Tuesday, April 23, 2024
Homeព័ត៌មានជាតិមេម៉ាយក្តៅស្រួយ ព្រួយចង់បានប្តីចាស់

មេម៉ាយក្តៅស្រួយ ព្រួយចង់បានប្តីចាស់

តាៗសម្បូរដុល្លារសម័យនេះ ត្រូវប៉ាន់មែនទែន ទោះជាគាត់មានអាយុ៧០ឆ្នាំ ក៏នៅតែអាចរកបានប្រពន្ធក្មេង សាច់ខ្ចីដូចអន្លក់ មកបីបមថ្នមថ្នាក់ គ្រាន់តែចំណាយលុយកាក់ជួយចិញ្ចឹមនាងឱ្យនៅតែផ្ទះខាត់ក្រចក។ ដោយឃើញស្រីក្មេងមួយចំនួនរកបានប្តីតា សង់បានផ្ទះធំទ្រនំខ្ពស់រស់ស្រួល ទើបអ្នកមេម៉ាយសាច់ខ្ចីនេះ ប្រកាសចង់បានប្តីចាស់នឹងគេដែរ ឱ្យតែតានោះមានលុយចិញ្ចឹមនាងឱ្យរស់ស្រណុក…។

អ្នកមេម៉ាយអ៊ិន ធឿន អាយុ២៥ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំត្រពាំងត្រកៀត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះអ៊ិន ងួន អាយុ៦៨ឆ្នាំ ម្តាយឈ្មោះកង គា អាយុ៦២ឆ្នាំ។ នាងរៀនសូត្របានត្រឹមថ្នាក់ទី៦ ក៏ឈប់ទៅ បន្ទាប់មកក៏ចេញទៅធ្វើកម្មការិនីរោងចក្រ កាត់ដេរ នៅម្តុំមុខព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ (ពោធិ៍ចិនតុង) ដើម្បីរកកម្រៃជួយឪពុកម្តាយ។ តាំងពីចូលវ័យក្រមុំមក នាងមិនធ្លាប់មានសង្សារឯណាទេ ព្រោះតែខ្លាចប៉ះប្រុសព្រាន បោកប្រាស់ ប៉ុន្តែ ទោះជានាងប្រុងប្រយ័ត្នយ៉ាងណា ក៏នៅតែចៀសមិនផុតពីគ្រោះអកុសលប៉ះប្រុសចិត្តមិនស្មោះ។ នាងរំព្ញកថា កាលនាងកំពុងធ្វើការរោងចក្រនោះ មានកំលោះម្នាក់ឈ្មោះផា ខ្មៅ អាយុប្អូននាង២ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង តែងចេញមកធ្វើកម្មករសំណង់ក្បែររោងចក្រ និងបានឃើញនាងរាល់ថ្ងៃ ក៏តាមលួងលោមសុំស្នេហ៍។ កាលនោះរូបនាងទើបមានអាយុ១៨ឆ្នាំ ដូចឃ្មុំឡើងក្បាលទឹក និងប៉ះទឹកម៉ាស៊ីនរាល់ថ្ងៃផងនោះ ក៏បែកសាច់ទ្រលុកទ្រលន់ ធ្វើឱ្យកំលោះផា ខ្មៅ បកា់ចិត្តស្រលាញ់ងប់ងុលតាមអង្វរនាងងោចៗ រហូតដល់នាងទន់ចិត្តក៏បើកផ្លូវឱ្យគេនាំចាស់ទុំចូលស្តីដណ្តឹងរៀបការតាមប្រពៃណី ដោយមិនលេងឆក់កណ្តៀតដូចគេទេ។

អ្នកមេម៉ាយអ៊ិន ធឿន

អ្នកមេម៉ាយអ៊ិន ធឿន បន្តទៀតថា ពួកនាងបានរៀបការកាលពីឆ្នាំ២០១៤ និងគ្រាន់តែផ្សំដំណេកភ្លាម នាងក៏មានផ្ទៃពោះភ្លាមដែរ តែមិនចោលការងាររោងចក្រនោះទេ។ លុះពពោះជិតគ្រប់ខែ ទើបនាងវិលត្រឡប់មកនៅផ្ទះវិញ ចំណែកប្តីនៅធ្វើកម្មករសំណង់ឯភ្នំពេញ ដដែល។ ប្តីកំហូសនោះ ធ្វើជាងសង់ផ្ទះថ្មយូរៗទៅ ក៏បែកគំនិតមានស្រីថ្មី ហើយបានរត់ទៅរួមរស់ជាមួយប្រពន្ធចុង បំភ្លេចរូបនាង និងកូនសូន្យឈឹង រយៈពេល៦ឆ្នាំ ទៅហើយពុំដឹងនៅឯណា តែក៏ឮល្ហិចល្ហៀងថា គេបានពង្រត់ប្រពន្ធចុងនោះទៅធ្វើការនៅប្រទេសថៃ បាត់ទៅហើយ។

អ្នកមេម៉ាយអ៊ិន ធឿន

នាងអ៊ិន ធឿន បន្ថែមទៀតថា ពេលដឹងថា ប្តីក្បត់ នាងឈឺចិត្តណាស់ តែមិនតាមអង្វរគេជាដាច់ខាត សុខចិត្តនៅមេម៉ាយរកស៊ីចិញ្ចឹមកូនម្នាក់ឯងវិញ ទោះជាប្តីនោះមកសុំជានាក៏នាងមិនទទួលដែរ។ សព្វថ្ងៃនាងនៅតែផ្ទះចូលចិត្តស្លៀកពាក់សិចស៊ី ដោយតាំងចិត្តថា “សេះដាច់យកសេះតាម” បើប្តីសេះនោះបោលចោលទៅហើយ ត្រូវតែរកប្តីថ្មីទៀតកំដរឆាកជីវិត។ នាងជាមេម៉ាយវ័យក្មេង ធ្លាប់ឆ្លងកាត់ប្តីក្មេងប៉ះប្រុសបោកប្រាស់ក៏រាងចាល លែងចង់បានប្តីក្មេង ទោះជាសព្វថ្ងៃមិនខ្វះកំលោះៗតាមសុំស្នេហ៍ ក៏នាងមិនប្រថុយដែរ។ និយាយឱ្យចំនាងចង់

អ្នកមេម៉ាយអ៊ិន ធឿន និងកូន ជាមួយលោកអ៊ិន ងួន (ឳពុក)

បានតែប្តីចាស់ មានបទពិសោធន៍ក្នុងជីវិត និងមានទ្រព្យសម្បត្តិផង ព្រោះកន្លងមកនាងសង្កេតឃើញ នារីមួយចំនួនច្រានចោលប្តីកំលោះស្រវាយកប្តីតាសម្បូរដុល្លារ ក៏មានឡានជិះ មានផ្ទះធំទ្រនំខ្ពស់ មានមាសពេជ្រពាក់ស្រោចខ្លួន ទៅណាមកណាគេបាំងដៃមើល។ នារីទាំងនោះនៅតែក្នុងម្លប់រក្សាសម្រស់ឱ្យនៅតែក្មេងជានិច្ច ទើបពេលនាងចេញទៅណាម្តងៗ មិនខ្វះទេ ស្រីៗច្រណែន ឯប្រុសៗក៏លួចច្រណែនប្តីនាងដែលឆក់បានបុប្ផាស្រុកស្រែទៅថ្នាក់ថ្នម។

ផ្ទះគ្រួសារអ្នកមេម៉ាយអ៊ិន ធឿន

អ្នកមេម៉ាយបន្ថែមទៀតថា ដោយមើលឃើញគំរូគេ ទើបនាងសូមប្រកាសជូនដំណឹងដល់បុរសវ័យចាស់ទាំងឡាយ បើមានការចាប់អារម្មណ៍សូមទាក់ទងមកនាងមិនខាន។ លក្ខខណ្ឌដែលនាងត្រូវការ គឺតានោះអាយុប៉ុន្មានក៏ដោយចុះឱ្យតែនៅតណ្ហា មានទ្រព្យសម្បត្តិគួរសមច្រឡំគេឯង ជាពិសេស មិនជំពាក់ជំពិន នឹងរឿងប្រពន្ធកូន។ នាងមិនចង់ធ្វើប្រពន្ធចុងគេទេ តែអាចធ្វើជាប្រពន្ធក្រោយប្រពន្ធទី២ ទី៣ បាន កុំតែប៉ះប្តីមានប្រពន្ធដើមនៅរស់ជ្រងោ។ បើបំណាច់តែយកប្តីចាស់ហើយ លុះត្រាតែប្តីនោះអាចបំពេញបំណងនាងបានសព្វបែបយ៉ាង តែបើមិនអាចបំពេញបំណងបានទេ នាងក៏មិនហ៊ានប្រថុយដែរ។

នាងអ៊ិន សុផាត

លោកអ៊ិន ងួន អាយុ៦៨ឆ្នាំ ជាឪពុក នាងអ៊ិន សុផាត អាយុ៣៣ឆ្នាំ ជាបងបង្កើត និងនាងទូច សុខលី ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា រឿងដែលនាងអ៊ិន ធឿន ប្រកាសរកប្តីចាស់នេះ ពួកគាត់មិនជំទាស់ទេ។ នេះមកពីនាងឆ្អែតចិត្តនឹងប្តីក្មេងបោះបង់ចោលឱ្យនៅមេម៉ាយ ក៏សម្រេចចិត្តយកប្តីទៀត តែប្តីស្ទាវ នាងលែងយកហើយដោយចង់បានប្តីសក់ល្បាយអាចម៍ខ្លា អាយុ៦០-៧០ ម្តងវិញ។ ហេតុនេះ បើបុរសពោះម៉ាយណាចាប់អារម្មណ៍សូមទាក់ទងមកនាងតាមអាសយដ្ឋានខាងលើ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ ០១៥-៦១ ៦៨ ៥១ (ជាលេខនាងអ៊ិន សុផាត ជាបង) ចំណែកនាងអ៊ិន ធឿន គ្មានទូរស័ព្ទប្រើទេ ពួកគាត់នឹងជួយសម្របសម្រួល ឱ្យបានសែនព្រេនដោយចំហ។

នាងទូច សុខលី

គួរបញ្ជាក់ថា កន្លងមកក៏មានអ្នកមេម៉ាយសាច់ខ្ចីមួយចំនួន បានចេញមុខប្រកាសរកប្តីតាម“អង្គរធំ” ក៏បានជួបតាអាណិកជន នៅអាមេរិក អូស្ត្រាលី បានផ្ទះធំទ្រនំខ្ពស់ ដូចបំណង។ នារីខ្លះទៀតក៏បានស្វាមីក្នុងស្រុក ជាពោះម៉ាយវ័យចាស់ ដូចជីតា និងចៅ ហើយតានោះយកប្រពន្ធក្មេងទៅរួមរស់ជាមួយយ៉ាងមានសុភមង្គល ដែលកូនដើមរបស់តាមិនជំទាស់អ្វីទេ ព្រោះចង់ឱ្យឪពុកមានអ្នកកំដរ ថែទាំគក់ច្របាច់យប់ព្រលប់។ ហេតុនេះ បើមានបុរសចំណាស់ណាចាប់អារម្មណ៍នឹងអ្នកមេម៉ាយក្តៅស្រួយកូន១នេះ សូមទាក់ទងតាមអាស័យដ្ឋានខាងលើ ឬលេខទូរស័ព្ទធានាថា មិនខុសបំណងឡើយ….”៕

RELATED ARTICLES