ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅម្តុំចំណតរថយន្តអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង បានត្អូញត្អែរថា មូលដ្ឋានរស់នៅរបស់ពួកគាត់រាល់ថ្ងៃពោរពេញទៅដោយវង់ល្បែងគ្រប់ប្រភេទ រីកដូចផ្សិត មានតាំងពីល្បែងស៊ីសង អាប៉ោង យូគី បញ្ជល់មាន់ ដែលជាដើមហេតុនាំឱ្យកើតមានភាពអសន្តិសុខក្នុងសង្គម តាមរយៈអំពើចោរកម្ម លួចឆក់ប្លន់ផ្សេងៗ ដោយសារតែក្រុមអ្នកវក់ល្បែងទាំងនោះ។
ប្រជាពលរដ្ឋបានបញ្ជាក់ឱ្យដឹងថា សព្វថ្ងៃ បនល្បែងស៊ីសងអាប៉ោង យូគី បញ្ជល់មាន់ នៅក្នុងបេនឡានអូរស្មាច់ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ កណ្តាលក្រុងសំរោង បានបើកលេងទាំងយប់ថ្ងៃយ៉ាងគ្រឹកគគ្រេង ហើយក្នុងមួយសប្តាហ៍ត្រូវគេបើកលេង៣ថ្ងៃ គឺថ្ងៃអង្គារ ថ្ងៃ ពុធ និងថ្ងៃសុក្រ ចំណែកអ្នកចូលលេង គឺមិនរើសមុខទេ មានទាំងជនជាតិថៃ មានទាំងពលរដ្ឋខ្មែរ ចូលលេងម្តងៗរាប់រយនាក់ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា រាល់ថ្ងៃនេះពួកគាត់កំពុងទទួលរងគ្រោះដោយប្រយោលពីការរីកដុះដាលវង់ល្បែងស៊ីសង នៅក្នុងមូលដ្ឋានមួយនេះ។ ព្រោះថា នៅពេលដែលក្រុមអ្នកវក់លេងល្បែង ឬហៅថាព្រាយល្បែងជាន់ក្បាលទាំងនោះ ចាញ់បោសគូទខោ ក៏ចាប់ផ្តើមបែកគំនិត ដើរលួចធុង លួចប៉ោត លួចចានឆ្នាំង មាន់ទា ឡើងដល់គោក្របី និងឈានដល់ប្រព្រឹត្តអំពើល្មើសប្លន់សម្លាប់ផ្សេងៗបានដោយមិនខ្វល់ពីអ្វីទាំងអស់សំខាន់ធ្វើយ៉ាងម៉េចឱ្យតែបាន ប្រាក់យកទៅស្រង់ដើម មិនខុសពីពាក្យថា សេះដាច់យកសេះតាមនោះទេ។
ដោយឡែក មានក្រុមអ្នកយកព័ត៌មានចំនួន៣នាក់ មកពីស្ថាប័នផ្សេងគ្នាបានលើកដៃសុំអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ឱ្យជួយរកយុត្តិធម៌ជូនពួកគាត់ និងលុបបំបាត់វង់ល្បែង ស៊ីសងខាងលើនេះផង ខណៈដែលពួកគាត់ទាំង៣នាក់ បានទទួលរងគ្រោះ ដោយសារត្រូវក្រុម សន្តិសុខការពារបនល្បែង ក្នុងនោះមានលោកវរៈសេនីយ៍ត្រី ឌឹម វណ្ឌី នាយការិយាល័យព្រហ្មទណ្ឌផង បានចាប់វាយខ្នោះពួកគាត់ទាំងបំពាន បន្ទាប់ពីពួកគាត់ទទួលបានសំណូមពរពីប្រជាពលរដ្ឋឱ្យចុះពិនិត្យ និងថតផ្តិតយករូបភាពចុះផ្សាយ ជូនដល់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល បានឃើញ ស្រាប់តែត្រូវក្រុមសន្តិសុខ រួមនឹងសមត្ថកិច្ចជំនាញខាងការពារវង់ល្បែង ចាប់វាយខ្នោះទាំងបំពានទៅវិញ និងគំរាមមិនឱ្យមានការចុះផ្សាយដាច់ខាត។
ទាំងប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ទាំង៣រូបខាងលើ ដែលអះអាងថា ធ្លាប់ទទួលរងគ្រោះដោយសារវង់ល្បែងខាងលើ បានអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចហ៊ុន សែន ជួយចាត់វិធានការលុបបំបាត់វង់ល្បែងស៊ីសង ខាងលើនេះផង ពុំនោះទេប្រជាពលរដ្ឋរស់នៅមិនបានសុខនោះទេ ព្រោះគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ត្រូវបានគេ កប់ចោលបាត់ទៅហើយ។
ជុំវិញករណីខាងលើនេះ លោកអុំ សុភក្ត្រ័ អភិបាលក្រុងសំរោង បានបញ្ជាក់ថា លោកមិនអាចលុបបំបាត់ល្បែងស៊ីសង បញ្ជល់មាន់ អាប៉ោង យូគី នៅចំណតរថយន្តអូរស្មាច់នោះបានទេ ព្រោះវាស្ថិតនៅក្នុងបរិវេណកាស៊ីណូ ហើយម៉្យាងទៀត គេមានច្បាប់ ស.ជ.ណ ត្រឹមត្រូវ។
ដោយឡែកលោកឌឹម វណ្ឌី នាយការិយាល័យព្រហ្មទណ្ឌ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕