Wednesday, December 25, 2024
Homeព័ត៌មានជាតិខឹងប្តីចុះចោល កូនស្រីវ៉ៃម្តាយសន្លប់

ខឹងប្តីចុះចោល កូនស្រីវ៉ៃម្តាយសន្លប់

ធម្មតាម្តាយ ទោះស្លូតកាច អាក្រក់ល្អយ៉ាងណា ក៏គាត់ជាព្រះកន្លោងរបស់កូន ត្រូវតែកូនគោរព ប្រណិប័តន៍ មិនអាចប្រមាថបានឡើយ។ ផ្ទុយទៅវិញ ស្រីជើងខ្លាំងម្នាក់នេះ ហ៊ានលើកដំបងសំពង ម្តាយរហូតដល់សន្លប់ ព្រោះតែខឹងម្តាយបង្កបញ្ហា បណ្តាលឱ្យប្តីនាងរត់ទៅប្រទេសថៃ ដែលសកម្មភាព កូនស្រីអកតញ្ញូនេះ រងការថ្កោលទោសជុំទិស…។

នាងច្រៃ សាមី អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវអ្នកស្រុកថ្កោលទោសជុំទិសថា ជាកូនអកតញ្ញូ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងមាន ឪពុកឈ្មោះស៊ុន ច្រៃ (ស្លាប់) ម្តាយឈ្មោះហ៊ន ស៊ុង អាយុ៥២ឆ្នាំ នាងមានបងប្អូន២នាក់ តែបច្ចុប្បន្ន ប្អូនស្រី នោះ បានរៀបការបែកទ្រនំចេញទៅនៅខាងប្តីទៅហើយ នៅតែម្តាយទេ ដែលកំពុងរស់នៅក្រោមបន្ទុករបស់ នាង ទុកឱ្យនាងរកស៊ីចិញ្ចឹមទាំងលំបាក ព្រោះគាត់មិនព្រមចេញសោះ។ មូលហេតុដែលនាងវ៉ៃម្តាយរបួសធ្ងន់ នោះ គឺមកពីម្តាយនោះ ធ្វើបាបនាងពេក។ កាលនាងចូលវ័យក្រមុំថ្មីៗ បានចេញទៅធ្វើការបម្រើតាមផ្ទះគេ នៅឯប្រទេសម៉ាឡេស៊ី តែងសន្សំប្រាក់ផ្ញើមកជូនម្តាយជាហូរហែ ដែលកាលនោះ ឪពុកនាងជាជនពិការមិន អាចរកស៊ីកើត។ ពេលបានលុយដល់ដៃ ម្តាយ នាងគិតតែសប្បាយស៊ីចាយផឹកស៊ីគ្មានសល់លុយ ដែលនាង ផ្ញើមកឧបត្ថម្ភនោះទេ រហូតដល់ពេលនាងវិលមកស្រុកវិញ សល់តែសំបកខ្លួន។

អ្នកស្រីហ៊ន ស៊ុន (ដៃកាន់ផ្លាក) និងលោកស៊ុន ច្រៃ (កាលនៅរស់)

នាងច្រៃ សាមី បន្តទៀតថា ក្រោយមក នាងក៏ទាក់ទងបានចេញទៅធ្វើការនៅម៉ាឡេស៊ី ជាលើកទី២ តែម្តង នេះ នាងលែងហ៊ានផ្ញើឱ្យម្តាយទុកដាក់ទៀតហើយ ដោយផ្ញើមកឱ្យម្តាយមីងជួយទុកវិញ បណ្តាលឱ្យម្តាយ នាងខឹងសម្បា ប្រើល្បិចជាឡប់សតិសរសៃប្រសាទឱ្យអ្នកភូមិ អាណិត ហើយនាំគ្នាទម្លាក់កំហុសមកលើនាង។ លុះគ្រប់៣ឆ្នាំ នាងបានវិលមកដល់មាតុភូមិវិញ ចាត់ចែងយកលុយដែលផ្ញើម្តាយមីងមកសង់ផ្ទះ ហើយក៏មានកំលោះម្នាក់ស្តីដណ្តឹងរៀបការតាម ប្រពៃណី។ ចំណែកម្តាយនាងបាន រស់នៅក្នុងបន្ទុករបស់នាង ប៉ុន្តែគាត់ចង់សងសឹកពីរឿងនាងមិនឱ្យគាត់កាន់ លុយ ក៏រករឿងដេញនាងចេញ ព្រោះដីសង់ផ្ទះ គាត់ថាជាដីគាត់ ដែលតាមពិត ដីនេះ ខ្មោចឪពុក បានចែកឱ្យនាងរួចហើយ។ ម្តាយនេះតែងដើរបរិហារហែកកេរ្តិ៍នាង ជាកូន និងបង្ករឿងក្នុងគ្រួសារ រហូតដល់ប្តីនាងពិបាកទ្រាំពេក ក៏រត់ទៅធ្វើការ ឯស្រុកថៃ បាត់។ ដោយពិបាករស់នៅជាមួយគ្នាពេក នាងក៏ចាត់ចែងសង់ខ្ទម មួយនៅពីក្រោយផ្ទះធំ ឱ្យម្តាយរស់នៅម្នាក់ឯង ប៉ុន្តែដោយសារអ្នក ភូមិរិះគន់ នាងពេក ទើបនាងហៅម្តាយឱ្យមក នៅក្រោមដំបូលជាមួយវិញ។

នាងច្រៃ សាមី និងកូន

នាងច្រៃ សាមី បន្ថែមទៀតថា ពេលនាងហៅមកនៅជាមួយវិញនោះ ម្តាយ នេះប្រើល្បិចកលបំផ្លាញនាងឱ្យរលាយរលត់ និងប្រើវិធីយ៉ាងណាឱ្យនាង និង ប្តីព្រាត់ប្រាសគ្នា គឺគេទ្រាំមិនបាននឹងម៉ែក្មេក ក៏ដើរចេញពីផ្ទះ ផ្សងព្រេងទៅស្រុកថៃ មិនដឹងជាថ្ងៃណាវិលវិញ ឬក៏មានប្រពន្ធចុងក៏មិនដឹង។ ឯរឿងដែលនាងវាយ ម្តាយដល់សន្លប់នោះ គឺមូលហេតុមកពីគាត់យកបាយទៅដាក់ឱ្យឆ្កែស៊ី ខណៈដែល មាន់កំពុងរកចំណីខ្ញៀវខ្ញា ដែលពេលនោះនាងប្រាប់ថា កុំទាន់ឱ្យបាយឆ្កែស៊ីអី ក្រែងមាន់ដណ្តើមបាយ នាំឱ្យឆ្កែខឹងខាំមាន់ងាប់។ ទោះជានាងប្រាប់យ៉ាងណា ក៏ម្តាយនេះមិនស្តាប់ទេ ក៏យកបាយទៅដាក់ឱ្យឆ្កែស៊ី ស្រាប់តែមាន់ដណ្តើមបាយ ស៊ីប្រញាយ ឯឆ្កែវាខឹងក៏សង្គ្រប់ខាំមាន់ងាប់អស់មួយទៅ។ ដោយទប់កំហឹង មិនបាន នាងក៏ទាញដំបងសំពងគាត់ដួលសន្លប់ទៅ ហើយត្រូវបានសាច់ញាតិដឹកយកទៅព្យាបាលបាត់។ ហើយឥឡូវអ្នកជិតខាង ក៏ដូចមេភូមិចោទនាង ជា កូនអកតញ្ញូ តែនាងមិនឈឺក្បាលហាលថ្ងៃអីទេ ថា អីថាទៅ ព្រោះម៉ែរបៀបហ្នឹង ទាល់តែវ៉ៃឱ្យសន្លប់ ទើបរាងចាល។

ដីផ្ទះ ដែលនាងច្រៃ សាមី ដណ្តើមពីម្តាយ

អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការ បំភ្លឺពីអ្នកស្រីហ៊ន ស៊ុង អាយុ៥២ឆ្នាំ ជាម្តាយបាន ទេ ព្រោះគាត់ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាល ឯស្រុកកំណើតខាងប្តីគាត់បាត់ទៅហើយ គ្រាន់តែ ដឹងថា បន្ទាប់ពីកូនស្រីវ៉ៃសន្លប់មក ស្ត្រីអភ័ព្វនោះ មានស្មារតីមិនសូវល្អ ឯកូនស្រីក៏មិនរវល់តាមទៅ មើលម្តាយ។

លោកសាន់ វិសាល

លោកសាន់ វិសាល មេភូមិរងភូមិត្រពាំងថ្ម បានឱ្យដឹងថា នាងច្រៃ សាមី លែងដឹងខុសត្រូវទៅ ហើយ ព្រោះតាំងពីកើតមក លោកមិនដែលឃើញ កូនឯណាហ៊ានសំពងម្តាយដល់សន្លប់យ៉ាងនេះទេ។ នាងនេះ គ្មានអាជ្ញាធរណាប្រៀនប្រដៅបានទេ ហើយ បើកុំតែម្តាយនាងដែលជាជនរងគ្រោះ សំណូមពរ លោកកុំឱ្យធ្វើបាបកូនស្រីគាត់ កុំអីលោកប្តឹងប៉ូលិស ឱ្យវាយខ្នោះនាងហ្នឹងយកទៅដាក់គុកបាត់ទៅហើយ។ ឥឡូវដោយគោរពតាមសំណូមពរម្តាយអភ័ព្វនោះ លោកសម្រេចទុកនាងសាមី អប់រំជាបណ្តើរៗសិន ក្រែងនាងស្គាល់កំហុសលុតជង្គង់សុំទោសម្តាយ ប៉ុន្តែ ថ្ងៃក្រោយ បើមិនព្រមកែប្រែ លោកនឹងចាត់ការតាម ច្បាប់ហើយ។

លោកឈឺន ឆាំ

លោកឈឺន ឆាំ អាយុ៥៦ឆ្នាំ និងអ្នកស្រីអ៊ឹម ផាត អាយុ៤៨ឆ្នាំ ជាមាមីង បានឱ្យដឹងថា ចរិតនាង សាមី កាចឆ្នាសណាស់ ឯរឿងប្តីរត់ចោលនោះមកពី នាងធ្វើបាបគេពេក មិនមែនមកពីម្តាយទាំងស្រុង នោះទេ។ លុះប្តីទៅបាត់អផ្សុក ក៏ចោទម្តាយថា ជា អ្នកបំបែកស្នេហ៍នាងនិងប្តី រហូតហ៊ានសំពងម្តាយ ព្រោះតែស្តាយមាន់១ដែលឆ្កែខាំ។
គួរបញ្ជាក់ថា ឪពុកម្តាយ ទោះបីជាគាត់ស្រវឹងខួប ឆ្កួតវង្វេងកាចឃោរឃៅយ៉ាងណាក៏ដោយចុះ ក៏កូន មិនត្រូវ

អ្នកស្រីអ៊ឹម ផាត

ប្រមាថជាដាច់ខាត។ កុំថាឡើយដល់ទៅសំពង ម្តាយដល់សន្លប់ សូម្បីតែជេរពីរបីម៉ាត់ក៏កូននោះចៀស មិនផុត ពីនរកអវិចី នេះបើនិយាយតាមផ្លូវព្រះពុទ្ធសាសនា។ បើសិនជានាងសាមី ជាមនុស្សវិកលចរិត លែងស្គាល់ខុសត្រូវនោះក៏គ្មានបញ្ហាអ្វីដែរ តែរូប នាងជាមនុស្សត្រឹមត្រូវ ធ្លាប់ទៅធ្វើការដល់ប្រទេស ម៉ាឡេស៊ី បែរជាហ៊ានប្រព្រឹត្តអំពើនេះទៅលើម្តាយ ជាកំហុសធ្ងន់ធ្ងរណាស់។ ហេតុនេះដើម្បីកុំឱ្យមាន ឈ្មោះថា ជាកូនអកតញ្ញូ និរគុណ គួរនាងតាមទៅ សំពះសុំទោសម្តាយ និងនាំគាត់មកនៅជាមួយវិញ ទើបរួចផុតពីទណ្ឌកម្មឯឋាននរក…”៕

RELATED ARTICLES