពុកក្មេងស្រីម្នាក់ អាយុ៥ឆ្នាំ ជាភាគីម្ខាង ។ ចំណែកក្មេងរងគ្រោះចូលសម្រាកពេទ្យ ឈ្មោះ សុភា លីជីន ភេទប្រុស អាយុ៣ឆ្នាំ សិស្សរៀននៅសាលា ប្រាយថាម៍ ជាមួយកូនស្រីជនបង្កខាងលើដែរ មានឪពុកឈ្មោះ សុឹម សុភា អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ មានម្តាយឈ្មោះ សាន សុខឡាយ អាយុ៣១ឆ្នាំ  មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើតភូមិត្រើយត្រឹង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

តាមស្រ្តីឈ្មោះ សាន សុខឡាយ ត្រូវជាម្តាយក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែធ្នូ ម្សិលមុិញ កូនប្រុសគាត់ទៅរៀន បានប្រលែងគ្នាលេងជាមួយក្មេងស្រី ជាកូនរបស់ជនបង្ក ហើយកូនប្រុសរបស់គាត់បានយកប៊ិចចាក់ដៃក្មេងស្រី តែរងរបួសស្រាល ត្រូវបានលោកគ្រូ អ្នកគ្រូ ប្រចាំសាលាប្រាយថាម៍ ចាប់ឃាត់ និងហៅអាណាព្យាបាលទាំងសងខាងទៅនិយាយគ្នា តែត្រូវបានឪពុកក្មេងស្រីបានទៅដល់មុន បែជារចាប់កូនប្រុសគាត់អាយុទើប៣ឆ្នាំ យកប៊ិចចាក់ដៃកូនប្រុសគាត់ បណ្តាលឲ្យរងរបួស នៅមុខលោកគ្រូ អ្នកគ្រូ ហើយដល់ថ្នាក់លោកគ្រូ អ្នកគ្រូ និយាយលែងស្តាប់ លុះពេលដែលខ្លួនជាម្តាយក្មេងប្រុសទម្រាំទៅដល់សាលា បំណងថា ទៅសូមទោសឪពុកម្តាយភាគីក្មេងស្រី ពេលទៅដល់បែរជាកើតមានរឿងមនុស្សចាស់ យកប៊ិចចាក់មកលើកូនគាត់ទៅវិញ បណ្តាលឲ្យរងគ្រោះចូលដេកសម្រាកពេទ្យ ។

ដោយមើលឃើញភាពមិនប្រក្រតី ដល់ថ្នាក់លោកគ្រូអ្នកគ្រូ ខិតខំព្យាយាមនិយាយសម្របសម្រួល តែភាគីជាឪពុកក្មេងស្រីនិយាយមិនស្តាប់គ្នាបាន ទើបម្តាយក្មេងរងគ្រោះប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ហៅភាគីសងខាងមកនិយាយសម្របសម្រួលគ្នា នៅតែបុរសខាងលើមិនទទួលខុសត្រូវ ប្រើសម្តីដូចមិនខ្លាចញញើតច្បាប់ មិនដឹងខ្លួនជាមនុស្សចាស់ ប្រើអំពើហិង្សាទៅលើកូនក្មេងអាយុ៣ឆ្នាំ បណ្តាលឲ្យរងរបួសចូលពេទ្យ ហើយមិនទទួលខុសត្រូវទៀត សមត្ថកិច្ចសម្រេចឃាត់ខ្លួនបុរសបង្ក ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី  ទោះជាម្តាយក្មេងប្រុសរងគ្រោះចង់បានតែម្យ៉ាង សូមឲ្យភាគីបង្កទទួលខុសត្រូវនូវទង្វើររបស់ខ្លួនក៏ដោយ។

នៅចំពោះមុខសមត្ថកិច្ច បុរសបង្កបានឲ្យដឹងថា ខ្លួនពិតជាយកប៊ិចចាក់ទៅលើដៃក្មេងប្រុស អាយុ៣ឆ្នាំពិតប្រាកដមែន ដោយសារខឹងក្មេងរងគ្រោះ វាយកូនស្រីរបស់គាត់ ក៏ប៉ុន្តែគាត់មិនទទួលខុសត្រូវឡើយ៕

RELATED ARTICLES