វាយដំរំលោភហើយ រត់គេចខ្លួន៧ឆ្នាំ វិលមកវិញប៉ូលិសចាប់វាយខ្នោះ

ខេត្តព្រះសីហនុ ៖ បុរសល្មោភកាមម្នាក់ ធ្លាប់បានធ្វើសកម្មភាពវ៉ៃដំប៉ុនប៉ងរំលោភនារី​ម្នាក់ តាំងពីខ្លួនទើបនឹងមានអាយុ​២២ឆ្នាំមក​ម៉្លេះ រួចក៏បានព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ អស់រយៈពេល៧ឆ្នាំ ទីបំផុត ភ្លេចខ្លួនវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់។

ជនសង្ស័យល្មោភកាមដែលវាយដំ ប៉ងរំលោភសេពសន្ថវៈស្រី កាលពី៧ឆ្នាំមុន និងទើបត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះបាន គល់ថុល អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំដែលសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន។ ចំណែកនារីរងគ្រោះ មានលំនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។

លោកវរសេនីយ៍ឯក ញ៉ែត ភ័ណ្ឌ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង១៣និង១៥នាទី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នគរបាលស្រុកព្រៃនប់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងទទួលការងារព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យឈ្មោះ បាន គល់ថុល តាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៦៤៣ តព២០១២ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះសីហនុ ពីបទហិង្សាដោយចេតនា និងប៉ុនប៉ងរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១០ កន្លងទៅ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១០ កន្លងទៅ ជនសង្ស័យឈ្មោះបាន គល់ថុល បានធ្វើសកម្មភាពចាប់នារីម្នាក់វាយដំ រួចប៉ុនប៉ងរំលោភ តែមិនបានសម្រេច រួចក៏ព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនអស់រយៈពេល៧ឆ្នាំ ទើបលបវិលត្រឡប់មកផ្ទះវិញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ចុះចាប់ឃាត់ខ្លួនតាមដីកាតែម្តង។

បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕