ខេត្តបាត់ដំបង ៖ ក្រុមនិស្សិតប្រុសស្រី ដែលបានមកជួលផ្ទះគេស្នាក់នៅ ត្រូវបានចោរចូលលួចទ្រព្យសម្បត្តិអស់មួយចំនួន ដោយពួកចោរចូលតាមទ្វារចំហៀង ដែលម្ចាស់ភ្លេចចាក់សោ ហើយគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
ប្រភពពីឈ្មោះសូ ចំណាប់ អាយុ២៩ឆ្នាំ ភេទប្រុស ជាអ្នកទទួលខុសត្រូវផ្ទះដួល បានឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគេមិនបាននៅផ្ទះទេ ដោយជាប់រវល់ទៅខេត្តកំពង់ឆ្នាំង ទុកឱ្យនិស្សិតស្រីៗមើលថែផ្ទះនោះ ហើយពួកនាងភ្លេចចាក់សោទ្វារចំហៀងផ្ទះ ទើបចោរចូលលួចបាន។ ទ្រព្យសម្បត្តិដែលត្រូវចោរលួច យកទៅមានកុំព្យូទ័រឡេបថបមួយគ្រឿង ទូរស័ព្ទដៃស៊េរីទំនើប៧គ្រឿង លុយអាមេរិក ២០០ដុល្លារ លុយខ្មែរ២០ម៉ឺនរៀល ចិញ្ចៀន ខ្សែក និងក្រដាសពន្ធម៉ូតូមួយគ្រឿង។
ប្រភពដដែលបានបន្តថា ពេលដែលរូបគេត្រឡប់មកដល់ផ្ទះវិញ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ហើយបានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីឱ្យជួយអន្តរាគមន៍តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោស។ ប៉ុន្តែរហូតមកដល់ល្ងាចនេះ គឺមិនឃើញសមត្ថកិច្ចណាចុះមកពិនិត្យមើលផ្ទះដែលចោរចូលលួចទេ ហើយមានអ្នកខ្លះនិយាយថា មិនបាច់ទៅប្តឹងទេ វាយូរពេកហើយ ប្រហែលម្ចាស់ផ្ទះរុះរើស្លាកស្នាមអស់ហើយ។
ប្រភពព័ត៌មានពីនិស្សិតស្រីៗបានឱ្យដឹងស្របគ្នាថា កាលពីយប់កើតហេតុនោះ ពួកនាងកំពុងដេក ហាក់ដូចជាបានប៉ះដៃចោរដែរ តែស្មានថាគ្នាឯង ជាឱកាសឱ្យពូកវាធ្វើសកម្មភាពរុះរើអីវ៉ាន់តាមចិត្ត។
ក្រោយពេលពួកចោរចេញទៅបាត់អស់ ទើបនាំគ្នាភ្ញាក់ ហើយស្រែកសួរគ្នាឆោឡោផ្អើលគេឯងឱ្យមកជួយ តែអ្វីៗហួសអស់ទៅហើយ គ្មានសង្ឃឹមថា បានរបស់ទាំងនោះមកវិញទេ៕