ប្រុសព្រានប្រាប់ថា ឌុបដើរលេង តាមពិតឌុបទៅចាប់រំលោភក្នុងវត្តសោះ ៤ថ្ងៃ ទើបនាងប្រាប់ម្តាយប្តឹងប៉ូលិស

ខេត្តពោធិ៍សាត់ ៖ នារីក្រមុំម្នាក់ ត្រូវបានប្រុសព្រានល្មោភកាមល្បួងនាំយកទៅរំលោភសេពសន្ថវៈរហូតដល់បានសម្រេច នៅក្នុងវត្ត លុះ៤ថ្ងៃក្រោយមក ទើបដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ម្តាយ និងនាំគ្នាទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ប៉ុន្តែប្រុសព្រានជើងល្អដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង តាំងពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបរិវេណវត្តមនីរតរាម មានទីតាំងស្ថិតក្នុងភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ លុះមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ទើបនារីរងគ្រោះដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ម្តាយឱ្យដឹង រួចក៏នាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រលាប។

ជនសង្ស័យល្មោភកាមដែលល្បួងដឹកនារីក្រមុំចូលទៅក្នុងវត្តចាប់រំលោភសេពសន្ថវៈរហូតបានសម្រេច មានឈ្មោះសាន មានលំនៅក្នុងភូមិតាកុយ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។ ចំណែកនារីរងគ្រោះ មានឈ្មោះ ផ.ច.រ.យ អាយុ២៦ឆ្នាំ រស់នៅសង្កាត់រលាប ក្រុងពោធិ៍សាត់។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានលួងលោមនាង ដោយហៅឱ្យនាងឡើងជិះម៉ូតូជាមួយ និងប្រាប់ថា ទៅដើរលេង។ លុះពេលនាងយល់ព្រមឡើងជិះម៉ូតូជាមួយជនសង្ស័យ ក៏ស្រាប់តែជនសង្ស័យបានដឹកនាងចូលទៅក្នុងវត្តមនីរតរាម ស្ថិតនៅទីតាំងកើតហេតុខាងលើ បន្ទាប់មកក៏លួងលោមចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេចនៅក្នុងវត្តនោះតែម្តង។

នារីរងគ្រោះបានបន្តថា ក្រោយពីធ្វើសកម្មភាពរួចរាល់ ជនសង្ស័យក៏បានដឹកនាងត្រឡប់ទៅផ្ទះវិញ និងបានព្យាយាមលួងលោមកុំឱ្យនាងនិយាយរឿងនេះប្រាប់អ្នកណា ពិសេស ក្រុមគ្រួសាររបស់នាង ហើយជនសង្ស័យថែមទាំងអះអាងថា រូបគេស្រលាញ់នាងខ្លាំងទៀតផង។ លុះ៤ថ្ងៃក្រោយមក ពោលគឺនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដោយទ្រាំលាក់បាំងតទៅទៀតមិនបាន នាងក៏ដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយឱ្យដឹង ទើបម្តាយប្រញាប់នាំនាងទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពេលទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួច សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរកជនសង្ស័យភ្លាមៗដែរ ប៉ុន្តែជនសង្ស័យបានដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕