Friday, April 19, 2024
Homeព័ត៌មានជាតិកូនក្រមុំលួចផ្សំដំណេកជាមួយសង្សារ ខ្មោចមេបាកាច់ម្តាយ

កូនក្រមុំលួចផ្សំដំណេកជាមួយសង្សារ ខ្មោចមេបាកាច់ម្តាយ

តាមទំនៀមទម្លាប់ នៅក្នុងសង្គមខ្មែរ ព្រលឹងខ្មោច មេបាប្រកាន់ណាស់ បើកូនចៅស្រីៗ ហ៊ានយកប្តីចិត្តឯង គ្មានខាន់ស្លា ច្បាស់ជាមានបញ្ហា។ តួយ៉ាង នារីម្នាក់នេះ បានតាំងចិត្តមិនប្រគល់ខ្លួនប្រាណឱ្យ ប្រុសឈ្មោលកន្លងមុនបាចផ្កាស្លា តែដឹងអី! ពេលចេញទៅធ្វើការនៅដីក្រុង ត្រូវទឹកម៉ាស៊ីន ស្រាប់តែភ្លើតភ្លើនបង្កាត់ ភ្លើងស្នេហ៍ជាមួយប្រុសសង្សារ យ៉ាងផ្អែមល្ហែម រហូតថ្លោះធ្លោយផ្សំដំណេកជាមួយសង្សារ ធ្វើឱ្យខ្មោចមេបាកាច់បងប្អូន និងម្តាយឈឺមិនដឹងមុខ ដាក់ថ្នាំមិនត្រូវ ទាល់តែចាប់គូសង្សារពួកគេសែនព្រេន ទើបរួចផុតពីជំងឺគ្រប់គ្នា…។

នាងឌឹន ថារី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី៥ ក្នុងចំណោមបងប្អូន៧ នាក់ ដែលមានម្តាយឈ្មោះស្វាយ នឿន អាយុ៦២ ឆ្នាំ ឪពុកស្លាប់។ កាលពីក្មេង នាងរៀនសូត្របានតិចតួចណាស់ បានត្រឹមថ្នាក់ទី៦ ក៏ឈប់ទៅ។ លុះចូល ដល់វ័យជំទង់ នាងបានចូលធ្វើការងារក្នុងរោងចក្រកាត់ដេរជិតផ្ទះ រកប្រាក់កម្រៃជួយដោះស្រាយជីវភាព គ្រួសារប្រចាំថ្ងៃ។ នៅពេលធំពេញក្រមុំកាលណាមក ដ្បិតតែនាងជាកូនអ្នកស្រែក្រីក្រមែន ប៉ុន្តែមានរូប សម្រស់ស្រស់សោភាពីធម្មជាតិ មិនចាញ់កូន ក្រមុំអ្នករស់នៅទីក្រុងប៉ុន្មានឡើយ មានកំលោះមិនតិចនាក់ទេ ដែលបាក់ចិត្តស្រលាញ់ តាមចោមរោម

នាងឌឹន ថារី និងលោកយ៉ាវ ហ៊ុន

អង្វរសុំស្នេហ៍នាង ប្រាថ្នាយកធ្វើជាគូគាប់ទ្រនាប់ជីវិត តែនាងមិនយក ភ្នែកមើលឡើយ ព្រោះពេលនោះខ្លួននៅក្មេងពេកមិនទាន់ចេះស្រលាញ់ ប្រុសឈ្មោល និងមិនទាន់ចង់បានប្តីសីនឹងគេផង ដោយចង់ទុកពេលវេលា ធ្វើការរកប្រាក់ ដោះស្រាយជីវភាពក្រុមគ្រួសារបន្តិចទៀតសិន។ ម៉្យាងទៀត តាំងពីធំដឹងក្តីមក នាងបានតាំងចិត្តថា ខ្លួនជាស្រីខ្មែរត្រូវគោរពប្រពៃណី មិនត្រូវលេងល្បែងស្នេហ៍នាំឱ្យអាប់ឱនកិត្តិយស កេរ្តិ៍ឈ្មោះគ្រួសារឡើយ។
នាងឌឹន ថារី បន្តទៀតថា ក្រោយមក នាងក៏បានប្តូរទៅធ្វើការរោងចក្រនៅក្នុងទីក្រុងភ្នំពេញ នៅម្តុំចោមចៅ ម្តងវិញ។ លុះពេលទៅធ្វើការ នៅទីនោះបានមួយរយៈ នាងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ កំលោះម្នាក់ឈ្មោះយ៉ាវ ហ៊ុន អាយុ២១ឆ្នាំ ជាអ្នកស្រុកជាមួយគ្នា និង ជាអ្នកធ្លាប់ស្រលាញ់នាងពីមុនមកដែរ តែត្រូវនាងបដិសេធស្នេហ៍ ចោល។ ដំបូងឡើយ នាងមិនមានចំណាប់អារម្មណ៍ជាមួយនឹងកំលោះ ហ៊ុន អ្វីដែរ ប៉ុន្តែគេចេះតែព្យាយាមមកក្បែរតាមលួងលោមអង្វរសុំស្នេហ៍ នាង ព្រមទាំងយកចិត្តទុកដាក់នាងសព្វបែបយ៉ាង រហូតធ្វើឱ្យនាងទន់ ចិត្តបាក់ចិត្តលង់ស្នេហ៍គេវិញ ទាំងមិនដឹងខ្លួន។ តែយ៉ាងណា នាងក៏មិន មែនជាស្រីចិត្តងាយប្រគល់ខ្លួនប្រាណឱ្យប្រុសឈ្មោលនែបនិត្យភ្លាមៗ ទេ ដោយនាងបានប្រើពេលវេលាអស់រយៈពេល៣ខែ ទម្រាំតែពិសោធ ដឹងថា ប្រុសស្នេហ៍ពិតជាស្រលាញ់នាងស្មោះស្ម័គ្រអស់ពីបេះដូង។ រួម ផ្សំទាំងភ្លើងស្នេហ៍ដុតរោលខ្លាំងមិនអាចទ្រាំបានផង គូស្នេហ៍ពួកនាង ក៏ត្រូវដងត្រូវផ្លែគ្នាជិះយានអវកាសទៅលេងឋានព្រះចន្ទតែម្តង ដោយ ទទួលស្គាល់ថា ស្នេហាគ្រាដំបូងពិតជារសជាតិផ្អែមឈ្ងុយឆ្ងាញ់ជាងទឹកឃ្មុំខែចេត្រទៅទៀត។ ហើយក្រោយៗមក គូស្នេហ៍នាងញៀនញ៉ាមចំណីកាមគុណ តែងស្កាត់ជួបគ្នាលេងល្បែងស្នេហ៍ ឆក់កណ្តៀតក្តៅរោលរាលជាបន្តបន្ទាប់ មិនខ្លាចខ្មោចដូនតាប្រកាន់ខឹងអ្វីឡើយ។

នាងឌឹន ថារី

នាងឌឹន ថារី បញ្ជាក់ថា ក្នុងពេលនាងកំពុងភ្លើតភ្លើនលេងល្បែងស្នេហ៍ទុំមុនស្រគាលជាមួយ នឹងប្រុសស្នេហ៍នោះ នាងលាក់បាំងមិនឱ្យក្រុមគ្រួសារដឹងឡើយ រហូតដល់ខ្មោចចាស់ទុំប្រកាន់ ធ្វើឱ្យបងប្អូន និងម្តាយរបស់នាងធ្លាក់ខ្លួនឈឺមិនដឹងមុខ គ្រូពេទ្យដាក់ថ្នាំមិនត្រូវ។ ពួកគាត់ ក៏ទៅ រកគ្រូហោរឱ្យជួយរាប់ដៃរាប់ជើងមើលទៅ ដឹងខុសមកពីគូស្នេហ៍របស់នាង ទើបឪពុកម្តាយ ចាប់គូស្នេហ៍នាងរៀបចំពិធីសែនព្រេនមួយព្រឹកផ្តាច់ខ្មោចមេបា ក៏បានធូរស្បើយពីជំងឺទាំងអស់គ្នាវិញ។ ចាប់ពីពេលនោះមក ប្តីប្រពន្ធពួកនាងមានខាន់ស្លាត្រឹមត្រូវ រួមរស់ជាមួយគ្នាមកដល់ សព្វថ្ងៃ មានរយៈពេលជាងមួយឆ្នាំមកហើយ ប៉ុន្តែរកកូន១គ្រាប់ភ្ជាប់និស្ស័យស្នេហ៍នឹងគ្នា មិនបានសោះ។

ផ្ទះគូស្នេហ៍ទាំងពីេ

លោកយ៉ាវ ហ៊ុន អាយុ២១ឆ្នាំ ជាប្តីបានឱ្យដឹងតាមទូរស័ព្ទ ខណៈដែលកំពុងធ្វើសំណង់នៅ ទីក្រុងភ្នំពេញ ឱ្យដឹងថា តាមពិត លោកលួចស្រលាញ់ប្រពន្ធជាយូរមកហើយ តាំងពីនៅស្រុក ម៉្លេះ តែតាមសុំស្នេហ៍នាងមិនបាន ទើបតែពេលទៅធ្វើការនៅក្នុងទឹកដីទីក្រុងភ្នំពេញ ជាមួយគ្នា ទើបលោកមានឱកាសតាមលួងលោមអង្វរសុំស្នេហ៍ រហូតនាងទន់ចិត្តឆ្លើយអូខេ ព្រមប្រគល់ប្រាណ ឱ្យលោកនែបនិត្យតាមចិត្តចង់។ លុះពេលខ្មោច ចាស់ទុំប្រកាន់ខឹង ធ្វើឱ្យម៉ែក្មេកឈឺ ទើបចាស់ទុំទាំង សងខាងចាប់គូសង្សារលោកសែនព្រេនឱ្យក្លាយជា ប្តីប្រពន្ធតាមប្រពៃណីតែម្តង។
បុរសជាប្តីរូបនេះ បញ្ជាក់ថា ក្នុងចិត្តលោក ស្រលាញ់ប្រពន្ធខ្លាំងណាស់ ទោះជាស្ថិតក្នុងកាលៈទេសៈណាក្តី លោកមិនបោះបង់ស្រីដែលខ្លួនស្រលាញ់ ពេញក្នុងបេះដូងនេះចោលឡើយ។

លោកសុខ ឃុំ

លោកសុខ ឃុំ អាយុ៥២ឆ្នាំ ជាឪពុករបស់ លោកយ៉ាវ ហ៊ុន បានឱ្យដឹងថា តាមពិតទៅ លោកក៏ ចង់រៀបការឱ្យប្តីប្រពន្ធកូន១គូនេះ គគ្រឹកគគ្រេងនឹង គេដែរ ប៉ុន្តែដោយសារបញ្ហាជីវភាពក្រីក្រគ្មានលទ្ធភាព ទើបគាត់សម្រចចិត្តសែនព្រេនមួយព្រឹកឱ្យពួកគេ បង្គ្រប់កិច្ចសិនទៅ ចាំថ្ងៃណាប្តីប្រពន្ធពួកគេធ្វើការ សន្សំប្រាក់បានគ្រប់ច់នួំន ចាំរៀបការឱ្យធំដុំ ក៏មិនទាន់ ហួសពេលដែរ។
លោកចាន់ វី អាយុ៣០ឆ្នាំ និងអ្នកស្រុកមួយចំនួនទៀត បានឱ្យដឹងស្របគ្នាថា កាលពីក្រមុំ នាងឌឹន ថារី មានរូបសម្រស់ស្រស់ស្អាតណាស់ មាន ប្រុសៗច្រើននាក់តាមចោមរោមអង្វរសុំស្នេហ៍នាង ប៉ុន្តែនាងមិនយកភ្នែកមើលទេ។ លុះពេលនាងទៅ ធ្វើការរោងចក្រនៅក្នុងទីក្រុងភ្នំពេញ ឃ្លាតឆ្ងាយពី ភ្នែកច្រមុះក្រុមគ្រួសារ ស្រាប់តែលួចបង្កាត់ភ្លើង ស្នេហ៍ទុំមុនស្រគាលជាមួយលោកហ៊ុន យ៉ាងផ្អែមល្ហែម ដើរហួសគន្លងប្រពៃណីមួយជំហាន រហូតព្រលឹងខ្មោចមេបាប្រកាន់ខឹង ធ្វើឱ្យបងប្អូន និងម្តាយ រស់នៅស្រុកឈឺបណ្តាក់គ្នា មើលមិនជា ទើបក្រុមគ្រួសារទាំងសងខាងចាប់គូស្នេហ៍ពួកគេសែនព្រេន មួយព្រឹក បង្គ្រប់កិច្ចតែម្តង និងរួមរស់ជាមួយគ្នា ជាប្តីប្រពន្ធពេញច្បាប់ រហូតមកដល់សព្វថ្ងៃ ។

លោកចាន់ វី

គួរបញ្ជាក់ថា គូសង្សារដែលស្រលាញ់គ្នាស្មោះស្ម័គ្រមួយចំនួន ជាពិសេសយុវវ័យ ច្រើនតែនាំគ្នាលេងផ្លូវកាត់ ដើម្បីឱ្យស្នេហ៍ឆាប់បានដល់គោលដៅ ទើបដោះស្រាយរឿងប្រពៃណី រៀបការ ឬសែនព្រេន ជាក្រោយ ប៉ុន្តែសម្រាប់នារីភេទ បើប្រុសស្នេហ៍ ស្រលាញ់នាងស្ម័គ្រស្មោះប្រាកដមែន គួរតែឱ្យគេនាំ ចាស់ទុំចូលស្តីដណ្តឹងដល់មេបា ទើបហៅថា ស្នេហាថ្លៃថ្នូរ និងជួយលើកស្ទួយកិត្តិយសក្រុមគ្រួសារ ផងដែរ ជាពិសេស ខ្មោចមេបា ក៏មិនប្រកាន់ខឹង តាមកាច់បងប្អូន ឪពុកម្តាយឱ្យឈឺ រកមុខមិនឃើញដែរ…”៕

RELATED ARTICLES