បុរសចំណាស់ម្នាក់នេះ ដើរចោលផ្ទះរាប់ឆ្នាំ ទៅមានស្រីថ្មីទៀត លុះភ្ញាក់រលឹករត់ចោលប្រពន្ធចុង មករកប្រពន្ធដើមវិញ ស្រាប់តែ មានសតិមិនប្រក្រតី មិនព្រមរួមមេត្រី មួយថ្ងៃៗអង្គុយតែយំ។ ឥរិយាបថមិនធម្មតានោះ អ្នកស្រុកជឿថា មកពីបុរសនេះវិលរក ឆ្នាំងចាស់ ក៏ត្រូវប្រពន្ធចុងខឹងសម្បា រកគ្រូធ្វើអំពើស្នេហ៍ឱ្យវិល ទៅរកប្រពន្ធចុងវិញ…។
អ្នកស្រីសៀន អេវ អាយុ៦១ឆ្នាំ រស់នៅភូមិតាឥន្ទ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា គាត់មានប្តីឈ្មោះខឹម ណន អាយុ៦៣ឆ្នាំ ដោយបានរៀបការតាមប្រពៃណី តាំងពីគាត់នៅ ក្រមុំអាយុ១៩ឆ្នាំម៉្លេះ ដោយបង្កើតបានកូនប្រុស ស្រី៤នាក់ ជាចំណងខាន់ស្លា។ ក្រោយពីបង្កើតបាន កូន៤នាក់ និងឈានចូលដល់វ័យកណ្តាល ស្រាប់តែ ប្តីនេះបែកចិត្តចេះខិលខូចលួចមានស្រីថ្មី និងបាន ឱបបង្វេចចុះចោលគាត់ ទៅរស់នៅជាមួយប្រពន្ធចុង ជាច្រើនឆ្នាំ ទុកឱ្យគាត់រស់កំព្រារងាទ្រូងមានឈ្មោះ ជាស្រីមេម៉ាយ។ តាំងពីប្តីចុះចោលមក គាត់ក៏មិន រវល់តាមហៅនោះដែរ តែក៏មិនផ្តាច់និស្ស័យស្នេហ៍ នោះដែរ បើគេភ្ញាក់រលឹកវិលរកទ្រនំវិញ គាត់យល់ ព្រមរួមរស់ជាថ្មី និងតស៊ូក្នុងនាមជាស្រីមេម៉ាយ មិនព្រមយកប្តីថ្មីជាដាច់ខាត។
អ្នកស្រីសៀន អេវ បន្តទៀតថា លុះចូលមក ដល់ឆ្នាំ២០១៧ នេះ ក៏ស្រាប់តែលេចមុខលោកប្តី កំហូចមកដល់ប្លឺម គ្មានលុយ១រៀលទេ ដោយសុំ ឡានគេជិះមក។ ពេលប្តីមកដល់ គាត់បាត់ខឹងអស់ រលីង ក៏ព្យាយាមស្វាគមន៍យ៉ាងរាក់ទាក់ ដោយមិន ជីកគាស់អតីតកាលនោះទេ ព្រោះយល់ថា ប្តីទៅបាត់ ច្រើនឆ្នាំ បើគេមិនភ្ញាក់រលឹក ម៉្លេះសមគេមិនវិលរក ឆ្នាំងចាស់វិញទេ ឬថា មកពីប្រពន្ធចុងធ្វើបាបពេក បានជាគេរត់មកវិញបែបនេះ។ ជាការគួរឱ្យស្តាយ ពេលគាត់ និងកូនៗសួរដេញដោលពីជីវភាពរបស់គេ ដែលទៅបាត់ប៉ុន្មានឆ្នាំនេះ ស្រាប់តែប្តីធ្វើភ្នែក ក្រឡឹបក្រឡាប់ វង្វេងវង្វាន់ សួរឯលិចឆ្លើយឯកើត សួរពីក្របីឆ្លើយពីគោ បាត់បង់ការចងចាំអស់រលីង។ យប់មកដល់ដំបូងនោះ គាត់ដឹកដៃប្តីចូលមុង ដើម្បី រំព្ញករឿងដើមដែរ តែប្តីនេះធ្វើសោះអង្គើយបែរខ្នង ទៅម្ខាង រួចក្រោកអង្គុយយំហ៊ូៗ ដូចកូនក្មេង ធ្វើឱ្យ គាត់ភ្ញាក់ផ្អើលរត់ទៅសួរចាស់ៗ ក៏ឮតាៗខ្លះប្រាប់ថា ប្តីនេះប្រហែលទាស់គ្នាជាមួយប្រពន្ធចុង ក៏ឱបបង្វេច រត់មកវិញ បណ្តាលឱ្យប្រពន្ធចុងនោះខឹងសម្បា រកគ្រូឱ្យធ្វើអំពើអំព័ន្ធ។ ពេលដឹងរឿងនេះ ទោះជាជឿ ក្តីមិនជឿក្តី ស្អែកឡើង គាត់និងកូនបង្កើតបានដឹក ប្តីនេះ ទៅរកគ្រូស្រោចទឹក និងរកគ្រូទស្សន៍ទាយមើល ទៅតាមជំនឿបុរាណ។
អ្នកស្រីសៀន អេវ បន្តទៀតថា រកគ្រូស្តោះផ្លុំ បាន១អាទិត្យ ប្តីបានស្វាងជាងមុនបន្តិច តែមិនចោល របៀបអង្គុយត្រមង់ត្រមោច សួរមិននិយាយសោះ។ លុះពេលយប់ព្រលប់ ពេលដេកទន្ទឹមគ្នាក្នុងមុង ប្តី នេះរាងផ្អើលៗខ្លាចប្រពន្ធ ចេះតែងាកចេញ មិនព្រម រួមមេត្រី គាត់ក៏ចេះតែសួរថា ហេតុអ្វីមិនស្រលាញ់ ប្រពន្ធ? ប្តីក៏ឆ្លើយថា គ្មានអារម្មណ៍អីទេ រួចក៏ក្រោក អង្គុយជូតទឹកភ្នែកនឹករលឹកដល់ប្រពន្ធចុងឯណោះ។ បើសិនជាប្តីត្រូវការខ្លួនប្រាណនោះ គាត់មានទៅ កំណាញ់អី ព្រោះទោះជាមានអាយុជាង៦០ឆ្នាំ បែក ប្តីជាច្រើនឆ្នាំ នៅតែមានចំណង់មិនទាន់អស់ទេ តែ ចង្រៃអី! មកពីប្តីនេះត្រូវអំពើស្នេហ៍ប្រពន្ធចុង បាន ជាមិនរវីរវល់នឹងប្រពន្ធដើម ដែលដេកក្បែរខ្លួន។ ទោះយ៉ាងណា ប្តីមកវិញហើយ គាត់លែងបណ្តោយ ឱ្យប្រពន្ធចុងអន្ទងបានទៀតហើយ ត្រូវតែក្រុងឱ្យជាប់ ព្រោះជាតិនេះ គាត់ស្រលាញ់តែប្តីម្នាក់ហ្នឹង គ្មានពីរ បីទេ និងព្យាយាមរកគ្រូព្យាបាលប្តីឱ្យទាល់តែជា ក្រែងគេនឹកឃើញអនុស្សាវរីយ៍ចាស់កាលផ្សំដំណេក លើកដំបូងកាលពីកំលោះក្រមុំរៀបការថ្មោងថ្មី។
ដោយឡែក លោកខឹម ណន អាយុ៦៣ឆ្នាំ ជាប្តី ទោះជាមានសតិមិនប្រក្រតី ក៏អាចឆ្លើយនឹងសំណួរ របស់អ្នកយកព័ត៌មានយើងបានខ្លះៗដែរ។ គាត់ និយាយមួយៗថា គាត់ពិតជាបានដើរចោលប្រពន្ធដើម ជាច្រើនឆ្នាំមែន លុះចូលមកដល់ឆ្នាំ២០១៧ ចេះតែ នឹកផ្ទះ ក៏សម្រេចចិត្តវិលរកទ្រនំវិញ ធ្វើឱ្យប្រពន្ធចុង ខឹងសម្បាយ៉ាងខ្លាំង។ ពេលគាត់មកជួបប្រពន្ធដើម និងកូនៗ ស្រាប់តែនឹកស្រណោះប្រពន្ធចុងម្តងវិញ ដោយឃើញមុខប្រពន្ធដើមចេះតែស្អប់ ដោយចង់ តែយំ លោករៀបរាប់បានតែប៉ុណ្ណោះ ក៏លែងនិយាយស្តី ទោះជាសួរយ៉ាងណាក៏មិនព្រមឆ្លើយ។
លោកសុច រ៉េត អាយុ៤៤ឆ្នាំ និងនាងនៅ អ៊ីន អាយុ២៨ឆ្នាំ ជាកូនប្រសា និងកូនបង្កើតបានឱ្យដឹង ស្របគ្នាថា ឪពុករបស់ពួកគេមានស្រីថ្មី ចុះចោល ម្តាយរាប់ឆ្នាំមកហើយ លុះវិលមកវិញ ស្រាប់តែ វង្វេងវង្វាន់យ៉ាងនេះទៅ។ ថ្ងៃណាក៏ឃើញឪពុក អង្គុយបែរមុខទៅទិសខាងជើង បង្ហូរទឹកភ្នែកសស្រាក់ ទោះជាជជីកសួរយ៉ាងណាក៏គាត់មិនឆ្លើយ។ លុះរក គ្រូទស្សន៍ទាយទៅ គ្រូក៏ប្រាប់ថា មកពីឪពុកចង់វិល មករកម៉ែវិញ បណ្តាលឱ្យប្រពន្ធចុងខឹងសម្បា ជួល គ្រូឱ្យធ្វើអំពើស្នេហ៍។ ដោយសារតែអំពើអំព័ន្ធនោះ ដាក់ធ្ងន់ពេក ដោះមិនចេញ បណ្តាលឱ្យឪពុកវង្វេងវង្វាន់យំរកប្រពន្ធចុង តែក៏មិនស្គាល់ផ្លូវណាត្រូវ ចេញទៅរកប្រពន្ធចុងនោះដែរ។ ទោះយ៉ាងណា កូនៗ ទាំងអស់ មិនអនុញ្ញាតឱ្យឪពុករត់ទៅវិញបានទេ គាត់ ត្រូវតែរួមរស់ជាមួយម៉ែឡើងវិញ និងព្យាយាមយក គាត់ទៅព្យាបាលឱ្យអស់ពីលទ្ធភាព។
គួរបញ្ជាក់ថា តាមជំនឿបុរាណ អំពើអំព័ន្ធ ឬ សិល្ប៍ធ្មប់មានច្រើនយ៉ាង ដូចជាធ្វើឱ្យគូសត្រូវហើម ពោះស្លាប់ ឱ្យពិកល្យពិការជាដើម ចំណែកអំពើស្នេហ៍ ឬដាក់ស្នេហ៍ ធ្វើឱ្យបុរស ឬស្ត្រីវង្វេងវង្វាន់លង់ ស្នេហ៍គេដកខ្លួនមិនរួច។ ក្នុងរឿង “មរណមាតា” ក៏មានតំណាលពីនាយកុដុម្ពី ក៍ត្រូវស្នេហ៍នាងកាឡី ជាស្រីមេម៉ាយ ភ្លេចនាងកុលកេសី ជាប្រពន្ធដើម រហូតហ៊ានវាយសម្លាប់ប្រពន្ធដើមទម្លាក់ទឹកបឹង។ អំពើស្នេហ៍ខ្លះបណ្តាលឱ្យអ្នកត្រូវអំពើនោះ វិកលចរិត ក៏មានដែរ ដោយមួយថ្ងៃៗ អង្គុយយំនឹកគេ ភ្លេច បាយភ្លេចទឹក។ ទោះយ៉ាងណា ជំនឿនេះ ផ្ទុយពីវិទ្យាសាស្ត្រ ប៉ុន្តែប្រជាពលរដ្ឋខ្មែរ នៅតែមានជំនឿលើ សិល្ប៍ធ្មប់ ស្នេហ៍ស្នូក មិនអាចលុបបំបាត់បានឡើយ…”៕