Thursday, April 18, 2024
Homeព័ត៌មានជាតិបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយ៤៣កន្លែង នៅស្រុកបាទី

បិទទីតាំងផលិតស្ករត្នោតក្លែងក្លាយ៤៣កន្លែង នៅស្រុកបាទី

ខេត្តតាកែវ ៖ បន្ទាប់ពីបែកធ្លាយព័ត៌មានភាពមិនប្រក្រតីនៃការផលិតស្ករត្នោតក្លែងក្លាយ ជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រស្រុកបាទី រួចមក នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ អាជ្ញាធរខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះដោយលោកឈួ សុធា អភិបាលរងខេត្ត បានចុះប្រតិបត្តិការផ្អាកទីតាំងអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយ សរុបចំនួន៤៣កន្លែង នៅក្នុងឃុំចំនួន៣ គឺឃុំលំពង់ ឃុំត្រពាំងសាប និងឃុំកុមាររាជា ក្នុងស្រុកបាទី។

តាមប្រភពពីអាជ្ញាធរខេត្តតាកែវ ដែលចុះប្រតិបត្តិការបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយ ដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា អាជ្ញាធរខេត្ត បានបើកកិច្ចប្រជុំមួយ ពិភាក្សាសម្រេចបិទអាជីវកម្មផលិតស្ករត្នោតក្លែងក្លាយទាំង៤៣កន្លែងខាងលើ មួយរយៈសិន ដើម្បីទុកពេលឱ្យក្រសួងជំនាញសម្រេចថា គួរអនុញ្ញាតច្បាប់ ឬក៏អត់ ហើយក្នុងអំឡុងពេលផ្អាកនេះ គឺមិនអនុញ្ញាតឱ្យមានការផលិតស្ករត្នោតនេះដាច់ខាត ហើយប្រសិនបើនៅតែមានអ្នកលួចលាក់ផលិត អាជ្ញាធរនឹងចុះចាត់វិធានការតាមផ្លូវច្បាប់តែ​ម្តង ដោយយោងថា ទីតាំងទាំងនោះបានផលិតស្ករត្នោតក្លែងក្លាយ គ្មានបទដ្ឋានត្រឹមត្រូវ និងប្រើប្រាស់សារជាតិគីមី អាចធ្វើឱ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់។ ជាពិសេសនោះ ការផលិតស្ករត្នោតក្លែងក្លាយ ធ្វើឱ្យប៉ះពាល់ដល់ស្ករត្នោតរបស់ខ្មែរ ដែលល្បីលើកឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ការចុះបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំង៤៣កន្លែង ក្នុងភូមិសាស្ត្រស្រុកបាទី ខាងលើនេះ ធ្វើឡើងក្រោយពីលោកឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការព្រមានឱ្យប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្តតាកែវ ធ្វើលិខិតលាឈប់ពីតំណែងទៅ បើគ្មានសមត្ថភាពបិទទីតាំងផលិតស្ករត្នោតក្លែងក្លាយទាំងនោះ។

សូមរំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានចុះបង្ក្រាបទីតាំងផលិតស្រោមញាត់សាច់ក្រកមួយកន្លែងនៅចំណុចភូមិសាស្ត្រភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ដែលបានធ្វើសកម្មភាពផលិតស្រោមញាត់សាច់ក្រក ពីពោះវៀនសត្វគ្រប់ប្រភេទ និងប្រើសារធាតុគីមីចំនួនរាប់សិបតោន គ្មានគុណភាព និងស្តង់ដារ ប្រឈមប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ដ៏ធ្ងន់ធ្ងរ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ទីតាំងផលិតស្រោមញាត់សាច់ក្រកមួយនោះ បានរក្សាទុកនូវពោះវៀនសត្វគ្រប់ប្រភេទ សម្រាប់យកមកផលិតធ្វើជាស្រោមញាត់សាច់ក្រក ដើម្បីចែកចាយលក់នៅតាមទីផ្សារនានាក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ មានពោះវៀនសត្វគ្រប់ប្រភេទ រាប់សិបតោន ដែលប្រើសារជាតិគីមី អាចប្រឈម ទៅនឹងបញ្ហាប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋ ជាអ្នកបរិភោគយ៉ាងធ្ងន់ធ្ងរ៕

RELATED ARTICLES