ប្រពន្ធនិងកូនរត់ចោល សុំលុយម្តាយមិនបាន ចងកសម្លាប់ខ្លួន ដោយសារងប់នឹងល្បែង

ខេត្តប៉ៃលិន ៖ បុរសម្នាក់ ព្រោះតែវក់នឹងល្បែងស៊ីសងខ្លាំងពេក ក៏ត្រូវប្រពន្ធរត់ចោល ទើបធ្វើឱ្យខូចចិត្តលេងល្បែងកាន់តែខ្លាំងលើសដើម លុះចាញ់បោសគូទខោ ក៏វិលមកសុំលុយម្តាយយកទៅលេងល្បែងបន្ត តែម្តាយប្រកែកថា គ្មានលុយឱ្យទេ ស្រាប់តែឈឺចិត្តស្អិតទ្រូង ចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅសំយាបរោងចតរថយន្ត ១កន្លែង ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះសេត ដួង អាយុ៣៣ឆ្នាំ មុខរបរជាកម្មករធ្វើនំប៉័ង និងជាបុរសពោះម៉ាយ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីលោកយាយឈ្មោះគឹម សុផា អាយុ៧០ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ម្នាក់នេះ ធ្លាប់រៀបការជាមួយប្រពន្ធឈ្មោះ ថាវ រី អាយុ៣០ឆ្នាំ និងមានកូនស្រីម្នាក់ក្នុងបន្ទុក ប៉ុន្តែសព្វថ្ងៃត្រូវប្រពន្ធនាំកូនស្រីរត់ចោលបាត់ទៅហើយ ព្រោះតែកូនប្រុសនេះងប់នឹងល្បែងខ្លាំងពេក។

 

ស្ត្រីជាម្តាយជនរងគ្រោះ បន្តថា កូនប្រុសរបស់គាត់ម្នាក់នេះ ត្រូវព្រាយល្បែងចូលសណ្ឋិតរាប់ឆ្នាំមកហើយ ដោយធ្លាប់បំផ្លិចបំផ្លាញអស់ម៉ូតូចំនួន៤គ្រឿង រួមនិងទ្រព្យសម្បត្តិផ្សេងៗជាច្រើនទៀត ដោយតែងតែលួចយកទៅលក់យកលុយទៅលេងល្បែងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ក្រោយមក ដោយសារតែទ្រាំនឹងទង្វើកូនប្រុសងប់នឹងល្បែងរូបនេះលែងបាន ទើបកូនប្រសាស្រីរបស់គាត់បានសម្រេចចិត្តនាំកូនស្រីរត់ចោលប្តី (ជនរងគ្រោះ) បាត់រហូតមកដល់សព្វថ្ងៃ។

ស្ត្រីជាម្តាយ បានឱ្យដឹងទៀតថា តាំងពីប្រពន្ធនាំកូនរត់ចោលបាត់មក កូនប្រុសរបស់គាត់ មិនត្រឹមតែមិនព្រមភ្ញាក់រលឹកប៉ុណ្ណោះទេ តែបែរជាខូចចិត្តវក់ល្បែងកាន់តែខ្លាំងឡើងទ្វេដង ដោយប្រមែប្រមូលទ្រព្យសម្បត្តិក្នុងផ្ទះលក់យកលុយលេងល្បែងខ្ទេចអស់គ្មានសល់ ហើយសូម្បីតែគ្រែរបស់គាត់ជាម្តាយដេករាល់ថ្ងៃ ក៏ត្រូវកូនបំផ្លាញងប់ល្បែងនេះ យកទៅលក់លេងល្បែងអស់ដែរ។ រាល់ថ្ងៃ កូនប្រុសកំណាចតែងមកសម្លុតគំរាមសុំលុយគាត់យកទៅលេងល្បែង មិនសូវខានឡើយ។ ម៉្យាងវិញទៀត កូនប្រុសគាត់រស់នៅតែងតែរករឿងឈ្លោះជាមួយអ្នកជិតខាងគ្រប់គ្នា រហូតធ្វើឱ្យអ្នកភូមិផងរបងជាមួយស្អប់មុខលែងចង់រាប់រកគ្រប់គ្នា។

ស្ត្រីជាម្តាយបានបញ្ជាក់ថា លុះមកដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ កូនប្រុសរបស់គាត់ បានសុំលុយគាត់ ដើម្បីយកទៅបន្តលេងល្បែងទៀត តែគាត់បានប្រាប់ថា គ្មានលុយឱ្យនោះទេ ទើបធ្វើឱ្យកូនប្រុសនេះច្រឡោតខឹង ក៏ដើរចេញពីផ្ទះបាត់ស្រមោល រហូតដល់យប់ជ្រៅ ទើបវិលត្រឡប់មកផ្ទះវិញ រករឿងជេរគាត់ជាម្តាយដោយគ្មានបណ្តាក់មាត់ ធ្វើឱ្យគាត់ភ័យខ្លាចកូនវាយធ្វើបាប មិនហ៊ានបើកទ្វារឱ្យគេចូលផ្ទះនោះទេ។ ស្រាប់តែព្រឹកឡើង ក៏ប្រទះឃើញកូនប្រុសនេះចងកស្លាប់នៅជាប់នឹងសំយាបផ្ទះអ្នកជិតខាងតែម្តង។

ចំណែកអ្នកជិតខាង បានឱ្យដឹងថា ជនរងគ្រោះធ្លាប់ប្រើប្រាស់គ្រឿងញៀនជាមួយមិត្តភក្តិ ទើបធ្វើឱ្យមានចរិតកាចសាហាវខ្លាំងណាស់ និងធ្លាប់បំផ្លាញទ្រព្យសម្បត្តិម្តាយអស់ជាច្រើនមកហើយ ដោយចេះតែលួចនេះលួចនោះ យកទៅលក់ បានប្រាក់លេងល្បែង តែមិនដែលឃើញឈ្នះទេ ឃើញតែចាញ់បោសគូទខោរាល់ថ្ងៃ រហូតដល់ប្រពន្ធនាំកូនរត់ចោលបាត់អស់ប៉ុន្មានឆ្នាំមកហើយ។ ស្រាប់តែចុងក្រោយ ដោយសារតែខឹងសុំលុយម្តាយយកទៅស្រង់ដើមអត់បាន ក៏ដាច់ចិត្តចងកសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕