ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ មិនដឹងជាមានបញ្ហាផ្លូវចិត្ត ឬវិបត្តិអ្វីចាក់ស្រែះ ដោះស្រាយមិនចេញ ស្រាប់តែដើរលីចបត្រឡប់មកពីស្រែ ដល់តូបលក់ចាប់ហួយមួយកន្លែងនៅក្នុងភូមិ ក៏ទម្លាក់ចបចុះទាំងអាការដូចជាហត់នឿយ អស់កម្លាំង បន្ទាប់មកស្រាប់តែទាញកាំបិតប៉័ងតោរបស់ម្ចាស់តូបលក់ចាប់ហួយ មកអារកខ្លួនឯង បណ្តាលឱ្យដាច់រយះបំពង់កយ៉ាងធំ ហូរឈាមជោកខ្លួន និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅតាមផ្លូវដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ។
ករណីបុរសអារកសម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង០៥នាទីរសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលក់អីវ៉ាន់ចាប់ហួយមួយកន្លែង ស្ថិតនៅក្នុងភូមិពពេលពល ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
បុរសគំនិតខ្លីដែលយកកាំបិតប៉័ងតោ អារកខ្លួនឯងធ្វើអត្តឃាតនោះ មានឈ្មោះអ៊ួង ចន្ថា អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានលីចបដើរត្រឡប់មកពីស្រែវិញ លុះពេលមកដល់ចំណុចតូបលក់អីវ៉ាន់ចាប់ហួយរបស់ស្ត្រីឈ្មោះពុំ ផល ស្រាប់តែបុរសរងគ្រោះ បានទម្លាក់ចបពីលើស្មាទាំងអាការដូចជាហត់ខ្លាំងដើរ ទៅមុខមិនរួច លុះបន្តិចក្រោយមក ជនរងគ្រោះក៏ទាញយកកាំបិតប៉័ងតោរបស់អ្នកលក់មកអារកខ្លួនឯង ដោយមិនដឹងមូលហេតុ ហើយភ្លាមនោះ ម្ចាស់តូបបានស្រែកឆោឡោ និងត្រូវអ្នកភូមិម្នាក់ដែលអង្គុយក្បែរនោះ ប្រទះឃើញស្ទុះទៅទះដៃជនរងគ្រោះ បណ្តាលឱ្យកាំបិតធ្លាក់ពីដៃដែរ តែបំពង់កជនរងគ្រោះ បានមុតនឹងកាំបិតរយះយ៉ាងធំទៅហើយ ធ្វើឱ្យមានឈាមហូរជោកពេញខ្លួនប្រាណជនរងគ្រោះ។
ប្រភពដដែលបន្តថា លុះពេលអារកខ្លួនឯងរួចហើយ ជនរងគ្រោះបានដើរចេញពីតូបលក់ចាប់ហួយនោះទៅអង្គុយនៅលើវាលស្មៅ ទាំងអាការចង់ត្រដរខ្យល់។ ចំណែកអ្នកភូមិ បានប្រញាប់រត់ទៅប្រាប់ក្រុមគ្រួសារជនរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកដល់ទីតាំងកើតហេតុភ្លាមៗដែរ។
ក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមគ្រួសារបានទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីសង្គ្រោះ ប៉ុន្តែដោយសារ ស្ថានភាពរបួសត្រង់បំពង់ករបស់ជនរងគ្រោះ មានសភាពធ្ងន់ពេក ទើបខាងមន្ទីរពេទ្យ បាន ត្រឹមជួយរុំមុខរបួស រួចប្រញាប់បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ តែអកុសល មិនទាន់ដល់មន្ទីរពេទ្យផង បុរសរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវយ៉ាងអាណោចអធ័ម និងក្រមគ្រួសារដឹកសពបុរសរងគ្រោះត្រឡប់ទៅផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាម ប្រពៃណី។
ករណីខាងលើនេះ ត្រូវបានគ្រូពេទ្យខេត្ត សន្និដ្ឋានថា បុរសរងគ្រោះអាចមានជម្ងឺសរសៃប្រសាទ ប៉ុន្តែតាមអ្នកភូមិខ្លះដែលប្រកាន់ខ្ជាប់អបិយជំនឿបានលើកឡើងថា ជនរងគ្រោះមានគ្រោះកំបុតក្បាល ទើបត្រូវខ្មោចចូលនាំដៃឱ្យអារកខ្លួនឯងស្លាប់បែបនេះ៕