Sunday, January 12, 2025
Homeព័ត៌មានជាតិព្រោះតែប្រពន្ធស្តីឲ្យរឿងអាប់លុយក្រដាស50$ អន់ចិត្តប្រហារជីវិតខ្លួនឯង

ព្រោះតែប្រពន្ធស្តីឲ្យរឿងអាប់លុយក្រដាស50$ អន់ចិត្តប្រហារជីវិតខ្លួនឯង

ភ្នំពេញ ៖ បុរសម្នាក់កំពុងជួយលក់ដូរ ប្រពន្ធក៏មានភ្ញៀវមកទិញកាតទូរស័ព្ទ២ដុល្លារ ទាំងយប់ និងថែមទាំងយកលុយក្រដាស៥០ដុល្លារ មកឱ្យអាប់ទៀតផង លុះលក់ដូររួចរាល់ ក៏ត្រូវប្រពន្ធស្តីបន្ទោស២-៣មាត់ ព្រោះតែខ្លាចប៉ះចំលុយក្លែងក្លាយ ស្រាប់តែធ្វើឱ្យបុរសជាប្តីឈឺចិត្ត ស្អិតទ្រូង ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចរបងដីឡូត៍មួយកន្លែង តាមបណ្តោយ ផ្លវទំនប់កប់ស្រូវ ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត ព្រោះតែតូចចិត្តនឹងរឿងប្រពន្ធស្តីបន្ទោសនោះ មាន ឈ្មោះអ៊ុំ អាន អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត មានស្រុកកំណើតនៅភូមិទ្រា ឃុំទ្រាស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល មានប្រពន្ធឈ្មោះ វ៉ង សុខនី អាយុ២៨ឆ្នាំ មុខរបរលក់ចាបហួយ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងប្តីទើបរៀបការជាមួយគ្នាបាន៣ឆ្នាំប៉ុណ្ណោះ លុះរៀបការរួច ប្តីចាប់យករបរបើករថយន្ត ចំណែកនាងបានបើកលក់ចាប់ហួយ ដើម្បីជួយគ្នារកប្រាក់ទប់ទល់ជីវភាពគ្រួសារ និងរួមរស់ប្រកបដោយសុភមង្គល មិនធ្លាប់មានទំនាស់ខ្វែងគំនិតគ្នាអ្វីធំដុំឡើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីត្រឡប់មកពីបើកឡានវិញ ប្តីរបស់នាងបានមកជួយលក់ដូរ នាងជាប្រពន្ធ លុះបន្តិចក្រោយមក ក៏មានបុរសម្នាក់ បានដើរមកទិញកាតទូរស័ព្ទចំនួន២ដុល្លារ ហើយប្តីរបស់នាង ក៏ចេញទៅលក់ឱ្យ បន្ទាប់មកបុរសជាអ្នកទិញនោះ បានហូតលុយក្រដាស៥០ដុល្លារមកឱ្យប្តីរបស់នាងអាប់ ហើយប្តីរបស់នាងក៏ទាញយកមកអាប់ ដោយមិនបានពិនិត្យអ្វីច្រើនទេ។ លុះក្រោយពេលភ្ញៀវចេញទៅវិញផុត នាងក៏បានស្តីបន្ទោសឱ្យប្តី២-៣ ម៉ាត់ ពីរឿងប្តីហ៊ានអាប់លុយក្រដាស៥០ដុល្លារឱ្យគេទាំងយប់ ព្រោះខ្លាចប៉ះចំលុយក្លែងក្លាយ មិនខាតធំហើយ ដោយពេលនោះ នាងបានប្រើពាក្យសម្តីថា យប់ជ្រៅហើយ លុយដុល្លារច្រើនណាស់ ៥០ដុល្លារ ស្មើនឹងលុយខ្មែរ២០ម៉ឺនរៀល បើអាប់ប៉ះចំលុយក្លែងក្លាយ ខំលក់ធ្វើអីចំណេញតិចៗណឹង។ ភ្លាមនោះ ប្តីរបស់នាងមិនបានតបតអ្វីទាំងអស់ រួចក៏ដើរចូលទៅក្នុងបន្ទប់បាត់ទៅ។

ស្ត្រីជាប្រពន្ធរូបនេះ បញ្ជាក់ថា លុះរយៈពេលប្រមាណកន្លះម៉ោងក្រោយមក ប្តីរបស់នាងក៏បានដើរចេញពីបន្ទប់មកវិញ ចំណែកនាងបានបើកទ្វារចូលបន្ទប់វិញម្តង ស្រាប់តែប្រទះឃើញគ្រឿងអលង្កា ខ្សែក ខ្សៃដៃរបស់ប្តី បានដោះទុក ទើបធ្វើឱ្យនាងឆ្ងល់ ក៏ចេញទៅតាមមើលប្តី ស្រាប់តែឃើញប្តីផ្លោះរបងចេញទៅខាងក្រៅ រួចដើរឆ្លងផ្លូវទៅដីឡូត៍នៅទល់មុខនោះ ធ្វើឱ្យនាងមានចិត្តសង្ស័យកាន់តែខ្លាំង ក៏ស្ទុះរត់ទៅយកកូនសោចាក់ចេញទៅតាមប្តី លុះពេលឆ្លងចូលដល់ក្នុងដីឡូត៍ខាងលើ នាងបានយកទូរស័ព្ទច្របាច់ពិលមើល ស្រាប់តែប្រទះឃើញប្តីចងកបាត់ទៅហើយ។ ភ្លាមៗនោះនាងខំប្រឹងលើកប្តីទម្លាក់ចុះក្រោម និងស្រែកឆោឡោ ហៅបងប្អូនអ្នកជិតខាង ឱ្យមកជួយដឹកបញ្ជូនប្តីទៅពេទ្យដែរ តែពេលបងប្អូនមកដល់ ពិនិត្យមើលរួចទើបដឹងថា ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ អ្នកជិតខាងបាននាំគ្នាជួយសែងសពជនរងគ្រោះត្រឡប់មកផ្ទះវិញរួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីពិនិត្យនិងធ្វើកោសល្យវិច័យរួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិត ជាចងកធ្វើអត្តឃាតប្រាកដមែន មូលហេតុដោយសារជនរងគ្រោះតូចចិត្តនឹងរឿងប្រពន្ធស្តីបន្ទោសតិចតួច។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណតាមប្រពៃណី៕

RELATED ARTICLES