Thursday, January 23, 2025
Homeសន្ដិសុខសង្គមរថភ្លើងបុករថយន្តដឹកខ្សាច់បះជើង ភ័យរត់បាត់

រថភ្លើងបុករថយន្តដឹកខ្សាច់បះជើង ភ័យរត់បាត់

ភ្នំពេញ ៖ រថយន្តដឹកខ្សាច់បើកឆ្លងកាត់ផ្លូវរថភ្លើងដែលមិនមានដាក់ប៉ារាស់ឲ្យដឹងថា មានរថភ្លើងឆ្លងកាត់ត្រូវរថភ្លើងបុកពេញទំហឹង បណ្តាលឲ្យក្រឡាប់រថយន្តខូចខាតស្ទើរទាំងស្រុង សំណាងល្អមិនមានអ្នករងរបួស ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ នៅចំណុចផ្លូវរថភ្លើងខ្សែខេត្តព្រះសីហនុ រាជធានីភ្នំពេញ ត្រង់ចំណុចកែងផ្លូវបេតុងវត្តតាំងកសាងខាងត្បូង ស្ថិតនៅក្នុងភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តដែលក្រឡាប់នោះម៉ាកនីស្សាន់ ពណ៌សលាយលឿង ពាក់ស្លាកលេខចង្កូតស្ដាំ PP-0641 បើកបរដោយបុរសម្នាក់ឈ្មោះ ហិន ឌឿន អាយុ៣៦ឆ្នាំ ស្នាក់នៅមានស្រុកកំណើតនៅក្នុងភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានបើកបររថយន្តចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងទៅដឹកខ្សាច់នៅគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ បានបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុឃើញរបាំងហាមឃាត់ឆ្លងកាត់ផ្លូវដែកអត់មានបិទបារ៉ាស់ទេ គាត់ស្មានថាអត់មានរថភ្លើងឆ្លងកាត់ ម្យ៉ាងទៀតមើលអត់ឃើញផង ខណៈពេលបើកទៅជិតដល់ផ្លូវដែកទើបឃើញរថភ្លើង ពេលនោះគាត់បានខំសាងលេខដើម្បីបន្ថែមល្បឿនដែរប៉ុន្តែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុកចំពាក់កណ្ដាលរថយន្តតែម្តង បណ្ដាលឲ្យរថយន្តខ្ទាតទៅមុខចម្ងាយ៨ម៉ែត្រ ប៉ះបង្គោលរនាំងស្លាកសញ្ញាហាមឃាត់បាក់ និងក្រឡាប់រថយន្ត សំណាងល្អអ្នកបើករថយន្តមិនមនរងរបួសទេ ចំណែករថភ្លើងបានបន្តដំណើរទៅបាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើបានក្រឡាប់សង្កត់លើបង្គោលរនាំងហាមឃាត់ឆ្លងកាត់ផ្លូវដែកនិងខ្សែភ្លើង ប៉ុន្តែសំណាងណាស់ដែលអ្នកបើកបរមិនមានរងរបួស ។

ក្រោយកើតហេតុមានតំណាងខាងរថភ្លើងមកដល់កន្លែងកើតហេតុដែរ ប៉ុន្តែមិនទាន់ដោះ ស្រាយទេ ដោយខាងរថភ្លើងបានចោទប្រកាន់ថា អ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើករថយន្តបានឲ្យដឹងថា ដោយសារតែផ្លូវដែលរថភ្លើងឆ្លងកាត់នោះមិនមានដាក់របាំងឲ្យដឹងថាមានរថភ្លើងឆ្លងកាត់ទេ។ រថយន្តដែលក្រឡាប់នោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ស្ទូចរថយន្តនោះទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES