Friday, March 29, 2024
Homeព័ត៌មានជាតិ២នាក់បងប្អូនបង្កើត វាយបុគ្គលិកក្នុងហាងផឹកសុី ម្ចាស់ហាងទារសំណង៣០០០ដុល្លារ

២នាក់បងប្អូនបង្កើត វាយបុគ្គលិកក្នុងហាងផឹកសុី ម្ចាស់ហាងទារសំណង៣០០០ដុល្លារ

ភ្នំពេញ ៖ យុវជន២នាក់បងប្អូន បាននាំគ្នាចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែង ក្នុងបរិវេណមជ្ឈមណ្ឌលកោះពេជ្រ លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែក ហៅបុគ្គលិកហាងគិតលុយ រួចក៏យកដៃអង្អែលក្បាលបុគ្គលិកហាង ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីតិចតួច ស្រាប់តែជើងខ្លាំងទាំង២នាក់បងប្អូន បានព្រួតគ្នាវាយទៅលើបុគ្គលិកហាង បណ្តាលឱ្យបុគ្គលិកប្រុសស្រី២នាក់ទទួលរងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចហាងផឹកស៊ីយីហោលំអ តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនបង្កហេតុទាំង២នាក់បងប្អូនបង្កើតនោះ រួមមានទី១-ឈ្មោះសាន់ សុខអូន អាយុ២១ឆ្នាំ មុខរបរបុគ្គលិកបម្រើការងារនៅសណ្ឋាគារសំណាងល្អ ម្តុំអូឡាំពិក ខណ្ឌចំការមន ស្នាក់នៅផ្ទះជួល ម្តុំវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២-ឈ្មោះសាន់ ចិន្តា អាយុ២៣ឆ្នាំ ត្រូវជាបងប្រុសបង្កើតរបស់ឈ្មោះសាន់ សុខអូន ធ្វើការនិងស្នាក់នៅជាមួយគ្នា។ ចំណែកជនរងគ្រោះទាំង២នាក់ រួមមាន ទី១-ឈ្មោះ ស្នា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរអ្នករត់តុ (រងរបួសស្រាល) និងទី២-មិនស្គាល់ឈ្មោះ ភេទប្រុស មុខរបរអ្នករត់តុក្នុងហាងលំអ ស្ថិតនៅទីតាំងកើតហេតុខាងលើជាមួយគ្នា (រងរបួសធ្ងន់)។

តាមសម្តីស្ត្រីឈ្មោះយ៉ា អាយុ២៨ឆ្នាំ មុខរបរអ្នកកត់មុខម្ហូបហាងលំអ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនបង្កហេតុ២នាក់បងប្អូនបង្កើតខាងលើ រួមនិងមិត្តភក្តិប្រុសៗ២នាក់ទៀត សរុប៤នាក់ បាននាំគ្នាចូលមកផឹកស៊ីនៅក្នុងហាងរបស់គាត់ តាំងពីម៉ោង៤រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដោយផឹកសុទ្ធតែស្រាថូធំ។ លុះផឹកស៊ីរហូតដល់វេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន យុវជនម្នាក់ជាបងបានជូនមិត្តភក្តិ២នាក់ចេញទៅក្រៅ ដោយទុកឱ្យជនបង្កហេតុជាប្អូនប្រុសនៅចាំនៅកន្លែង ចំណែកជនបង្កហេតុជាប្អូនស្រវឹងស្រា ចេះតែដើរជល់កែវគេឯងពេញហាង។ លុះមួយសន្ទុះក្រោយមក ទើបបងប្រុសជនបង្កហេតុ ត្រឡប់មកវិញ រួចក៏អង្គុយផឹកបន្តបានបន្តិច ក៏ហៅឱ្យគិតលុយ លុះពេលបុគ្គលិកហាងម្នាក់ទៅគិតលុយ ស្រាប់តែជនបង្កហេតុជាប្អូនប្រុសបានយកដៃទៅអង្អែលក្បាលបុគ្គលិកក្នុងហាងលេង ធ្វើឱ្យបុគ្គលិកនោះខឹង ក៏ថាឱ្យបន្តិចបន្តួច ស្រាប់តែជនបង្កហេតុផ្ទុះកំហឹង ក៏យកមួកសុវត្ថិភាពទៅវ៉ៃលើបុគ្គលិកហាងរូបនោះ ចំនួន៣ទៅ៤មួក បណ្តាលឱ្យរងរបួសធ្ងន់។ បន្ទាប់មក ជនបង្កហេតុក៏បានស្ទុះទៅវ៉ៃបុគ្គលិកស្រីឈ្មោះស្នា ចំមាត់១ដៃទៀត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញហាង និងធ្វើឱ្យអ្នកដែលកំពុងផឹកស៊ីក្នុងហាង មានការភិតភ័យនាំគ្នារត់ប្រសាចចេញពីក្នុងហាងអស់ ទាំងដែលភាគច្រើនមិនទាន់បានគិតលុយនៅឡើយ។ ឃើញបែបនេះ ទើបថៅកែហាងបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ចុះឃាត់ខ្លួនជនបង្កហេតុទាំង២នាក់បងប្អូន នាំយកទៅដោះស្រាយគ្នានៅប៉ុស្តិ៍តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុ ឈ្មោះសាន់ សុខអូន ដែលរងរបួសបែកក្តោងច្រមុះផងនោះ បានអះអាងថា នៅមុនពេលកើតហេតុ រូបគេនិងបងប្រុសបង្កើត រួមនិងមិត្តភក្តិ២នាក់ទៀត បានទៅផឹកស៊ីនៅចំណុចហាងខាងលើ លុះមកដល់ម៉ោងកើតហេតុខាងលើ ខណៈដែលបងប្រុសបានជូនមិត្តភក្តិ២នាក់ទៅផ្ទះ នៅម្តុំមន្ទីរពេទ្យរុស្សី មិនដឹងថា ជាបុគ្គលិកហាង ឬក៏ភ្ញៀវនោះទេ បានវ៉ៃរូបគេបណ្តាលឱ្យបែកមុខ និងបែកក្តោងច្រមុះ ទើបរូបគេខឹងពេក ក៏វាយបុគ្គលិកហាងនឹងមួកការពារសុវត្ថិភាព ធ្វើឱ្យផ្អើលភ្ញៀវរត់ចេញអស់ទៅ។

ក្រោយពេលកើតហេតុ ដោយសារតែយុវជន២នាក់បងប្អូនខាងលើ ជាអ្នកបង្កភាពចលាចលក្នុងហាង ធ្វើឱ្យផ្អើលភ្ញៀវរត់ចេញអស់ពីហាង ទើបម្ចាស់ហាងបានសម្រេចប្តឹងទាមទារថ្លៃខូចខាតរបស់របរ និងភ្ញៀវខ្លះហូបចុករួចមិនទាន់គិតលុយ បានរត់ចេញបាត់ ដោយសរុបទៅអស់ចំនួន៣០០០ដុល្លារ។ យ៉ាងណាក្តី ភាគីទាំងសងខាងនៅមិនទាន់ចរចាគ្នាត្រូវនៅឡើយទេ ដោយភាគីជនបង្កហេតុអះអាងថា ម្ចាស់ហាងទារថ្លៃពេក ពួកគេគ្មានលទ្ធភាពសងទេ ហេតុនេះត្រូវរង់ចាំដោះស្រាយបន្តទៀត៕

RELATED ARTICLES