មេម៉ាយសាច់ខ្ចី ភ័យប្រុសតាមចាប់

អ្នកមេម៉ាយកូន១ សាច់ខ្ចីល្ហក់នេះ បន្ទាប់ពីប្តីស្លាប់ ចោលមកមិនខ្វះទេ កំលោះៗជ្រួលជ្រើម តាមចែចង់ ប៉ុន្តែនាងមិនទុកចិត្ត ខ្លាចប្រុស បោកប្រាស់ ក៏ចេះតែប្រកែក។ សព្វថ្ងៃនាងកំពុង ព្រួយបារម្ភខ្លាចប្រុសកំហូចចាប់រំលោភ ពេលនាងដើរទៅណាម្នាក់ឯង ព្រោះទុកចិត្ត មិនបានទេ ប្រុសៗសម័យនេះ…។

នាងខែន ស៊ីណា អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងល្បើក ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះទិត សាំង អាយុ៥៦ឆ្នាំ។ នាងធ្លាប់រៀនសូត្រដល់ថ្នាក់ទី៤ ក៏ឈប់ទៅ ហើយនៅតែផ្ទះជួយបំពេញការងារ ស្រែចម្ការ មិនដែលធ្វើចំណាកស្រុកទៅធ្វើការរោងចក្រ ដូចនារីឯទៀតទេ។ លុះចូលវ័យក្រមុំអាយុ១៦ឆ្នាំ ក៏ មានកំលោះៗ ទាក់ទងសុំស្នេហ៍ជាហូរហែ ក្នុងនោះ

នាងខែន ស៊ីណា និងលោកគង់ ណន

ក៏ មានកំលោះម្នាក់ឈ្មោះគង់ ណន អាយុបងនាង២ឆ្នាំ រស់នៅភូមិស្រុកជាមួយគ្នា តែងស្កាត់ជួបនាងលួងលោម សុំស្រលាញ់។ ពាក្យសម្តីគេពីរោះផ្អែមល្ហែមណាស់ រហូត ដល់នាងបាក់ចិត្តអាណិតស្រលាញ់គេវិញដែរ រហូតបានរៀបការជាមួយគ្នាតាមប្រពៃណី មិនលេងឆក់កណ្តៀតនោះទេ។ ក្រោយពីរៀបការរួចមក នាងក៏រៀបចំខ្លួនឱ្យក្លាយជាប្រពន្ធល្អរបស់គេ បនាចំណីឆ្ងាញ់មួយម៉ាត់តែង យកមកឱ្យប្តី ហើយសូម្បីរឿងយប់ព្រលប់ ក៏នាងតែងបម្រើប្តីមិនឱ្យសៅហ្មងដល់ម្តងណាឡើយ រហូតបង្កើតបានកូនប្រុសម្នាក់ទុកជាចំណងដៃ និស្ស័យស្នេហ៍។

នាងខែន ស៊ីណា និងលោកគង់ ណន (កាលថ្ងៃរៀបការ)

នាងខែន ស៊ីណា បន្តទៀតថា តាំងពីបានកូនមួយមក នាងក៏បែកសាច់ទ្រលុកទ្រលន់ស្អាតជាងនៅក្រមុំ ពេលបណ្តើរគ្នាជាមួយប្តីចេញទៅណាម្តងៗ អ្នកស្រុកចេះតែនិយាយលេងសើចជាមួយប្តីថា ប្រពន្ធឯងស្អាត ម៉្លឹងៗ ប្រយ័ត្នគេឆក់បាត់។ ហេតុតែប្តីជាមនុស្សត្រចៀកស មិនចេះអក្សរ១តួ ខ្វះការពិចារណាក៏បែកគំនិត ប្រចណ្ឌនាងតែម្តង ដោយគេជឿថា រូបនាងពិតជាមានប្រុសឯទៀតចង់ដណ្តើមពីគេ។ លុះបែកគំនិតប្រចណ្ឌ គេចាប់ផ្តើមចេះផឹកស៊ី ភ្លេចការងារ ឱ្យតែវិលមកដល់ផ្ទះម្តងៗ ក៏ចោទប្រកាន់នាងថា មានសហាយ រួចវាយ ធ្វើបាបនាងគ្មានមេត្តា។ ទំនាស់រវាងនាង និងប្តី មិនដល់ថ្នាក់លែងលះគ្នា នោះទេ ព្រោះបន្ទាប់ពីឈ្លោះ ក៏ត្រូវរ៉ូវគ្នាវិញ ប៉ុន្តែជាអកុសល លុះមកដល់ឆ្នាំ២០១៤ ពេលប្តីចេញទៅធ្វើស្រែ ក៏ត្រូវពស់ចឹកស្លាប់ទៅ ទុកឱ្យនាងធ្លាក់ខ្លួនជាស្រីមេម៉ាយ ចំណាយមាត់ប្រុសរហូតមក។

នាងខែន ស៊ីណា

នាងខែន ស៊ីណា បន្តរឿងជីវិតទៀតថា នៅពេលនាងធ្លាក់ខ្លួនមេម៉ាយបែបនេះ ស្រាប់តែមានបុរសមួយចំនួនដែលធ្លាប់ស្រលាញ់នាង កាលនៅក្រមុំតែមានប្រពន្ធកូនទៅហើយនោះ ឱ្យតែបានជួបនាងតាមផ្លូវ ក៏ព្យាយាមចែចង់សុំយកធ្វើប្រពន្ធចុង។ ខ្លះទៀតព្រលយពាក្យថា ឱ្យតែនាងព្រមស្មគ្រ័ គេនឹងលែងប្រពន្ធដើមចោល ហើយឱបបង្វេចមក រួមរស់ជាមួយនាង។ ក្នុងនោះក៏មានអ្នកខ្លះជាកំលោះច្រេះចាប់មិនយក ប្រពន្ធទេ តែមិនខ្វះស្រីស្នេហ៍ ក៏ញ៉ែនាងដែរ គេថា នាងស្អាតជាងក្រមុំ ទៅទៀត បើព្រមរៀបការជាមួយគេៗធានារកស៊ីចិញ្ចឹម តែគេសុំភ្លក្ស មុនសិន។ និយាយរួម ប្រុសៗទាំងនោះសុទ្ធតែចង់លេងផ្លូវកាត់ បើសិន ជានាងឱ្យដៃ ច្បាស់ជាពួកគេបោលក្បាលជាន់ជើងគ្នាមិនខាន ប៉ុន្តែនាង មិនភ្លើទេ ព្រោះដឹងថា គេចង់បោកយកតែខ្លួននាងប៉ុណ្ណោះ។ សព្វថ្ងៃ នាង ព្រួយបារម្ភណាស់ ខ្លាចតែប្រុសខិលខូចទាំងនោះស្ទាក់ចាប់អូសដៃចូល ព្រៃ ពេលនាងចេញទៅណាម្តងៗ។

អ្នកមេម៉ាយសាច់ខ្ចី បន្តទៀតថា ពុំមែននាង មិនចង់បានប្តីនោះទេ ព្រោះវ័យ៣៧ឆ្នាំ របស់នាងទៅ អនាគតវែងឆ្ងាយណាស់ ប៉ុន្តែបើប្រុសៗទាំងនោះ ចេញក្បួនសុំភ្លក្សមុនបែបនេះ មិនអាចទៅរួចទេ។ ស្វាមីដែលនាងចង់បាន លុះត្រាតែមានលក្ខណសម្បត្តិត្រឹមត្រូវ ពូកែរកស៊ី មិនប្រមឹកខួប ចរិតសុភាព រាបសា ស្គាល់ចាស់ទុំ ទោះជាចាស់បន្តិចក៏ដោយចុះ ជាពិសេស កុំមានប្រពន្ធកូនជាប់ដៃជើង។ នាងមិន អាចធ្វើប្រពន្ធចុងគេបានឡើយ តែអាចធ្វើប្រពន្ធ ក្រោយបាន បើប្រពន្ធមុននោះ ស្លាប់ទៅ ឬលែងលះ គ្នាជាផ្លូវការ។ នាងធ្លាប់បានប្តីមុន មានការពិសោធន៍ ឆ្អែតឆ្អន់ ដូច្នេះបើជ្រុលយកប្តីទៀត លុះត្រាតែស្រប បំណង ទើបហ៊ានប្រថុយ ប៉ុន្តែពេលនេះ អ្វីដែលនាង កំពុងប្រយ័ត្នក្រែងប្រុសៗ ដែលស្រលាញ់នាងមិន បាននោះ អូសដៃចូលព្រៃស្ងាត់ហ្នឹង មិនដឹងបានអ្នក ណាជួយទេ។

លោកយាយរឿម ចិន្តា

លោកយាយរឿម ចិន្តា អាយុ៦៨ឆ្នាំ និងអ្នកស្រីជុំ ម៉ាច អាយុ៥០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា នាងស៊ីណាត កាលនៅក្រមុំស្អាតដាច់ ក្រមុំៗក្នុងភូមិ លុះបានប្តី ស្រាប់តែប្តីប្រចណ្ឌ ព្រោះតែ សម្រស់របស់នាង។ លុះប្តីនោះពស់ចឹកស្លាប់ទៅ នាងស៊ីណាត ក៏នៅមេម៉ាយ៣ឆ្នាំហើយ ស្រាប់តែ ប្រុសៗចោមរោមស្រលាញ់ ប៉ុន្តែនាងរើសប្តីណាស់ ដោយធ្លាប់និយាយប្រាប់ពួកគាត់ថា បើនាងយកប្តី ក្មេងរឹតតែវេទនាចិត្តជាងមុនទៅទៀត តែបើធ្វើប្រពន្ធ ចុងគេ ក៏កាន់តែយ៉ាប់។ ដល់អ៊ីចឹងទៅ នាងបែរជាភ័យ ខ្លួនខ្លាចប្រុសៗធ្វើបាបពេលចេញទៅណាម្នាក់ឯង ដែលពួកគាត់យល់ថា បើនាងយកប្តីឆាប់ៗទៅ លែង បារម្ភទៀតហើយ ទាស់ត្រង់នាងរើសប្តីពេក។

អ្នកស្រីជុំ ម៉ាច

គួរបញ្ជាក់ថា ធម្មតាស្រីមេម៉ាយ ដែលធ្លាប់មាន ប្រុសចោមស្រលាញ់ច្រើនកាលនៅក្រមុំ លុះនាង ធ្លាក់ខ្លួនមេម៉ាយ ច្បាស់ជាប្រុសធ្លាប់ស្រលាញ់នោះ តាមក្រវែលរំព្ញករឿងដើមមិនខានឡើយ។ បើនាង ធ្វេសប្រហែសនឹងធ្លាក់ខ្លួនជាប្រពន្ធចុងគេ ឬប៉ះប្រុស បោកប្រាស់ យកខ្លួននាងឆ្អែតឆ្អន់ក៏បោះបង់ចោលឱ្យ រស់ជាមួយទឹកភ្នែក។ ចង់ដោះស្រាយបញ្ហានេះ គួរ នាងសម្លឹងមើលបុរសពោះម៉ាយណាម្នាក់ ដែល មានអាយុច្រើនជាងនាង ឬប្អូននាងបន្តិចបន្តួច ក៏ មិនទាស់អីដែរ ឱ្យតែឃ្លាំមើលឃើញថា បុរសពោះម៉ាយនោះ អភ័ព្វគូត្រូវប្រពន្ធស្លាប់ចោល ឬប្រពន្ធរត់តាមសហាយ។ នាងមិនចាំបាច់ជ្រើសយកបុរស សង្ហាពេកទេ គឺចំណុចសំខាន់នៅត្រង់គេមានមុខរបរ ពិតប្រាកដ មិនឡេះឡោះ ដើរទាត់ខ្យល់ វិលវល់តែវង់ផឹក ហើយបើត្រូវរ៉ូវគ្នា គួរកុំទាន់អាលឱ្យគេភ្លក្សមុន ចាំបាច់ត្រូវតែសែនព្រេនសិន ទើបធានាថា អនាគត របស់នាងនឹងមានសុភមង្គលជារៀងរហូត…”៕