សុខ សោម៉ាវត្តី ប្រកាសឈប់ថតកុនចុងឆ្នាំ

មួយរយៈចុងក្រោយនេះ អ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តី បានទទួលថតភាពយន្តជាច្រើន រឿង ដូចជា “ភូមិអត់មនុស្ស”, “សិស្សប្អូនសំណព្វចិត្ត”, “អ្នកនាងម្ចាស់ឡឺកឺ”, “ខ្មោចយក្សធំ”, “៣០ថ្ងៃ”, “បណ្តឹងខ្មោចស្រីទាំង៥”, “ទឹកចិត្តម្តាយសម័យថ្មី” និងទើបធ្វើពិធីក្រុងពលី ចេញថតរឿងថ្មីឱ្យផលិតកម្មមហាហង្ស រឿង “សួស្តី!លោកគ្រូកំលោះ”។ ពោលគឺ បើទោះបីនាងមានកូនមួយ រួចទៅហើយក្តី គឺនៅតែមានទីផ្សារខ្ពស់ ត្រូវបានក្រុមផលិតករជាច្រើនចង់បាននាងឱ្យថតជាតួឯក។
ជាក់ស្តែង លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ដែលជ្រើសយកសុខ សោម៉ាវត្តី ជាតួឯក៣រឿងបន្តបន្ទាប់នោះ បានបញ្ជាក់ឱ្យដឹងថា ដោយសារតែសោម៉ាវត្តី នៅតែលេចធ្លោនៅក្នុង វិស័យភាពយន្ត ពោលគឺរាល់ការសម្តែងរបស់នាងតែងទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។ ជាពិសេសនោះ ក្រៅពីមានរូបសម្រស់ទាក់ទាញហើយនោះ នាងមានសមត្ថភាពទេពកោសល្យសម្តែងយ៉ាងល្អ ដែលតារាក្រមុំៗមួយចំនួនមិនអាចសម្តែងបានដូចនាង។

សុខ សោម៉ាវត្តី និងលោកយឹម ណារ៉ា
សុខ សោម៉ាវត្តី និងលោកយឹម ណារ៉ា

ទោះជាយ៉ាងណា ខណៈដែលកំពុងត្រូវប៉ាន់តំណែងតួឯកយ៉ាងជោកជាំ ហើយតម្លៃខ្លួន ក៏កាន់តែកើនខ្ពស់ជាងមុននោះ វត្តី បានប្រកាសឱ្យដឹងកាលពីថ្មីៗនេះថា នាងនឹងឈប់ទទួលសម្តែងភាពយន្ត នៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។
វត្តី បានលើកហេតុផលថា “ការពិតកន្លងមក ពេលខ្ញុំលេចមុខក្នុងខ្សែភាពយន្តជាច្រើនរឿងជាបន្តបន្ទាប់ ខ្ញុំក៏ខ្លាចទស្សនិកជនសាំដែរ តែធ្វើម៉េចបើក្រុមផលិតករនៅតែចង់បានខ្ញុំឱ្យសម្តែងជាតួឯក។ តែយ៉ាងណា ខ្ញុំសូមប្រកាសថា ខ្ញុំនឹងឈប់ទទួលថតរឿង នៅត្រឹមចុងឆ្នាំ២០១៦ ខាងមុខនេះ ពោលគឺខ្ញុំចង់ទុកឱកាសឱ្យក្មេងៗស្រករក្រោយ បានបង្ហាញសមត្ថភាព។ ម៉្យាងខ្ញុំចង់ទុកពេលពីការថតភាពយន្ត ដើម្បីរៀនជំនាញមួយផ្ទាល់ខ្លួន សម្រាប់មុខរបររកស៊ីរបស់ខ្ញុំ ទៅថ្ងៃអនាគត”។

Vatey1

 

 

 

 

 

 

 

 

 

 

 

 

វត្តី បានឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ ក្រៅពីអាជីពពិធីការិនីនៅប៉ុស្តិ៍បាយ័ន នាងបានចាយពេលជាច្រើន ជាមួយនឹងការថតភាពយន្តទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលផ្ទាល់ខ្លួន។ ដូច្នេះនាងចង់ដកថយមួយរយៈសិន ដើម្បីពង្រឹងសមត្ថភាពត្រៀម បើកមុខជំនួញមួយផ្ទាល់ខ្លួន។
វត្តី បន្ថែមថា “ខ្ញុំផ្អាកតែការសម្តែងទេ ចំពោះការងារពិធីការិនីនៅដដែល ហើយខ្ញុំឈប់ថតកុនតែមួយឆ្នាំប៉ុណ្ណោះ គឺពេលខ្ញុំសិក្សាពីជំនាញនោះច្បាស់លាស់ ខ្ញុំនឹងទទួលថតវិញ”។
អ្នកមេម៉ាយកូនមួយសាច់ខ្ចីរូបនេះ សុំមិនបញ្ជាក់ថា នាងសិក្សាលើមុខជំនាញអ្វីនោះទេ ហើយក៏មិនប្រាប់ថា នាងចង់បើកមុខជំនួញអ្វីដែរ។
វត្តី ថ្លែងថា “ខ្ញុំសុំលាក់សិន គឺទាល់តែសម្រេច ឬចេញជាផ្លែផ្កា ទើបខ្ញុំអាចប្រាប់បាន”។
វត្តី បានបង្ហើបឱ្យ ដឹងដែរថា នាងក៏សោកស្តាយដែរ ពេលនាងដកថយពីវិស័យភាពយន្ត ខណៈដែលក្រុមផលិតករ និងផលិតកម្មជាច្រើនកំពុងត្រូវការនាង តែនាងពិតជាគ្មានជម្រើសទេ គឺត្រូវតែផ្អាកនៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។

Vatey3

 

 

 

 

 

 

 

 

 

 

 

 

សុខ សោម៉ាវត្តី បានចូលប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំមកហើយ ហើយសម្រាប់ភាពយន្ត នាងទាញបានភាពល្បីល្បាញខ្លាំងតាមរយៈខ្សែភាពយន្តភាគ រឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” របស់ប៉ុស្តិ៍បាយ័ន និងខ្សែភាពយន្តខ្នាតធំ និងភាគជាច្រើនទៀត។ វត្តី ធ្លាប់ផ្អាកថតកុនមួយរយៈ ក្រោយពេលនាងរៀបការជាមួយលោកទូច ដារ៉ាណា កូនប្រុសរបស់ អតីតស្នងការរាជធានីភ្នំពេញ លោកទូច ណារ៉ុថ ពោលគឺ នាងទើបតែចូលប្រឡូកក្នុងអាជីពសម្តែងស៊ប់វិញ ក្រោយពេលជីវិតអាពាហ៍ពិពាហ៍របស់នាងប្រេះឆា។
បច្ចុប្បន្ននេះ ក្រៅពីមមាញឹកជាមួយអាជីពសម្តែង សុខ សោម៉ាវត្តី ជាពិធីការិនីកាន់កម្មវិធីមួយចំនួនរបស់ប៉ុស្តិ៍បាយ័ន ដូចជាកម្មវិធី “តន្ត្រីយុវវ័យ”, “ផ្ទះសំណើច”, “រីករាយ” និង “សម្រស់ខ្ញុំ”។
វត្តី បញ្ជាក់ថា នៅដើមឆ្នាំ២០១៨ នាងនឹងទទួលថតភាពយន្តវិញ ហើយសង្ឃឹមថា ក្រុមផលិតករនឹងចាប់អារម្មណ៍នាងជាថ្មីម្តងទៀត។
ចំពោះរឿងមនោសញ្ចោនាស្នេហា អ្នកមេម៉ាយចាយសម្រស់រូបនេះអះអាងថា នាងបិទទ្វារបេះដូងមួយរយៈសិនមិនទាន់ចង់គិតជាថ្មីទេ បើទោះបីមានបុរស ចម្រុះឋានៈជាច្រើនតាមថ្ពក់ស្នេហ៍នាងក្តី…៕                      សុខ ស៊ីឡាង