នារីម្នាក់នេះ មានវាសនាអភ័ព្វណាស់ បានប្តីទៅដល់២នាក់ ប៉ុន្តែមិនគាប់ប្រសើរនឹងគេសោះ។ កាលពីយកប្តីទី១ រៀបការត្រឹមត្រូវ ក្រាបក្បាលដល់កន្ទេល តែជួបប្រុសប្រមឹក និងពូកែវាយដំប្រពន្ធ រហូតធ្វើឱ្យនាងទ្រាំលែងបាន ក៏បែកបាក់គ្នាទៅ លុះជួបស្នេហ៍ជាមួយប្តីទី២ មិនដែលលើកដៃវាយប្រពន្ធទេ ទាស់ត្រង់ធ្វើការរកប្រាក់បាន មិនឱ្យប្រពន្ធកាន់លុយ មានប្តី ដូចអត់ប្តី…។
នាងសោ វិត អាយុ៣២ឆ្នាំ រស់នៅភូមិតាសូ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ ពីដំណើរជីវិតអភ័ព្វភ្ជាប់ដោយទុក្ខសោកឱ្យដឹងថា នាងជា កូនបន្ទាប់ពៅ ក្នុងចំណោមបងប្អូន០៦នាក់ (ប្រុស៣ ស្រី៣) ដែលម្តាយមានឈ្មោះឈឹម រិត អាយុ៦៥ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេងនាងរៀនសូត្រ បានតិចតួចណាស់ ត្រឹមថ្នាក់ទី៤ ក៏ ឈប់ទៅដោយនៅផ្ទះ ជួយធ្វើការងារស្រែចម្ការជំនួសដៃជើងឪពុកម្តាយ និងមិនដែលចេញពីផ្ទះ ទៅប្រឡូកការងារនៅសង្គមខាងក្រៅម្តងណាឡើយ។ លុះចូលដល់វ័យក្រមុំអាយុ១៨ឆ្នាំ ម្តាយបានរៀបចំ ផ្សំផ្គុំឱ្យនាងរៀបការតាមប្រពៃណីជាមួយបុរសម្នាក់ឈ្មោះជា រ៉ា ជាអ្នកស្រុកភូមិជាមួយគ្នាធ្វើជាគូគាប់ទ្រនាប់ជីវិត។
នាងសោ រិត រៀបរាប់បន្តថា ប្តីរបស់នាងជាអ្នកស្រុកសំរោង ដែលកាលនោះ មានសាច់ញាតិម្នាក់ជាអ្នកដឹកញីបន្ស៊ីឈ្មោល នាំចូលមកស្តីដណ្តឹងនាង។ បន្ទាប់ពីរៀបការហើយ ប្តីប្រពន្ធរបស់នាងស្រលាញ់ល្អូកល្អិនជាមួយគ្នាណាស់ ដោយចាប់របរធ្វើស្រែចម្ការចិញ្ចឹមជីវិត ហើយប្តីមិនដែលប្រើអំពើហិង្សា វាយដំប្រពន្ធមួយប៉ូកទេ ធ្វើឱ្យនាងរស់នៅមានសេចក្តីសុខសុភមង្គលជាខ្លាំង តែដឹងអី! សេចក្តីសុខនៅក្នុងជីវិតនាងមានតែគ្រាដំបូងប៉ុណ្ណោះ ក្រោយមកស្រាប់តែប្តីបែក គំនិតចេះដើរផឹកស៊ីជាមួយបនភឿនបាត់ៗ ឡើងស្រវឹងធ្លាក់ភ្នែកស្ទើររាល់ថ្ងៃ លុះពេលចូលដល់ផ្ទះ រករឿងបង្កជម្លោះជាមួយប្រពន្ធកូន និងចូលចិត្ត ប្រើហិង្សាវាយតប់នាងជាំមុខបែកមាត់ ខៀវភ្នែក ធ្វើឱ្យនាងរស់នៅ ជាមួយនឹងសមុទ្រទឹកភ្នែកឥតស្បើយ ប៉ុន្តែដោយសារមុជ មិនជ្រៅទៅមិនឆ្ងាយ នាងទ្រាំរស់នៅជាមួយប្តីកំណាចរូបនេះ រហូតបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងដៃ និស្ស័យស្នេហ៍ ទើបអស់និស្ស័យស្នេហ៍ ប្តីប្រពន្ធនាង ក៏ដើរដល់ផ្លូវបំបែកទៅ ព្រោះនាងក៏ដូចជាក្រុមគ្រួសារ ញាតិសន្តានគិតថា បើយកគ្នាជាប្តីប្រពន្ធតទៅមុខទៀត រកសេចក្តីសុខសុភមង្គលមិនឃើញទេ ជំនួសមកវិញ មានតែទឹកភ្នែកប៉ុណ្ណោះ ដូច្នេះ នាងសុខចិត្តរស់នៅតែ ឯង ខំប្រឹងតស៊ូរកស៊ីចិញ្ចឹមកូនវិញ ប្រសើរជាង។
នាងសោ វិត បន្តថា ក្រោយពីធ្លាក់ខ្លួនជាស្រី មេម៉ាយកំព្រារងាកាយចិត្តបានមួយរយៈ នាងបាន ជួបស្នេហ៍ជាមួយប្តីទី២ ឈ្មោះនាង សុភាព អាយុ៣៨ ឆ្នាំ តាមរយៈច្រឡំលេខទូរស័ព្ទ។ ប្តីរូបនេះ មានស្រុក កំណើតនៅឃុំត្រពាំងធំខាងត្បូង ជិតឃុំនាងដែរ ប៉ុន្តែបាន ទៅរស់នៅខាងប្រពន្ធនៅឯខេត្តបាត់ដំបង ឯណោះ។ តាមពិតទៅ នាងមិនសូវដឹងពីប្រវត្តិប្តីរូបនេះ ច្បាស់ ប៉ុន្មានទេ ប៉ុន្តែប្តីបានប្រាប់ថា គេជាបុរសពោះម៉ាយ គ្មានជាប់ពាក់ព័ន្ធ ជាមួយស្រីណាម្នាក់ទេ។ តែយ៉ាងណា ក៏គេមានពាក្យសម្តីផ្អែមល្ហែមប្រសប់លួងលោមណាស់ រហូតធ្វើឱ្យនាងជឿសម្តីគេស្លុងដូច ត្រូវមន្តសណ្តំ ក៏ទទួលយកគេធ្វើជាប្តី ដោយគ្មានលក្ខខណ្ឌ ដូចពាក្យចាស់ពោលថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត”។ លុះរួមរស់សាងស្នេហ៍ជាមួយ គ្នាបានរយៈពេលជិត១ឆ្នាំ ទើបពួកនាងរៀបចំសែនព្រេនមួយព្រឹកបង្គ្រប់កិច្ច ផ្តាច់ព្រលឹងខ្មោចមេបា។
នាងសោ វិត បន្តទាំងទឹកមុខស្រពាប់ស្រពោនថា នាងយកប្តីរូបនេះ ក៏ព្រោះតែសម្លឹងឃើញគេអាច ជាជំហរគ្រួសារដ៏រឹងមាំបាន ប៉ុន្តែដល់រួមរស់ជាមួយ គ្នាទៅ ទើបដឹងថា ប្តីទី២ រូបនេះ មិនអាចពឹងពាក់ផ្ញើ ជីវិតបានឡើយ ព្រោះប្តីរូបនេះតែងប្រាប់ថា ទៅធ្វើការ សំណង់ តែគេទៅបាត់រហូតរាប់ខែ ទើបត្រឡប់ចូល ផ្ទះម្តង តែជាលទ្ធផល គ្មានប្រាក់ឱ្យនាងមួយកាក់មួយ សេនទេ។ លុះពេលយកខ្លួនប្រាណនាងសប្បាយក្នុង ផ្លូវកាមគុណឆ្អែតអស់ចិត្តអស់ចង់ហើយ ស្រាប់តែ ប្តីរូបនេះត្រឡប់ទៅវិញបាត់ស្រមោល ធ្វើឱ្យនាងកើត ការសង្ស័យថា ប្តីពិតជាមិនទាន់លែងលះជាមួយ ប្រពន្ធដើមទេ ទើបបានជាមិនសូវរួមរស់ជាមួយនាង ជាប់លាប់ និងគ្មានប្រាក់ឱ្យនាងចាយមួយរៀលបែប នេះ។ ជាងនេះទៅទៀត នៅរយៈពេល៣ខែចុងក្រោយ នេះ មិនដែលឃើញប្តីត្រឡប់មកផ្ទះ ជួបជុំប្រពន្ធ ប្រហែលជាប្តីហេងស៊យរូបនោះទៅសំងំរួមរស់ ជាមួយប្រពន្ធដើម របស់គេនៅខេត្តបាត់ដំបង ហើយ។
លោកយាយឈឹម រិត ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនស្រីម្នាក់នេះណាស់ ដែលមានវាសនា មិនគាប់ ជួបតែប្តីហេងស៊យម្តងជាពីរដង។ កាលពី យកប្តីទី១ គាត់រៀបចំទុកដាក់តាមប្រពៃណីត្រឹមត្រូវ ប៉ុន្តែក្រោយពីរៀបការរួច រួមរស់ជាមួយគ្នាជាប្តី ប្រពន្ធបានមួយរយៈ ទើបដឹងថា អតីតកូនប្រសារូប នោះ ជាមនុស្សយកស្រាធ្វើជាត្រីមុខ មិនសូវជាសង្វាត ក្នុងរឿងការងាររកប្រាក់ប៉ុន្មានឡើយ និងថែមទាំង ចូលចិត្តវាយដំប្រពន្ធកូន ធ្វើឱ្យកូនស្រីគាត់រស់នៅក្នុង សមុទ្រទឹកភ្នែក រណ្តៅកម្មរាល់ថ្ងៃ ធ្វើឱ្យគាត់មាន វិប្បដិសារៈស្តាយក្រោយណាស់ ដែលទុកដាក់កូនស្រី ឱ្យយកប្តីខុស មិនបានមើលប្រវត្តិ និងផៅសន្តាន។ តែយ៉ាងណា នៅពេលនាងសម្រេចចិត្តចែកផ្លូវគ្នា ជាមួយប្តីហេងស៊យនោះ គាត់ក៏មិនហាមឃាត់អ្វី ដែរ ព្រោះបើបន្តរួមរស់ជាមួយគ្នាតទៅទៀត កូនស្រី គាត់ស្គាល់តែទឹកភ្នែកគ្មានលស់ថ្ងៃ ហើយបើថ្ងៃណា មួយ នាងទៅសាងស្នេហ៍ជាមួយប្រុសថ្មី ប្រហែលជា មានវាសនាល្អជាងប្តីប្រមឹក ពូកែវាយដំរូបនេះ តែ ដឹងអី! ពេលកូនស្រីគាត់សម្រេចចិត្តយកប្តីទី២ ដ្បិតតែ មិនចេះវាយដំប្រពន្ធកូនពិតមែន ប៉ុន្តែពេលគេធ្វើការបានប្រាក់ មិនដែលឱ្យប្រពន្ធកាន់មួយកាក់ មួយសេនណាឡើយ ពោលគឺមានប្តី ក៏ដូចជាគ្មានប្តីដែរ មិនខុសពីចុះទឹកក្រពើ ឡើងលើខ្លា។
ចំពោះអ្នកស្រុកមួយចំនួនទៀត ដែលមានចិត្តអាណិតនាងសោ វិត បានប្រាប់ឱ្យដឹងស្របគ្នាថា កាលនាងសោ វិត យកប្តីទី១ ទៅវាខុស ព្រោះមិនបាន ស្រលាញ់ស្គាល់ចិត្តថ្លើមគ្នា ដោយសារចាស់ទុំជា អ្នកផ្សំផ្គុំឱ្យ ដោយមិនបានស៊ើបសួរប្រវត្តិ និងផៅសន្តានរបស់គេឱ្យបានដិតដល់ តែប្តីទី២វិញ នាងជាអ្នកស្រលាញ់ពេញចិត្ត និងជ្រើសរើសដោយខ្លួនឯង គ្មានអ្នកណាបង្ខិតបង្ខំអ្វីទាំងអស់ តែនៅតែយកប្តី ខុសទៀត ជួបប្រុសហេងស៊យ ថែមទាំងមានប្រពន្ធ ទៀតផង ទើបធ្វើការបានប្រាក់ មិនដែលឱ្យលុយ ប្រពន្ធកាន់សោះ។ ចំពោះអ្នកស្រុក ដែលជឿលើកម្ម ផល យល់ឃើញថា មនុស្សកើតមក លើលោកនេះ ខ្លះមានភ័ព្វសំណាងខ្ពស់ ខ្លះអភ័ព្វតាំងពីដើម រហូតមក ដូចនាងសោ រិត ជាដើម បានប្តីទី១ ក៏ដូចប្តីទី២ ស្គាល់តែទឹកភ្នែក…។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ អ្នកយកព័ត៌មានយើងមិនអាចទាក់ទងលោកជា រ៉ា ជា ប្តីទី១ និងលោកនាង សុភាព ជាប្តីទី២ របស់នាងសោ វិត សុំការបកស្រាយបានទេ តែយើងនឹងរង់ចាំ អ្នកទាំង២មកបំភ្លឺជានិច្ច….”៕