ប្រជាពលរដ្ឋខ្មែរភាគច្រើន តែងមានជំនឿថា បើជិតដល់ថ្ងៃរៀបការ ស្រាប់តែសាមីខ្លួនកូនកំលោះ ឬកូនក្រមុំឡប់សតិ ខុសប្រក្រតីនោះ ថាមកពីត្រូវអំពើគេ ឬព្រាយបិសាចយាយី។ យ៉ាងណាមិញ នាងក្រមុំម្នាក់នេះ ចាស់ទុំដាក់ពេលារៀបការទៅហើយ ស្រាប់តែប្រែប្រួលសតិមិនធម្មតា ចេះតែយំមិនឈប់ ក៏ជឿថា នាងត្រូវអំពើគេ…។
នាងរ៉ឹម វ៉ិត អាយុ២៤ឆ្នាំ រស់នៅភូមិស្រះគុយ ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានរៀបរាប់ប្រាប់ អ្នកយកព័ត៌មានយើងដោយស្មារតីមិននឹងនថា រូបនាងជា កូនទី២ ក្នុងចំណោមបងប្អូន៨នាក់ (ប្រុស៣ ស្រី៥) ឪពុក ឈ្មោះគាន រ៉ឹម អាយុ៥៣ឆ្នាំ ម្តាយឈ្មោះម៉េង សុខា អាយុ៤៩ឆ្នាំ។ ដោយសាររូបនាងជាកូនកសិករ មុជមិនជ្រៅទៅ មិនឆ្ងាយ រៀនសូត្របានតែត្រឹមថ្នាក់ទី៥ ក៏ឈប់ទៅ ដោយ ងាកមកជួយការងារស្រែចម្ការឪពុកម្តាយវិញ។ លុះចូល ដល់វ័យក្រមុំ ដោយសារសម្រស់គួរសមមិនខ្វះទេកំលោះៗ តាមញ៉ែ ប៉ុន្តែនាងមិនបេតី ទំនងជាមិនមែនគូព្រេង។ មកដល់វ័យ១៩ឆ្នាំ ក៏នៅតែមានប្រុសតាមចែចូវ ប៉ុន្តែខុសក្តី បំណងដូចមុន ដោយសារខាងប្រុសដាក់លក្ខខណ្ឌថា បើរៀបការរួចត្រូវនាងចេញទៅនៅស្រុកខាងប្តី ឯរូបនាងទាមទារឱ្យប្តីមកនៅខាងប្រពន្ធ កើតជាការប្រតោងប្រទាញដាច់ដោចគ្នាទៅ។ បន្ទាប់មក នាងលែងគិតពីរឿងជីវិត ក៏ចេញទៅធ្វើការរោងចក្រកាត់ដេរនៅភ្នំពេញ និងបាននៅក្រោមម្លប់ ងូតទឹកម៉ាស៊ីនរាល់ថ្ងៃ សម្រស់កាន់តែផូរផង់ បណ្តាលឱ្យបងប្រុសជីដូនមួយ ឈ្មោះកាន រ៉ី អាយុ២៥ឆ្នាំ កួចចិត្តប្រតិព័ទ្ធរហូតហ៊ានហាមាត់សុំស្នេហ៍។
នាងវ៉ិត បន្តទៀតថា តាមពិត នាងក៏ធ្លាប់លាក់កំណួចចិត្តលើបងជីដូនមួយនេះដែរ លុះគេសួរត្រង់ៗ នាងក៏ឆ្លើយចាសភ្លាម ដោយតម្រូវឱ្យបងពឹង ចាស់ទុំចូលតាមប្រពៃណី។ ពួកនាងបន្តទាក់ទងគ្នា រហូតដឹងដល់ចាស់ៗមិនអាចបំបែកបាន ក៏ចាត់ចែងចូល ស្តីដណ្តឹង និងដាក់ពេលារៀបការនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខនេះ។ គ្រាន់តែតាអាចារ្យដាក់ថ្ងៃ រៀបការភ្លាម ស្រាប់តែខ្លួននាងទទួលអារម្មណ៍ប្លែក ឈឺចាក់ដោតពេញទាំងខ្លួន និងវង្វេងវង្វាន់និយាយ លែងដឹងខុសត្រូវ ជួនកាលអង្គុយយំទាំងមិនដឹងខ្លួន។ តាំងពីពេលនោះមក ទំនាក់ទំនងស្នេហាក៏លែង សូវផ្អែមល្ហែមដូចមុន តែទោះយ៉ាងណាក៏គូដណ្តឹង ព្យាយាមតាមលួងលោមនាងគ្រប់ពេល ខណៈដែលគ្រូ ទាយប្រាប់ថា នាងត្រូវអំពើគេ។
នាងរ៉ឹម វ៉ិត បន្តទៀតថា កន្លងមក នាងធ្លាប់ជជីកសួរគូដណ្តឹងថា “តើបងធ្លាប់មានស្រីកំណាន់ចិត្តហើយឬនៅ?” ពេលនោះ គេឆ្លើយ ប្រាប់នាងត្រង់ៗថា គេធ្លាប់ជាប់ចិត្តជាមួយនារីម្នាក់ឈ្មោះធី អាយុ ស្របាលនាងដែរ តែនាងនោះជាស្រីខារ៉ាអូខេ។ នាងមិនអស់ចិត្ត ក៏ ទូរស័ព្ទទៅសួរនាងធី ដោយផ្ទាល់តាមលេខដែលគូដណ្តឹងប្រាប់ ស្រាប់តែនាងនោះជេរប្រទេចនាងថា ជាស្រីឥតខ្មាសដណ្តើមប្រុស ពីគេ នាងក៏តបតខ្លះៗទៅ រួចបិទទូរស័ព្ទ។ តាំងពីពេលឈ្លោះប្រកែក តាមរលកធាតុអាកាសជាមួយស្រីខារ៉ាអូខេនោះមក នាងចេះតែភ័យ ខ្លាចគេសម្លាប់ ដួលសន្លប់ជាញឹកញាប់ ដោយបារម្ភថា មិនអាចរៀបការបានឡើយ ហើយត្រូវប្រឈម នឹងការសងបណ្ណាការគេវិញមិនខានឡើយ។
អ្នកស្រីម៉េង សុខ អាយុ៤៩ឆ្នាំ ជាម្តាយបានត្អូញត្អែរថា កូនស្រីគាត់តាំងពីកើតមក ពុំដែលមានជំងឺ អ្វីនាំឱ្យឪពុកម្តាយព្រួយបារម្ភនោះទេ។ ដល់ឃើញ កូនស្រីមានទំនាក់ទំនងស្នេហាជាមួយបងជីដូនមួយ បែបនេះ គាត់ក៏ត្រេកអរដែរ ព្រោះចង់ឱ្យជាប់សាច់ ឈាមឯង ស្គាល់ប្រវត្តិកូនប្រសាច្បាស់លាស់។ លុះគ្រាន់តែរកតាអាចារ្យដាក់ពេលារៀបការភ្លាម ស្រាប់តែ កូនស្រីប្រែប្រួលប្លែក ដូចមានខ្មោចព្រាយចូលសណ្ឋិត លុះប្តីប្រពន្ធគាត់ទៅរកគ្រូទស្សន៍ទាយថា មកពីកូនស្រី នេះត្រូវអំពើគេ។ នាងឧស្សាហ៍ដួលសន្លប់ជារឿយៗ និងនៅសុខៗ ក៏យំហ៊ូៗ ដូចមានអ្នកណាស្លាប់ ទោះជាគ្រូ មន្តអាគមព្យាបាលយ៉ាងណាក៏មិនត្រូវសោះ។
ខណៈដែលអ្នកយកព័ត៌មានយើងសុំសម្ភាសន៍ ស្ត្រីជាម្តាយ ស្រាប់តែនាងក្រមុំដួលតូងសន្លប់ស្តូកស្តឹង ទៀត ធ្វើឱ្យស្ត្រីជាម្តាយភ័យស្លន់ស្លោ ស្ទុះទៅគ្រាហ៍ កូន។ លុះកូនស្រីដឹងស្មារតី ទើបស្ត្រីចំណាស់ត្អូញត្អែរទៀតថា បើនាងវ៉ិច នៅតែដួលសន្លប់បែបនេះ មិនដឹងរៀបការយ៉ាងម៉េច កើត ទេ ហើយជួនកាលគូដណ្តឹងរបស់នាងអាចនឹងផ្តាច់ពាក្យវិញ និង រត់ទៅរកស្រីខារ៉ាអូខេនោះមិនខាន។
លោកកាន រ៉ី អាយុ២៥ឆ្នាំ ជាគូដណ្តឹង ដែលសព្វថ្ងៃជាប់មុខរបរ បើកបររថយន្តនៅភ្នំពេញ យើងមិនអាចទាក់ទងសុំការបំភ្លឺបានឡើយ ដោយមានតែរូបថតផ្អែមល្ហែមជាមួយគ្នាប៉ុណ្ណោះ។
អ្នកស្រីប៉ាល់ អូន អាយុ៥២ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់អាណិតនាងក្រមុំនេះណាស់ ដោយពីមុនធ្លាប់មានសុខភាពល្អ លុះម៉ែឪដាក់ថ្ងៃរៀបការក៏ធ្លាក់ខ្លួនយ៉ាងនេះ។ គ្រូខ្លះថា នាងត្រូវអំពើ គេ ប៉ុន្តែនាងតែងយំរៀបរាប់ចង់តែរៀបការជាមួយបងជីដូនមួយ ដែលនាងស្រលាញ់ តែគូដណ្តឹងនោះ ពេលដឹងថានាងវ៉ិត មានជំងឺប្លែក បែរជាមិនសូវមកជិត។ គាត់សន្និដ្ឋានថា នាងវ៉ិត ប្រហែលជាត្រូវគេ ធ្វើអំពើបំបែកស្នេហ៍តែម្តង ព្រោះមិនដែលសុខៗទៅជាយំស្រែក ដួលសន្លប់យ៉ាងនេះទេ។
គួរបញ្ជាក់ថា ជួនកាលមកពីនាងក្រមុំនេះ ស្រលាញ់ប្រុសគូដណ្តឹងខ្លាំង លុះជជីកសួរដឹងថា ប្រុសថ្លៃធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយស្រីខារ៉ាអូខេ ថែមទាំងបានឈ្លោះគ្នាតាមទូរស័ព្ទផងនោះ ធ្វើឱ្យនាងឈឺចិត្តខូចអារម្មណ៍ក្លាយជាឡប់សតិ។ អាការជំងឺបែប នេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ ដែលជាជំងឺ “ខកស្នេហ៍” ហើយបើចង់ជាសះស្បើយ លុះត្រាតែប្រុសដែលនាងស្រលាញ់ ចូលខ្លួនមកថែទាំនាងព្រឹកល្ងាចដោយមេត្តាករុណា ទើបបាន។ ផ្ទុយទៅវិញ បើខាងប្រុសនៅភ្នំពេញ ឯខាងស្រីនៅស្រុកកំណើត បែបនេះ ជំងឺនាងកាន់តែធ្ងន់ទៅៗ ឈានដល់វិកលចរិតមិនខាន ហើយ ក៏គ្មានស្រីខារ៉ាអូខេឯណា ចេះវិជ្ជាធ្មប់ធ្វើបអំពើអំព័ន្ធ បំបែកស្នេហ៍ គេនោះដែរ…”៕