ដោយសារកាងឡានមួយនេះ សមត្ថកិច្ចចាប់បានដល់ស្នាក់ការលក់សំបុត្រ

ខេត្តមណ្ឌលគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បុកអ្នកជិះម៉ូតូបណ្តាលឱ្យរងរបួសធ្ងន់ ហើយបើករត់គេចមិនព្រមទទួលខុសត្រូវ លុះនៅវេលាម៉ោងប្រមាណជាង០៨យប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧  កម្លាំងនគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងស្រុកអូររាំង បានដេញតាម និងចាប់ឃាត់រថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលបានបង្កគ្រោះថ្នាក់នៅស្រុកកែវសីមា ដល់ទីស្នាក់ការលក់សំបុត្រតែម្តង។

ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះសយ សុខ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់ ជិះម៉ូតូម៉ាក អ៊ិចស៊ិនធ័រ ពណ៌ខៀវ គ្មានស្លាកលេខ។ ចំណែករថយន្តបង្ក ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ 2AD-3542 នៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរនៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង០៦និង១០នាទីល្ងាច ថ្ងៃទី០៦ ខែធ្នូ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចគីឡូម៉ែត្រលេខ៥២ ស្ថិតក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា រវាងម៉ូតូនិងរថយន្តដែលបានបណ្តាលឱ្យភាគីម៉ូតូរងរបួសធ្ងន់ដេកដួលនៅកន្លែងកើតហេតុ។ ចំណែកខាងរថយន្តក្រោយកើតហេតុបានបើកបន្តឆ្ពោះទៅខេត្តមណ្ឌលគិរី។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវតាមរយៈកាងរថយន្តដែលបុកជ្រុះ ធ្លាក់នៅកន្លែងកើតហេតុ សមត្ថកិច្ចបានសហការគ្នា រហូតស្វែងរកឃើញរថយន្តចតទុកនៅទីតាំងការិយាល័យលក់សំបុត្ររថយន្ត នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ហើយបានរឹបអូសយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកបើករថយន្តដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃ  ហើយបើករត់គេចខ្លួននេះ៕