ភ្នំពេញ ៖ កូនឈ្នួលអ្នកមើលថែផ្ទះ ប្រុសស្រី២នាក់ ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឱ្យប៉ូលិស យកទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ពីបទលួចគ្រឿងអលង្ការ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល នៅផ្ទះលេខ២៦ ផ្លូវលេខ៣៦៣ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនរងគ្រោះឈ្មោះអ៊ឹម សាវី ភេទស្រី អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះសុខ ហេង ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ (អ្នកលួច) និងទី២-ឈ្មោះឆាយ សុភា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (អ្នកសមគំនិត)។
តាមប្រភពពីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង៣រសៀល ជនសង្ស័យឈ្មោះសុខ ហេង បានចូលក្នុងបន្ទប់គាត់ហើយ លួចយកខ្សែដៃដាំពេជ្រ ១ខ្សែ ដែលគាត់ដាក់នៅក្នុងប្រអប់ទុកលើពូក តែពេលនោះ គាត់បានដឹងភ្លាមៗ ក៏សួរនាំជនសង្ស័យ រួចក៏យកខ្សែដៃនោះមកឱ្យគាត់វិញ។
ប្រភពបន្តថា កន្លងមក កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះសុខ ហេង បានលួច ក្រវិលកាវដាំត្បូងពេជ្រ១គូ តម្លៃ៣ម៉ឺនដុល្លារ ទៅឱ្យជនសង្ស័យឈ្មោះឆាយ សុភា យកទៅលក់ឱ្យមនុស្សប្រុសម្នាក់ បានលុយ១២០០ដុល្លារ ហើយក្រោយមកជនសង្ស័យ ឈ្មោះសុខ ហេង បានលួចខ្សែកស្វារ៉េដាំត្បូងពេជ្រ តម្លៃ២ម៉ឺនដុល្លារ ទៅឱ្យជនសង្ស័យ ឈ្មោះឆាយ សុភា ទៅលក់ឱ្យមនុស្សប្រុសម្នាក់ បានលុយ៤៥០០ដុល្លារ រួចឈ្មោះសុខ ហេង ឱ្យថ្លៃឈ្នួលលក់២០០ដុល្លារ និង១០០០ដុល្លារទៀត ឱ្យទៅឈ្មោះឆាយ សុភា ប៉ុន្តែដោយសារចាប់ភ័ស្តុតាងមិនបាន ទើបគាត់មិនចាប់ខ្លួនជនសង្ស័យ តែជនសង្ស័យធ្លាប់លួចបាន ក៏ចូលមកលួចម្តងទៀត នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ តែត្រូវបានគាត់ប្រទះឃើញ ក៏ហៅឈ្មោះសុខ ហេង មកសួរនាំដឹងរឿងទាំងអស់ខាងលើ ក៏នាំជនសង្ស័យឈ្មោះសុខ ហេង និងអ្នកសមគំនិតម្នាក់ទៀតឈ្មោះ ឆាយ សុភា យកមកប្រគលឱ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕