បងសន្សំលុយគ្រប់ហើយ ម្តាយអូនដំឡើងថ្លៃទៀត បងគ្មានវាសនា បាញ់សម្លាប់ខ្លួន

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់បានចាប់ចិត្តប្រតិព័ទ្ធទៅលើនារីអាណិកជនរស់នៅប្រទេសអូស្ត្រាលីម្នាក់ ក៏រំអុកឱ្យចាស់ទុំចូលស្តីដណ្តឹង និងត្រូវម្តាយខាងស្រីបង្គាប់ថ្លៃទឹកដោះ១ម៉ឺនដុល្លារ លុះប្រឹងសន្សំលុយជិតគ្រប់ទៅហើយ ចូលសួរនាំលើកទី២ ស្រាប់តែម្តាយខាងស្រីបែរជាក្រឡាស់សម្តីបង្កើនថ្លៃទឹកដោះកាន់តែខ្ពស់រហូតដល់៧ម៉ឺនដុល្លារ ធ្វើឱ្យផុតហួសពីសមត្ថភាពរបស់ខ្លួន ទើបបុរសរូបនេះឈឺចិត្តស្អិតទ្រូង ផឹកស្រាស្រវឹង ចេះតែព្យាយាមចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវបានសាច់ញាតិជួយសង្គ្រោះទាន់ ទីបំផុត ទ័លគំនិតគិតអ្វីមិនចេញ ក៏ទាញកាំភ្លើងអាកាបាញ់សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័មបំផុត។

ករណីបុរសខូចចិត្តរឿងស្តីដណ្តឹងកូនក្រមុំ គេមិនបានដូចបំណងបាញ់សម្លាប់ខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកក្នុងផ្ទះចាំចម្ការមួយកន្លែង ស្ថិតក្នុងភូមិជ្រៃ ឃុំជាំក្រវៀន ស្រុកមេមត់។

បុរសគំនិតខ្លី ដែលបាញ់សម្លាប់ខ្លួនឯង មានឈ្មោះឡាយ ចាន់ណាក់ ហៅទី អាយុ៣៥ឆ្នាំ មុខរបរមេការចម្ការកៅស៊ូ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកនារីដែលបុរសរងគ្រោះគួចចិត្ត ប្រតិព័ទ្ធប៉ងស្តីដណ្តឹងធ្វើជាគូគ្រងមិនបានសម្រេច ព្រោះតែថ្លៃទឹកដោះខ្ពស់ពេកនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ជាអាណិកជនខ្មែរ កំពុងរស់នៅប្រទេសអូស្ត្រាលី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា បុរសដែលធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន ព្រោះរឿងស្នេហាមិនសមបំណងនេះ បានមកស្នាក់នៅចាំចម្ការកៅស៊ូឱ្យលោកឧត្តមសេនីយ៍ទោយោធាម្នាក់ ក្នុងស្រុកមេមត់នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតមកទល់សព្វថ្ងៃនេះ កៅស៊ូក៏បានចាក់ជ័រយកទៅលក់នៅលើទីផ្សារ ថែមទាំងត្រូវបានម្ចាស់ចម្ការមាន ទំនុកចិត្តផ្តល់ការងារឱ្យមើលការខុសត្រូវលើកម្មករនៅទីនោះទៀតផង។

ប្រភពដដែលបន្តថា កន្លងមក បុរសរងគ្រោះបានទាក់ទងស្នេហាជាមួយនឹងនារីម្នាក់ ដែលជាអាណិកជនខ្មែរ កំពុងរស់នៅលើទឹកដីអូស្ត្រាលី លុះក្រោយមក ដោយចង់បាននារីរូបនោះមកធ្វើជាគូគ្រង ជនរងគ្រោះក៏បានប្រាប់ឱ្យចាស់ទុំរបស់ខ្លួនចូលស្តីដណ្តឹងនារីរូបនោះ ដែលមានឪពុកម្តាយរស់នៅក្នុងប្រទេសកម្ពុជា។ នៅពេលចាស់ទុំទាំងសងខាងជួបពិភាក្សាគ្នា ដំបូងម្តាយខាងស្រីបានសម្រេចទារថ្លៃបណ្ណាការ (ថ្លៃទឹកដោះ) ចំនួន១ម៉ឺនដុល្លារ ចំណែកខាងប្រុសក៏មិនថាអ្វីដែរ ពិសេសជនរងគ្រោះបានខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ទុក និងតែងដេកទន្ទឹងរំពឹងក្នុងចិត្តថា ខ្លួននឹងមានវាសនាបាននារីីដែលខ្លួនស្រលាញ់ មកធ្វើជាប្រពន្ធរួមរស់តទៅអនាគតជាក់ជាមិនខាន។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះក្រោយពីខំធ្វើការសន្សំប្រាក់ជិតបានគ្រប់ទៅហើយ ជនរងគ្រោះក៏ឱ្យចាស់ទុំចូលទៅចរចាគ្នាជាលើកទី២ បំណងរៀបចំការចូលស្តីដណ្តឹងតែម្តង ប៉ុន្តែបែរជាត្រូវខកបំណងវិញ ដោយសារតែត្រូវម្តាយខាងស្រី ប្រែក្រឡាស់ពាក្យសម្តីដំឡើងថ្លៃទឹកដោះ ដែលពីមុនទារត្រឹមតែ១ម៉ឺនដុល្លារនោះ តែពេលនេះ ទារដល់ទៅ៧ម៉ឺនដុល្លារវិញ ទើបធ្វើឱ្យក្រុមគ្រួសារខាងប្រុសស្រងាកចិត្ត និងនាំយកដំណឹងមិនល្អនេះ មកប្រាប់ជនរងគ្រោះវិញឱ្យបានដឹង ព្រោះតែពួកគាត់គ្មានលទ្ធភាពជួយជនរងគ្រោះបានឡើយ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីខកបំណង ព្រោះម្តាយនួនល្អងដំឡើងថ្លៃទឹកដោះថ្លៃហួសប្រមាណពេកមក ជនរងគ្រោះក៏ចាប់ផ្តើមខូចចិត្តយ៉ាងខ្លាំង រហូតដល់ចេះដើរផឹកស្រាស្រវឹងអួទីនួ និងថែមទាំងធ្លាប់បានសម្រេចចិត្តគិតខ្លី ដោយចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែសំណាងល្អ ត្រូវបានក្រុមគ្រួសារប្រទះឃើញជួយសង្គ្រោះទាន់ពេល។ យ៉ាងណា ទំនាក់ទំនងរវាងជនរងគ្រោះ និងនារីអាណិកជននោះ នៅតែបន្តដដែល ដោយអ្នកទាំងពីរតែងជួបនិយាយគ្នាតាមឆាតហ្វេសប៊ុក សឹងរាល់ថ្ងៃ ហើយខាងស្រីក៏ដឹងថា ខាងប្រុស (ជនរងគ្រោះ) ខូចចិត្តខ្លាំងដែរ តែមិនដឹងជាត្រូវជួយដោយវិធីណាឡើយ ព្រោះនេះជាការសម្រេចចិត្តរបស់ម្តាយស្រីទៅហើយ។

ប្រភពដដែលបានបន្ថែមថា នៅពេលមុនពេលកើតហេតុ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះក៏បានឆាតតាមហ្វេសប៊ុកជួបជាមួយនារីជាទីស្រលាញ់របស់ខ្លួន ដែលកំពុងរស់នៅប្រទេសអូរស្ត្រាលីដែរ។ បន្ទាប់មក នៅវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះក៏បានសម្រេចចិត្តទាញយកកាំភ្លើងអាកា៤៧បាញ់ ប្រហារខ្លួនឯង១គ្រាប់ ធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកផ្ទះចាំចម្ការ  បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានករណីធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងរួចមក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញចុះមកពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ។ នៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញកាំភ្លើងប្រភេទអាកា៤៧ មួយដើម ដែលត្រូវបានជនរងគ្រោះប្រើជាឧបករណ៍បាញ់សម្លាប់ខ្លួន។ ដោយឡែកនៅលើខ្លួនសព មានស្នាមត្រង់ក ធ្លាយទៅក្បាល១គ្រាប់ បណ្តាលឱ្យជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹកផ្ទះចាំចម្ការ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕