Friday, April 26, 2024
Homeព័ត៌មានជាតិកើតទុក្ខមិនសុខចិត្ត!!! រំលោភនាងសម្រេច៣ដងហើយ ខឹងនាងស្រែក ទាញដំបងសំពងបែកក្បាលថែមទៀត

កើតទុក្ខមិនសុខចិត្ត!!! រំលោភនាងសម្រេច៣ដងហើយ ខឹងនាងស្រែក ទាញដំបងសំពងបែកក្បាលថែមទៀត

ភ្នំពេញ ៖ នារីវ័យក្មេងបម្រើការនៅហាងកោសជប់ម៉ាស្សាម្នាក់ ត្រូវប្រុសព្រានលួងលោមឱ្យឈប់ធ្វើជាស្រីម៉ាស្សា មកធ្វើជាចុងភៅក្នុងយានដ្ឋានជួសជុលរថយន្តដែលខ្លួនធ្វើការវិញ  ដោយទទួលបានប្រាក់ខែខ្ពស់គួរសម លុះចូលធ្វើការមិនបានប៉ុន្មាន ក៏ត្រូវប្រុសព្រានជាពោះម៉ាយប្រពន្ធលែងក្បាលចោល ចាប់បង្ខំរំលោភសេពសន្ថវៈជាបន្តបន្ទាប់ រហូតដល់បានសម្រេចចំនួន៣ដង លុះនារីរងគ្រោះស្រែកឆោឡោ ក៏ត្រូវប្រុសល្មោភកាមផ្ទុះកំហឹង ទាញដំបងសំពងបែកក្បាលថែមទៀត ទើបធ្វើឱ្យនារីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏ដាក់ពាក្យបណ្តឹងប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យល្មោភកាមរូបនោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីបុរសពោះម៉ាយចាប់រំលោភសេពសន្ថវៈនារីវ័យក្មេង៣ដង និងថែមទាំងវាយសំពងនារីរងគ្រោះ បណ្តាលឱ្យបែកក្បាលទៀតនោះ បានកើតឡើងជាបន្តបន្ទាប់ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ (រំលោភសម្រេចម្តង) និងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ (រំលោភសម្រេច២ដង រួចវាយ១ដំបងបែកក្បាល) នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង ស្ថិតនៅតាមផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចយានដ្ឋានជួសជុលរថយន្ត ដែលជាទីតាំងកើតហេតុខាងលើ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះជា សុខអួន អាយុ៤១ឆ្នាំ ជាបុរសពោះម៉ាយប្រពន្ធលែង មានមុខរបរជាជាងជួសជុលផ្នែកជើងក្រោម ស្នាក់នៅក្នុងយានដ្ឋានជួសជុលរថយន្ត (ទីតាំងកើតហេតុខាងលើ) និងមានស្រុកកំណើតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។ ចំណែកនារីរងគ្រោះ មានឈ្មោះវ.ស.ណ អាយុ២២ឆ្នាំ អតីតជានារីបម្រើការងារនៅហាងកោសជប់ម៉ាស្សា បច្ចុប្បន្នជាចុងភៅក្នុងយានដ្ឋានខាងលើ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីនារីរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយ នាងបម្រើការងារនៅក្នុងហាងម៉ាស្សាមួយកន្លែង ហើយក្រោយមក ក៏បានស្គាល់គ្នាជាមួយនឹងជនសង្ស័យ ដោយសារជនសង្ស័យធ្លាប់បានចូលទៅម៉ាស្សានៅកន្លែងនាងធ្វើការ៤-៥ដង។ បន្ទាប់មក ជនសង្ស័យខាងលើបានព្យាយាមនិយាយបញ្ចុះបញ្ចូលលួងលោមប្រើ ល្បិចបញ្ឆោតហៅនាងឱ្យមកធ្វើជាចុងភៅនៅកន្លែងយានដ្ឋាន ដែលជនសង្ស័យកំពុងធ្វើការ ដោយអាចទទួលបានប្រាក់ខែចំនួន២០០ដុល្លារ។

នារីរងគ្រោះបន្តថា ដោយសារតែមើលឃើញថា ប្រាក់ឈ្នួលគួរសមដែរ ទើបធ្វើឱ្យនាងសម្រេចចិត្តផ្លាស់ប្តូរមុខរបរពីនារីម៉ាស្សា មកធ្វើជាចុងភៅវិញ តាមការលួងលោមរបស់ជនសង្ស័យ ដោយនាងបានចូលបម្រើការជាចុងភៅក្នុងយានដ្ឋានខាងលើ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ លុះមកដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់បង្ខំរំលោភសេពសន្ថវៈនាងទាំងកំរោល រហូតដល់បានសម្រេច១លើក និងថែមទាំងបានគំរាមនាងថា ប្រសិនបើនាងហ៊ាននិយាយប្រាប់គេ ឬប្តឹងប៉ូលិស នាងអាចនឹងអស់ការងារធ្វើ ហើយគេនឹងវាយធ្វើបាបនាងឱ្យដឹងដៃថែមទៀតផង ទើបធ្វើឱ្យនាងព្រួយបារម្ភ ខ្លាចអស់ការងារធ្វើផង ខ្លាចជនសង្ស័យវាយធ្វើបាបផង  ក៏សុខចិត្តស៊ូទ្រាំខាំមាត់សង្កត់ចិត្តលាក់បាំង តែក្នុងចិត្តមិនហ៊ាននិយាយប្រាប់អ្នកណាម្នាក់ឡើយ។

នារីរងគ្រាះបានឱ្យដឹងទៀតថា រហូតមកដល់យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យក៏បានលបចូលមកធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងរហូតដល់បានសម្រេច២ដង ផ្ទួនៗគ្នាទៀតផង ទើបនាងទ្រាំមិនបានក៏ស្រែកហៅគេឱ្យជួយ ស្រាប់តែជនសង្ស័យផ្ទុះកំហឹង ក៏ទាញដំបងវាយសំពងនាង បណ្តាលឱ្យរងរបួសបែកក្បាលតែម្តង។

នារីរងគ្រោះបានបញ្ជាក់ថា ដោយសារតែអត់ទ្រាំទៅនឹងទង្វើអសីលធម៌ពីសំណាក់បុរសល្មោភកាមខាងលើនេះតទៅទៀតលែងបាន  ណាមួយនឹកគិតថា បើមិនរាយការណ៍ប្រាប់ប៉ូលិសឱ្យចាត់ការទេនោះ នាងកាន់តែវេទនាខ្លាំងជាងនេះទៀត ពិសេសអាចត្រូវគេវាយធ្វើបាបរហូតដល់ស្លាប់នៅថ្ងៃណាមួយមិនខាន ហេតុនេះហើយ ទើបនាងបានសម្រេចចិត្តទម្លាយរឿងរ៉ាវនេះប្រាប់ទៅសាច់ញាតិ បន្ទាប់មក នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នាងក៏មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ដើម្បីឱ្យជួយអន្តរាគមន៍ រហូតឈានដល់កា់រ ចាប់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះភ្លាម កម្លាំងនគរបាលបានចុះទៅតាមរកជនសង្ស័យនៅយានដ្ឋានខាងលើ តែជនសង្ស័យទំនងជាដឹងខ្លួនមុន ក៏បានគេចខ្លួនបាត់។ បន្ទាប់មក នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យ ក៏បានវិលចូលក្នុងយានដ្ឋានវិញ ទើបនារីរងគ្រោះឃើញរាយការណ៍ប្រាប់ប៉ូលិសចុះទៅឃាត់ខ្លួនបានតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ជា សុខអូន បានសារភាពប្រាប់ថា ខ្លួនគឺជាបុរសពោះម៉ាយលែងលះជាមួយប្រពន្ធ ក្រោយមកខ្លួនបានចូលទៅម៉ាស្សានៅកន្លែងនារីរងគ្រោះ បម្រើការបានចំនួន៤ដង ក៏ស្គាល់គ្នាជាមួយនារីរងគ្រោះ។ លុះមើលឃើញនារីរងគ្រោះ ហាក់ដូចមាននិស្ស័យ ណាមួយនឹកអាណិតចង់ឱ្យនាងមានការងារល្អត្រឹមត្រូវធ្វើផង ទើបខ្លួនបានលួងលោមហៅនាងពីកន្លែងម៉ាស្សា ឱ្យមកធ្វើជាចុងភៅនៅយានដ្ឋានជួលជុលរថយន្តដែលខ្លួនកំពុងបម្រើការតែម្តង។

ជនសង្ស័យខាងលើ បានបន្តថា ចំណែករឿងរួមភេទជាមួយគ្នានោះ គឺខ្លួននិងនារីរងគ្រោះពិតជាធ្លាប់បានរួមរ័កគ្នាចំនួន៣ដងប្រាកដមែន ដោយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ រួមរ័កបានម្តង បន្ទាប់មកថ្ងៃទី០៤ ខែធ្នូ រួមរ័កជាមួយគ្នាបាន២ដងទៀត ហើយសុទ្ធតែមានការព្រមព្រៀងត្រូវរ៉ូវគ្នាទាំងអស់ ពោលគឺគ្មានភាគីណាចាប់បង្ខំភាគីណានោះទេ។ រីឯរឿងដែលខ្លួនប្រើអំពើហិង្សាទៅលើនារីរងគ្រោះវិញ គឺដោយសារតែរឿងប្រចណ្ឌ ព្រោះខ្លួនបានឃើញនារីរងគ្រោះនិយាយទូរស័ព្ទច្រើនជាមួយប្រុសផ្សេង ទើបធ្វើឱ្យខ្លួនកើតមានចិត្តប្រចណ្ឌ ខឹងពេក ទប់ចិត្តមិនបាន ក៏វាយតែម្តងទៅ។

ទោះជាភាគីខាងប្រុសព្យាយាមឆ្លើយដោះបន្ទុកថា ករណីខាងលើ គឺជាការត្រូវរ៉ូវព្រមព្រៀងគ្នាយ៉ាងណា ប៉ុន្តែផ្អែកទៅលើបណ្តឹងរបស់នារីរងគ្រោះសមត្ថកិច្ចសម្រេចរៀបចំកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES