Friday, March 29, 2024
Homeព័ត៌មានជាតិតាមសុំស្នេហ៍រាប់ខែ នាងមិនព្រម ឡើងដល់លើផ្ទះចាប់រំលោភ

តាមសុំស្នេហ៍រាប់ខែ នាងមិនព្រម ឡើងដល់លើផ្ទះចាប់រំលោភ

ភ្នំពេញ ៖ ប្រុសព្រានល្មោភតណ្ហាម្នាក់ បានលួចស្រលាញ់នារីវ័យក្មេងម្នាក់ ដែលរស់នៅផ្ទះទល់មុខគ្នាជាយូរមកហើយ លុះតាមសុំស្នេហ៍រាប់ខែ នៅតែខាងស្រីនៅតែមិនព្រមយល់ចិត្ត ទើបបែកគំនិតលបចូលទៅចាប់រំលោភសេពសន្ថវៈទាំងកំរោល តែមិនសម្រេច ដោយសារនារីរងគ្រោះបានស្រែកឆោឡោផ្អើលដល់ឪពុកចូលមកជួយ និងចាប់ឃាត់ខ្លួនជនសង្ស័យជាប់  នាំយកប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ករណីប្រុសព្រានប៉ងចាប់រំលោភសេពសន្ថវៈនារីវ័យក្មេង ព្រោះតែខឹងតាមសុំស្នេហ៍នាងមិនបាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនសង្ស័យល្មោភកាមដែលប៉ុនប៉ងរំលោភសេពសន្ថវៈកូនក្រមុំគេនោះ មានឈ្មោះសួន សារ៉េត អាយុ២៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.ស.ធ.រ អាយុ១៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកើតហេតុជាមួយគ្នា (ផ្ទះទល់មុខគ្នា)។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនាងត្រឡប់មកពីលក់ត្រីនៅផ្សារច្បារអំពៅវិញ ហើយក៏បានឡើងទៅលើផ្ទះដើម្បីប្តូរសម្លៀកបំពាក់ ដោយមិនបានចាក់គន្លឹះទ្វារផ្ទះទេ។ លុះពេលនាងកំពុងដើរចូលបន្ទប់ដេក រៀបចំដូរខោអាវ ស្រាប់តែឮសូរសំឡេងបើកទ្វារផ្ទះ ភ្លាមនោះ នាងក៏ស្ទុះចេញទៅមើល ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះសួន សារ៉េត ដែលជាអ្នករស់នៅក្បែរគ្នា (ផ្ទះទល់មុខគ្នា)បានឡើងមកលើផ្ទះរបស់នាង និងបម្រុងចូលមកចាប់រំលោភសេពសន្ថវៈនាងទាំងកំរោល ទើបធ្វើឱ្យនាងភ័យឆោឡោ ស្រែកហៅក្រុមគ្រួសារឱ្យជួយ គាប់ជួនឪពុករបស់នាងមកដល់ល្មម ទើបធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏ស្ទុះរត់ចុះមកក្រោមផ្ទះ តែត្រូវឪពុករបស់នាងចាប់ក្របួចជាប់ រួចនាំយកប្រគល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សួន សារ៉េត បានឆ្លើយសារភាពថា តាមពិត រូបគេបានលួចចាប់ចិត្តស្រលាញ់នារីរងគ្រោះជាយូរមកហើយ ហើយកន្លងមកក៏ធ្លាប់ព្យាយាមលួងលោមសុំស្នេហ៍ពីនាងដែរ តែនាងហាក់មិនចាប់អារម្មណ៍ ឬទុករូបគេនៅក្នុងចិត្តសោះ ទើបធ្វើឱ្យរូបគេអស់សង្ឃឹមផង ចងកំហឹងក្នុងចិត្តផង។

ជនសង្ស័យល្មោភកាមរូបនេះ បន្តថា នៅមុនពេលកើតហេតុ រូបគេកំពុងនៅក្រោមផ្ទះទល់មុខផ្ទះរបស់នារីរងគ្រោះ លុះបន្តិចក្រោយមក ក៏ឃើញនារីរងគ្រោះបានជិះម៉ូតូត្រឡប់មកពីផ្សារច្បារអំពៅ វិញតែម្នាក់ឯង រួចក៏ឡើងទៅលើផ្ទះបាត់ទៅ។ ភ្លាមនោះ ដោយដឹងថា ផ្ទះរបស់នារីរងគ្រោះគ្មានមនុស្សនៅផង ទើបរូបគេឆ្លៀតឱកាសស្ងាត់ល្អ ក៏លបឡើងទៅលើផ្ទះរបស់នាង ចៃដន្យនារីរងគ្រោះភ្លេចចាក់សោទ្វារទៀត ទើបរូបគេបានរុញទ្វារចូលទៅ ហើយក៏ដាក់គន្លឹះទ្វារបម្រុងចូលទៅបន្ទប់នារីរងគ្រោះ ចាប់នារីរងគ្រោះរំលោភសេពសន្ថវៈ តែនាងដឹងខ្លួនមុន ក៏រត់ចេញពីក្នុងបន្ទប់មកក្រៅ ហើយស្រែកឆោឡោ ធ្វើឱ្យរូបគេភ័យក៏បើកទ្វាររត់ចុះមកដី ស្រាប់ជួបនឹងឪពុករបស់នារីរងគ្រោះចាប់រូបគេជាប់ យកប្រគល់ឱ្យប៉ូលិសតែម្តង។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ច្បារអំពៅទី២ បានបញ្ជាក់ឱ្យដឹងថា ក្រោយការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សួន សារ៉េត បានឆ្លើយសារភាពថា មូលហេតុដែលរូបគេប៉ុនប៉ងចូលរំលោភសេពសន្ថវៈនារីរងគ្រោះ ព្រោះតែរូបគេស្រលាញ់នារីរងគ្រោះពេក តែដោយសារខឹងនាងមិនព្រមស្រលាញ់វិញ ទើបមានកំហឹងក្នុងចិត្ត ប្រព្រឹត្តបែបនេះតែម្តង ណាមួយរាល់ថ្ងៃនេះរូបគេកំពុងប្រើប្រាស់សារធាតុញៀនផង ដោយប្រើជាង១ឆ្នាំមកហើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES