អភ័ព្វណាស់!!! ទារិកាកើតចេញមកហើយ ត្រូវម៉ែឳចិត្តអប្រិយចាក់សោរចោល រួចរត់ចោលបាត់

ភ្នំពេញ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ ដែលក្នុងនោះស្ត្រីជាប្រពន្ធមានផ្ទៃពោះគ្រប់ខែផង បាននាំគ្នាមកជួលបន្ទប់ ស្នាក់នៅបាន១ថ្ងៃ ស្រាប់តែសម្រាលកូនក្នុងបន្ទប់ជួល លុះពេលសម្រាលបានកូនស្រី១រួចហើយ មិនដឹងជាយ៉ាងម៉េច ស្រាប់តែដាច់ចិត្តចាក់ទុកកូនស្រីទើបនឹងសម្រាលចោលនៅក្នុងបន្ទប់ បន្ទាប់មក ប្តីប្រពន្ធហេងស៊យខាងលើ ក៏នាំគ្នារត់គេចខ្លួនបាត់ ធ្វើឱ្យទារកទើបកើតដែលគ្មានសូម្បីសម្លៀកបំពាក់ជាប់ខ្លួន ស្រែកយំ ដោយក្តីស្រេកឃ្លាន ខ្វះភាពកក់ក្តៅ គួរឱ្យសង្វេគបំផុត។

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល និងហួសចិត្តខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលម៉ាក់ស្រីពេជ្រ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ប្តីប្រពន្ធដែលសម្រាលកូនស្រី រួចចាក់សោទុកកូនចោលក្នុងបន្ទប់ត្រូវបានស្គាល់ថា​ ស្ត្រីជាប្រពន្ធមានឈ្មោះអូន ស្រីស្លួត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្រពាំងដងទឹក ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។ ចំណែកបុរសជាប្តីមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ ប្តីប្រពន្ធខាងលើ ទើបនឹងមកជួលបន្ទប់លេខ ៤B ជាន់ទី១ ស្ថិតនៅទីតាំងកើតហេតុខាងលើ ដើម្បីស្នាក់នៅបានតែ១ថ្ងៃប៉ុណ្ណោះ។ ដោយឡែកម្ចាស់ផ្ទះជួល មានឈ្មោះហួ ផៃអេង អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះសំ សៅ ស្នាក់នៅជិតបន្ទប់កើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ គាត់បានស្តាប់ឮសំឡេងកូនង៉ែតយំចេញពីបន្ទប់ជាប់គ្នា ទើបគាត់នឹកឆ្ងល់ ក៏បានបើកទ្វារដើរចេញពីបន្ទប់របស់គាត់ទៅអើតមើល និងស្តាប់តាមរកសំឡេងកូនង៉ែតនោះ។ លុះពេលស្តាប់ដល់បន្ទប់លេខ ៤B ក៏លាន់ឮសំឡេងក្មេងយំយ៉ាងច្បាស់ ប៉ុន្តែទ្វារបន្ទប់ បែរជាចាក់សោពីខាងក្រៅទៅវិញ ទើបគាត់នឹកឆ្ងល់ ក៏ប្រញាប់ចុះទៅហៅម្ចាស់ផ្ទះជួលឱ្យជួយកាត់សោរបន្ទប់ចូលទៅខាងក្នុងមើល លុះគ្រាន់តែបើកទ្វារចូលទៅដល់ភ្លាម ធ្វើឱ្យពួកគាត់រន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះតែបានប្រទះឃើញ ទារិកាទើបនឹងកើតម្នាក់ កំពុងដេកស្រែកយំក្នុងបន្ទប់តែម្នាក់ឯង ដោយគ្មានសម្លៀកបំពាក់ជាប់ខ្លួន ឬមានអ្វីរុំខ្លួនបន្តិចសោះ ចំណែកឪពុកម្តាយវិញបាត់ស្រមោលអស់មិនដឹងជាទៅណា ហើយមិនដឹងថា មានរឿងអ្វីបានជាដាច់ចិត្តចាក់សោកូន ទើបនឹងកើតចោលនៅក្នុងបន្ទប់បែបនេះ ពិតជាមានចិត្តឃោរឃៅមិនសមមានឈ្មោះជាឪពុកម្តាយសោះ។

តាមប្រភពពីម្ចាស់ផ្ទះជួលបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធខាងលើ ដែលក្នុងនោះ ស្ត្រីជាប្រពន្ធពពោះប៉ុនកញ្ជើទំនងជាគ្រប់ខែផង បាននាំគ្នាមកជួលបន្ទប់គាត់ស្នាក់នៅទើបនឹងបាន១យប់ប៉ុណ្ណោះ ស្រាប់តែសម្រាល កូនក្នុងបន្ទប់តែម្តង ដោយមិនបានទៅមន្ទីរពេទ្យរកគ្រូពេទ្យឱ្យជួយសម្រាលអ្វីទេ មិនដឹងជាមានមូលហេតុអ្វី ឬក្រីក្រគ្មានលុយជាប់ខ្លួនមិនដឹង។ លុះមកដល់កណ្តាលយប់ ថ្ងៃទី០៧ ខែធ្នូ ក៏មានបុរសអ្នកជួលបន្ទប់ជាប់គ្នាម្នាក់ បានចុះមកដាស់ហៅគាត់ឱ្យជួយកាត់សោបន្ទប់ខាងលើ ចូលទៅមើល ព្រោះឮសូរសំឡេងក្មេងយំខ្លាំងណាស់ ទើបពួកគាត់បាននាំគ្នាឡើងទៅកាត់សោបន្ទប់ខាងលើ លុះចូលទៅដល់ឃើញទារកទើបនឹងសម្រាលដេកស្រែកយំគួរឱ្យសង្វេគបំផុត។

ក្រោយកើតហេតុ ម្ចាស់ផ្ទះជួល មានចិត្តអាណិតអាសូរក៏បានយកភួយទៅរុំទារិកាខាងលើ និងបានរកទឹកដោះគោឱ្យបៅ ហើយក៏លួងឱ្យគេងពេញ១យប់ រហូតដល់វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកមួយអន្តរាគមន៍។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានទាក់ទងទៅខាងសាលាសង្កាត់ស្ទឹងមានជ័យ៣ ឱ្យចុះទៅធ្វើកំណត់ហេតុប្រគល់ទារិកាអភ័ព្វ ត្រូវឪពុកម្តាយបោះបង់ចោលដូចសត្វធាតុខាងលើ ទៅឱ្យខាងសង្គមកិច្ច ដើម្បីទទួលយកទៅចិញ្ចឹមបន្ត៕