Friday, April 26, 2024
Homeព័ត៌មានជាតិប្រាសាទអង្គរវត្ត ខួបលើកទី២៥ ការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ប្រាសាទអង្គរវត្ត ខួបលើកទី២៥ ការបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្ត្រ ដែលមានអ្នកចូលរួមប្រមាណជាង៣០០០នាក់ នៅប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០១៧) បានធ្វើឱ្យប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល កាន់តែទាក់ទាញខ្សែភ្នែកទេសចរនៅលើពិភពលោក។

ព្រឹត្តិការណ៍ថតរូបនៅប្រាសាទអង្គរវត្ត  ដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌសហការជាមួយអាជ្ញាធរអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប អាជ្ញាធរខេត្តសៀមរាប មន្ទីរអង្គភាពពាក់ព័ន្ធ ដោយមានការចូលរួមពីវិស័យឯកជន ដៃគូអន្តរជាតិ និងសិស្ស-និស្សិត ប្រមាណជាង៣០០០នាក់ នៅទីតាំងវាលស្មៅក្នុងកំពែងទី៤ នៃប្រាសាទអង្គរវត្ត។

យោងតាមអាជ្ញាធរអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ថតរូបនៅប្រាសាទអង្គរវត្តនេះ គឺដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងផ្សព្វផ្សាយពីមោទនភាពជាតិខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃបេតិកភណ្ឌដ៏ឧត្តុង្គឧត្តមរបស់កម្ពុជា ដែលជាដួងព្រលឹងជាតិ។

លោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ថតរូបនៅប្រាសាទអង្គរវត្ត ដើម្បីអបអរសាទរខួបលើកទី២៥ នៃការបញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះដែរ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ថា “ខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្ត្រ ដែលមានអ្នកចូលរួមប្រមាណជាង៣០០០នាក់ ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ នៅប្រាសាទអង្គរ ដើម្បីចូលរួមអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០១៧)។

គួររំលឹកថា រមណីយដ្ឋានអង្គរ ដែលរួមមានប្រាសាទអង្គរវត្ត (អង្គរតូច) ប្រាសាទបាយ័ន (អង្គរធំ) និងក្រុមប្រាសាទនៅតំបន់អង្គរ ក្នុងខេត្តសៀមរាប ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២  បើគិតមកទល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល ២៥ឆ្នាំហើយ។ បច្ចុប្បន្ននេះ រមណីយដ្ឋានអង្គរ ពិសេសប្រាសាទអង្គរវត្ត ដែលជាសំណង់វប្បធម៌ប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ខ្មែរនេះ ត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍វប្បធម៌ដ៏ស្រស់ស្អាត និងទាក់ទាញជាងគេរបស់ពិភពលោក ជាប់លេខ១ ជាបន្តបន្ទាប់ជាច្រើនឆ្នាំមកហើយ  ដែលទេសចរនៅជុំវិញពិភពលោកចង់មកទស្សនាបំផុត៕

RELATED ARTICLES