ស៊ិន រ៉ូហ្ស៊េត បើកសម្ពោធអាហារដ្ឋានហើយ!!!

ខេត្តបាត់ដំបង ៖ អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក្រោយអស់តំណែងនៅថ្នាក់មូលដ្ឋានតាមអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយដោយសាលដីកាស្ថាពររបស់តុលាការកំពូលនោះ បានបើកសម្ពោធអាហារដ្ឋានថ្មីរបស់នាង នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបានរៀបចំហើយរួចរាល់ កាលពីប៉ុន្មានថ្ងៃមុន។

ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានអំពាវនាវនៅក្នុងពិធីសម្ពោធអាហារដ្ឋាននោះថា “សូមលោកតា លោកយាយ អ៊ំ ពូមីង បងប្អូន ប្រជាពលរដ្ឋ ជួយគាំទ្រ និងលើកទឹកចិត្តផង ហើយសម្រាប់បងប្អូននៅក្នុងក្រុងបាត់ដំបង អាចធ្វើការកុម្មង់បាន តាមរយៈលេខទូរស័ព្ទ ០១២ ២១៣ ៧៧០ នឹងយកជូន”។

អាហារដ្ឋានថ្មី ដែលកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបើកសម្ពោធនោះ មានឈ្មោះថា “អាហារដ្ឋានរ៉ូហ្ស៊េត” (Rozeth’s PAYDAY) មានទីតាំងចុះពីស្ពានផ្លូវមុខតុលាការ មកខាងលិចត្រង់ជិតដល់ផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ អាហារដ្ឋាននេះ បើកលក់ទាំងព្រឹក-ល្ងាចតែម្តង  ដោយមានលក់ ដូចជា បាយឆ្អឹងជំនីរជ្រូក នំបញ្ចុក សម្លប្រហើរ និងសម្លការី ណែមឆ្អិន និងឆៅ គុយទាវឆា នំប៉័ងក្តៅៗ បាញ់ហយ បាញ់ស៊ុង និងបង្អែមគ្រប់មុខ។

ពាក់ព័ន្ធនឹងការបង្កើតមុខរបរថ្មីនេះ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ក៏បានផ្តល់សម្ភាសន៍ដល់ “នគរធំ” ថា ទីតាំងហាងថ្មីនេះ ជាកម្មសិទ្ធិរបស់ពួនាង ដោយគាត់អត់យកថ្លៃជួល ឬជួលឱ្យនាងនោះទេ ធ្វើឱ្យធូរក្នុងការជួលទីតាំង។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានការលើកទឹកចិត្តពីបងប្អូនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកផងដែរ ដែលពួកគាត់បានជូនពរនាងឱ្យទទួលបានជោគជ័យក្នុងមុខរបរនេះ ជាហេតុនាំឱ្យនាងមានកម្លាំងចិត្ត ក្នុងការធ្វើចំណីអាហារទាំងអស់នោះ ដូចជា ណែម គុយទាវ ឆាមី បាញ់ស៊ុង បាញ់ហយ នំបញ្ចុកខ្មែរ នំបញ្ចុកសម្លការី ឬ មួយនំប៉័ងសារម៉ាន់ ជាដើម ដោយផ្ទាល់ដៃ ហើយមានយុវជនប៉ុន្មាននាក់ នៅចាំជួយនាងផងដែរ។

កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបញ្ជាក់ថា “បើកខ្លួនឯង ពិតជាត្រូវចំណាយដើមទុនច្រើន ទន្ទឹមនឹងនោះ ក៏យើងរង់ចាំនូវការខាតដែរ ដោយសារទី១ គឺខ្លាចបងប្អូនយើងអត់ស្គាល់ទីតាំង។ ទី២ ខ្លាចទឹកដៃរបស់ខ្ញុំធ្វើមិនបានល្អ។ អីចឹងហើយអាចមួយខែពីរខែមុនដំបូងហ្នឹង អាចយើងជួបឧបសគ្គបន្តិចបន្តួច ប៉ុន្តែក៏យើងមិនអស់សង្ឃឹមដែរ យើងនឹងប្រឹងប្រែងបន្តទៀត ហើយមួយវិញទៀត យើងមិនចំណាយថ្លៃផ្ទះជួល។ អីចឹងទោះបីមានការខាត ឬមួយក៏ជួបឧបសគ្គអី ក៏ប៉ុន្តែវាមិនធ្វើឱ្យយើងហ្នឹងចំណាយអស់ច្រើនដែរ ហើយនៅតែមានកម្លាំងចិត្ត ព្រោះធម្មតា ការបើកអាជីវកម្ម វាតែងតែជោគជ័យ និងបរាជ័យ ប៉ុន្តែគ្រាន់ថា បើយើងតាំងចិត្ត និងមានការប្តេជ្ញាចិត្ត យើងទៅមុខបន្តទៀត ពីព្រោះការរកស៊ីវាមិនមែនមានន័យថា វាជោគជ័យទាំងអស់ទេ ហើយក៏បរាជ័យទាំងអស់ដែរ ហើយមិនមែនថាយើងបើកភ្លាម គឺយើងចំណេញភ្លាមដែរ គឺយើងតែងតែទទួលបាននូវការគាំទ្រ ឬមួយមិនគាំទ្រ ប៉ុន្តែសង្ឃឹម តើយើងនៅបើកបន្តទៀតឬអត់? តែបើសិនជាយើងមានការអំណត់អត់ធ្មត់បើកបន្តទៀត យើងនឹងមានម៉ូយ ហើយយើងនឹងមានអ្នកគាំទ្រច្រើន”។

គួរបញ្ជាក់ថា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាអតីតមន្ត្រីថ្នាក់មូលដ្ឋាននៃគណបក្សភ្លើងទៀន (សម រង្ស៊ី) ដែលពេលនៅក្នុងគណបក្សនោះ នាងបានជាប់ជាចៅសង្កាត់រងអូរចារ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣។ ដោយឡែក មកដល់ឆ្នាំ២០១៧ នេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ហើយបានចួលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នោះ នាងក៏បានជាប់ជាចៅសង្កាត់អូរចារ ក្រុងបាត់ដំបង។ ប៉ុន្តែក្រោយឡើងកាន់តំណែងជាចៅសង្កាត់មិនបានប៉ុន្មានខែផង គណបក្សសង្គ្រោះជាតិ ត្រូវរំលាយដោយសាលដីកាតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ធ្វើឱ្យនាងត្រូវអស់តំណែងនៅថ្នាក់មូលដ្ឋាននោះ។

ទោះបីមុននេះ មានការអំពាវនាវពីគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ឱ្យមេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតគណបក្សសង្គ្រោះជាតិ ចុះចូល ដើម្បីរក្សាតំណែងតួនាទីក៏ដោយ ក៏កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានប្រកាសដាច់ខាត មិនចុះចូលបក្សកាន់អំណាចឡើយ ដោយនាងសុខចិត្តអស់តំណែងជាចៅសង្កាត់អូរចារ មកបើកហាងលក់អាហារផ្ទាល់ខ្លួនវិញ។

ស៊ិន ចាន់ពៅរ៉ូហ្ស៊េត បានបញ្ជាក់ថា  “ខ្ញុំត្រូវការកិត្តិយស ហើយនិងសេចក្តីថ្លៃថ្នូរ ប៉ុន្តែ ទន្ទឹមនឹងកិត្តិយស និងសេចក្តីថ្លែថ្នូរហ្នឹង គឺខ្ញុំត្រូវតែមានចិត្តស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងស្មោះត្រង់ចំពោះខ្លួនឯង ហើយនិងមានចិត្តស្មោះត្រង់ចំពោះជាតិ។ អីចឹងទង្វើរបស់ខ្ញុំ សកម្មភាពរបស់ខ្ញុំ បានឆ្លុះបញ្ចាំងអំពីស្មារតីរឹងមាំរបស់យុវជន។ ដូច្នេះសុំឱ្យយុវជនទាំងអស់ចូលរួមគិតគូរអំពីបញ្ហាប្រទេសជាតិរបស់យើង ពីព្រោះប្រទេសជាតិរបស់យើង គឺជារឿងរបស់យើងទាំងអស់គ្នា មិនមែនជារឿងរបស់បុគ្គល មិនមែនជារឿងរបស់បក្សណាមួយទេ។ អីចឹងសុំឱ្យយុវជនទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារប្រទេសជាតិយើង នាពេលខាងមុខហ្នឹង ហើយក្រោយភ្លៀង មេឃ នឹងស្រឡះ ប៉ុន្តែឥឡូវហ្នឹង ពេលណាមានមេឃភ្លៀង យើងត្រូវជ្រក រកអីញ៉ាំឱ្យមានកម្លាំងមាំមួនសិន។ ដូចខ្ញុំអីចឹង ខ្ញុំអត់ពីការងារជាចៅសង្កាត់ ក៏ខ្ញុំត្រូវតែមកប្រកបរបររបស់ខ្ញុំ បើកអាជីវកម្មជាពលរដ្ឋធម្មតា មិនមែនទាល់តែយើងទៅចុះចូល បានតួនាទី បានតំណែង បានបុណ្យស័ក្តិហ្នឹង ទើបយើងអាចរស់នៅបានទេ”៕