Friday, March 29, 2024
Homeព័ត៌មានជាតិជាប់គុក១៥ឆ្នាំ ពូបង្កើតរឹតកសម្លាប់ក្មួយស្រី

ជាប់គុក១៥ឆ្នាំ ពូបង្កើតរឹតកសម្លាប់ក្មួយស្រី

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករដៃឆៅ ដែលធ្វើសកម្មភាពរឹតកសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួនដល់ក្នុងផ្ទះ រួចប្លន់យកគ្រឿងអលង្ការ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ នៅចំណុចភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ត្រូវបានតុលាការសម្រេចប្រកាសសាលាក្រមផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល១៥ឆ្នាំ កាលពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧។

ក្រោយពីបានបើកសវនាការដេញដោលចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ លោកលឹម មករន្ទ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទជា ពូបង្កើតដែលសម្លាប់ក្មួយស្រីប្លន់គ្រឿងអលង្ការ ដាក់ពន្ធនាគាររយៈពេល១៥ឆ្នាំ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយជនដៃដល់ជាឃាតករម្នាក់ បានធ្វើសកម្មភាពរឹតកសម្លាប់ក្មួយស្រីបង្កើតរបស់ខ្លួន រួចបានប្លន់យកទូរស័ព្ទ និងគ្រឿងអលង្ការមួយចំនួនទៀត។ ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃដដែល នៅចំណុចបន្ទប់ជួល ក្នុងភូមិជ្រោយអម្ពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនដៃដល់ជាឃាតករដែលរឹតកសម្លាប់ក្មួយស្រីបង្កើតប្លន់យកគ្រឿងអលង្ការនោះ មានឈ្មោះពៅ វុទ្ធី អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ដែលសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនខាងលើ។ ចំណែកនារីរងគ្រោះដែលត្រូវឃាតកររឹតកសម្លាប់ មានឈ្មោះពៅ សុភ័ក្ត្រ អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានម្តាយឈ្មោះស្រី នាង អាយុ៣៩ឆ្នាំ ជាមន្ត្រីរដ្ឋសភា មានប្តីក្រោយឈ្មោះ ពៅ ដាវី អាយុ៤០ឆ្នាំ ជាមន្ត្រីរដ្ឋសភាដូចគ្នា សព្វថ្ងៃស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេបានជិះកង់ចេញពីបន្ទប់ជួលក្នុងគោលបំណងទៅលេងឪពុកម្តាយនារីរងគ្រោះ តែចៃដន្យទៅដល់ឪពុកម្តាយនាងមិននៅ ដោយក្នុងផ្ទះសល់តែនារីរងគ្រោះ និងប្អូនស្រីតូចម្នាក់ទៀតប៉ុណ្ណោះ ទើបរូបគេបានអង្គុយលេងមើលទូរទស្សន៍នៅក្នុងផ្ទះ បន្ទាប់មកក៏ប្រទះទូរស័ព្ទម៉ាក iPhone 5 ពណ៌ខ្មៅ របស់នារីរងគ្រោះ ដាក់នៅលើទូរទស្សន៍ កំពុងបញ្ចូលថ្ម ទើបរូបគេក៏ដកទូរស័ព្ទនោះចេញពីឆ្នាំងសាក រួចដាក់ចូលក្នុងហោប៉ៅ ស្រាប់តែភ្លាមនោះ នារីរងគ្រោះបានប្រទះឃើញ ក៏ស្រែកថាចោរៗ ធ្វើឱ្យរូបគេភ័យពេក ក៏ចាប់ខ្ទប់មាត់នាងជាប់ រួចអូសនាងចូលទៅក្នុងបន្ទប់ដេក បន្ទាប់មក ក៏យកខ្សែភ្លើងឧបករណ៍កៀបសក់ មករឹតកនាងរហូតដល់ដាច់ខ្យល់ស្លាប់តែម្តង រួចក៏ដោះយកកងដៃរបស់នារីរងគ្រោះដែលពាក់ជាប់នឹងដៃ។ ចំណែកក្មេងស្រីតូចម្នាក់ទៀត ត្រូវជាក្មួយស្រីរបស់គេដែរនោះ រូបគេមិនដាច់ចិត្តសម្លាប់នោះទេ គឺគ្រាប់តែយកកន្សែងពោះគោចងដៃជើងប៉ុណ្ណោះ រួចក៏ចំហរទ្វារបន្ទប់ និងបានពាក់ម៉ាស់ក៍ ជិះកង់ចេញពីផ្ទះនារីរងគ្រោះ ឆ្ពោះទៅបន្ទប់ជួលរបស់ខ្លួនវិញ តែរូបគេបានឆ្លៀតទៅលក់ទូរស័ព្ទនៅផ្សារគគីរ ស្ថិតក្នុងភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល សិន ដោយលក់ទូរស័ព្ទនៅហាង នួន សៅមុនី ថតរូប និងផ្តិតរូប បានតម្លៃ៤៥ដុល្លារ ចំណែកកងដៃនារីរងគ្រោះរូបគេបានយកទៅលក់នៅ ក្នុងផ្សារគគីរ បានតម្លៃ៦០ដុល្លារប៉ុណ្ណោះ៕

RELATED ARTICLES