Tuesday, December 24, 2024
Homeព័ត៌មានជាតិបង្ខំប្រពន្ធរួមរ័ក ឪក្មេកប្រដៅ ទាញពូថៅដេញកាប់

បង្ខំប្រពន្ធរួមរ័ក ឪក្មេកប្រដៅ ទាញពូថៅដេញកាប់

បុរសម្នាក់នេះ បើមិនផឹកជាមនុស្សមឹះៗ ស្លូតដូចកូនគោ តែបើអាការសាហាវ ចូលពោះ ក៏ចេញក្បួនកាចដូចយក្សល្ខោន។ ឱ្យតែគេស្រវឹងម្តងៗ តែងចាប់បង្ខំប្រពន្ធរួមរ័ក មិនថាយប់ឬថ្ងៃ លុះឪក្មេកឃើញព្រៃផ្សៃពេក ក៏ណែនាំស្តីប្រដៅ ស្រាប់តែកូនប្រសាទាញពូថៅដេញកាប់ រត់មិនសព្វដី ដែលសព្វថ្ងៃ អ្នកភូមិណាក៏ខ្លាចបុរសនេះដែរ…។

នាងធឺ សំណាង អាយុ៣៤ឆ្នាំ រស់នៅភូមិច្រាច់ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនទី៧ ក្នុងចំណោមបងប្អូន៩នាក់ ឪពុកឈ្មោះសួស ធឺ អាយុ៦០ឆ្នាំ ជាមេភូមិ ម្តាយឈ្មោះផាត់ ខែម អាយុ៥៩ឆ្នាំ។ នាងមានប្តីឈ្មោះ ថេន ថុល អាយុបងនាង២ឆ្នាំ ដោយបង្កើត បានកូនស្រី២នាក់ ជាចំណងនិស្ស័យ។ ប្រវត្តិ ស្នេហារវាងនាងនិងប្តីកើតឡើងដោយសារគេរស់នៅក្នុងភូមិជាមួយគ្នា ជួបមុខគ្នាស្ទើរ រាល់ថ្ងៃ ក៏ផុសចិត្តប្រតិព័ទ្ធរៀងៗខ្លួន។ នៅក្នុងឱកាសច្រូតស្រូវប្រវាស់ដៃគ្នា កំលោះថុល បានលួងលោមសុំស្នេហ៍ពីនាងត្រង់ៗតែម្តង ឯរូបនាងឃ្លាំមើលកត់សម្គាល់បានថា គេជាមនុស្សល្អ សុភាពរាបសា ស្គាល់ចាស់ទុំ ទើបនាងព្រមទទួលស្នេហ៍ពីគេដោយស្មោះស្មគ្រ័ និងបើកផ្លូវឱ្យគេនាំចាស់ទុំចូលស្តីដណ្តឹងរៀបការតាម ប្រពៃណី។ បន្ទាប់ពីរៀបការរួច ស្របពេលដែលនាងមានផ្ទៃពោះ ស្រាប់តែប្តីនេះផ្លាស់ប្តូរចរិតមើលមិនធ្លុះ ទន់ជ្រាយទៅតាម ការអូសទាញរបស់មិត្តភក្តិ និងអាទឹកប្តូរនិស្ស័យ។ គេចាប់ផ្តើមដើរស៊ីផឹកប៉ោឡែ ម៉ែឪ បងប្អូនស្តីប្រដៅមិនយកត្រចៀកស្តាប់ ជួនកាលគេខឹងអ្នកស្តីបន្ទោសណែនាំនោះ ក៏ទាញកាំបិតពូថៅដេញកាប់រត់ចែកផ្លូវគ្នា។

លោកថេន ថុល និយាយទាំងខឹងសម្បា ដាក់អ្នកយកព័ត៌មាន

នាងធឺ សំណាង បន្តទាំងទឹកភ្នែកថា អ្វីដែលនាងពិបាកគេចបំផុតនោះ ត្រង់ប្តីឱ្យតែ ស្រវឹងម្តងៗ តែងចាប់បង្ខំនាងរួមរ័ក មិនថាតែពេលរាត្រីនោះទេ សូម្បីថ្ងៃក្រឡែតក៏ទៅរួច ដែរ។ នាងរំព្ញកថា ថ្ងៃមួយ នាងកំពុងដេកសម្រាកពេលថ្ងៃ ស្រាប់តែប្តីមកពីផឹកលោតសង្គ្រប់ ចាប់នាងបង្ខំរួមរ័ក ទោះជានាងច្រានទ្រូងចេញ និងអង្វរករយ៉ាងណា ក៏ប្តីនេះនៅតែបង្ខំ។ ពេលនោះឪពុករបស់នាងបានឃើញទើសចិត្តពេក ក៏ស្រែកបញ្ឈប់ កូនប្រសា និងអប់រំឱ្យស្គាល់តម្លៃភរិយាផង ស្រាប់តែកូនប្រសា នេះ ច្រឡោតតោតតូង ស្ទុះចេញពីខ្លួននាង លើកខោមកស្លៀក ទាញពូថៅដេញកាប់ឪក្មេក រត់មិនសព្វដី។ ពេលនោះឪពុក របស់នាងស្រវាបានកាំបិតផ្គាក់ ចង់តដៃវិញដែរ តែបងប្អូន ឯទៀតចាប់ឃាត់គាត់ទាន់ កុំអីមានស្លាប់រស់ម្ខាងៗ និងមានដើរចូលគុកខ្លះមិនខាន។ នាងចង់តែប្តឹងផ្តល់ លែងប្តីប្រមឹកនេះដែរ តែនឹកអាណិតកូន ដែលយំ អង្វរម្តាយ មិនចង់រស់នៅគ្មានឪពុក ទើបនាងបន្តលេប ថ្មលេបក្រួសរហូតមក ពុំដឹងជាស្លាប់ថ្ងៃណាទេ បើវេទនា ចិត្តម៉្លឹងៗ។

លោកថេន ថុល (កាលនៅកំលោះ)

លោកថេន ថុល អាយុ៣៦ ឆ្នាំ ជាប្តី ដែលកំពុង អង្គុយព័ទ្ធវង់ផឹកចេញមិនរួច បានប្រាប់អ្នកយកព័ត៌មានយើង ដោយពាក្យសម្តីអសុរោះថា លោក មិនស្តាប់អ្នកណាទាំងអស់ ហើយក៏មិនខ្លាចអ្នកណាដែរ។ មិនបាច់អ្នកដទៃមកនាំរឿងគ្រួសារលោក ឱ្យបែកខ្ចរខ្ចាយនោះទេ ព្រោះរឿងស៊ីផឹកជាសិទ្ធិរបស់លោក។ រូបលោកជាប្តីត្រូវតែមានសិទ្ធិគ្រប់គ្រងប្រពន្ធ ទោះជាចង់ពេលណាចាប់ពេលហ្នឹង ឪក្មេកកុំមករញ៉េរញ៉ៃ ប្តីប្រពន្ធលោករៀបការពេញ ច្បាប់ ទោះជាប៉ូលិសក៏លោកមិនញញើតដែរ។
លោកសួស ធឺ អាយុ៦០ឆ្នាំ ជាឪពុក និងជាមេភូមិបានឱ្យដឹងថា លោកឈប់រាប់រកអាកូន ប្រសាអគតិនេះហើយ ព្រោះសកម្មភាពរបស់គេ ហួសពីសមត្ថភាពរបស់លោកដែលជាឪពុកក្មេក និងជាអាជ្ញាធរមូលដ្ឋាន។ បើលោកនៅតែពាក់ព័ន្ធជាមួយ ក្រែងថ្ងៃក្រោយទប់កំហឹងមិនបាន ព្រោះកន្លងមក លោកធ្លាប់ស្តីប្រដៅកូនប្រសានេះ កុំឱ្យចាប់បង្ខំប្រពន្ធរួមរ័កទាំងថ្ងៃ អន់ជាងស្រីខូចទៅ ទៀតនោះ ស្រាប់តែកូនប្រសាទាញពូថៅដេញកាប់គាត់។ ពេលនោះ គាត់ទាញបានកាំបិតបម្រុង ទប់ទល់ តែបានបងប្អូនចាប់ជាប់ កុំអីលោកដើរចូលគុកតាំងពីពេលនោះម៉្លេះ បើសិនជាជ្រុលដៃ។ ឥឡូវលោកលែងរវល់ដឹងឮទៀតហើយ បើកូនស្រីចិត្តមិនដាច់ពីប្តីហ្នឹង ទុកឱ្យទៅតាមយថាកម្មទៅចុះ។

នាងធឺ សំណាង

លោកយាយផៃ វ៉ូ អាយុ៦២ឆ្នាំ ជាម្តាយបង្កើតរបស់លោកថេន ថុល បានឱ្យដឹងថា គាត់អស់ ចំណេះនឹងអប់រំស្តីប្រដៅកូនប្រុសម្នាក់នេះទៅហើយ។ កាលនៅកំលោះ គេមិនចេះស៊ីផឹក ពួកម៉ាក បនភឿនអ្វីទេ លុះបានប្រពន្ធ ស្រាប់តែបែកគំនិតភ្លេចការរកស៊ី ថ្ងៃណាក៏ស្រវឹង។ សូម្បីអ្នកដន្លង ប្រុសនោះ ក៏កូនប្រសាហ៊ានដេញកាប់ដែរ ទម្រាំរូបគាត់មានសមត្ថភាពឯណាទៅពត់មនុស្សប្រមឹក បាននោះ។ បើសិនជាអាជ្ញាធរចាប់យកទៅអប់រំដុសក្អែល គាត់ត្រេកអរណាស់ ព្រោះមានតែអំណាច ច្បាប់ ទើបអាចយកឈ្នះមនុស្សបែបនេះបាន។

ផ្ទះនាងធឺ សំណាង

លោកយាយផាត់ ខែម អាយុ៥៩ឆ្នាំ ជាម្តាយខាងស្រី បានឱ្យដឹងថា កូនប្រសាគាត់មានច្រើនដែរ តែអាមួយនេះអស់ទាស់តែម្តង វាខុសគេខុសឯង។ កូនប្រសានេះធ្លាប់ជេរបញ្ចោរម៉ែក្មេកកប់ៗមាត់ រហូតដល់គាត់លែងខ្ចីតបតទៅហើយ ដូច្នេះបើកូនស្រីអាចស៊ូបាន ជាមួយប្តីនេះទៅមុខទៀតក៏តាមដំណើរទៅ។

លោកយាយផៃ វ៉ូ
លោកយាយផាត់ ខែម

គួរបញ្ជាក់ថា បើតាមសម្តីអ្នកភូមិខ្លះថា បុរសថេន ថុល បើគ្មាន ស្រាចូលពោះជាមនុស្សមឹះៗ សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ប៉ុន្តែបើ អាការសាហាវចូលពោះ ឬបានស្រាថ្នាំ ឬស្រាបណ្តូលពេជ្រអស់១ស៊្រី ច្បាស់ជាក្លាសម្តី ចេញក្បួនកាចដូចយក្សល្ខោន ដែលចេញក្បាច់ហួន រង្គើឆាក។ មនុស្សប្រភេទនេះ អាចថា ដុះមេស្រាពេញខ្លួនទៅហើយ បើគ្មានស្រាផឹក ច្បាស់ជាធ្លាក់ខ្លួនឈឺធ្ងន់មិនខាន ហើយបើនៅតែស្រវឹង រាល់ថ្ងៃនោះ អាចកើតជំងឺថ្លើម ក្លាយជាទាចទឹកចៀសមិនរួច។ បើផឹកក៏ឈឺ មិនផឹកក៏ឈឺបែបនេះជារឿងពិបាកដោះស្រាយបំផុត ហើយ កូនប្រពន្ធនឹងរស់ជាមួយទឹកភ្នែកជារៀងរហូត ហេតុតែកម្មអកុសល មកប៉ះប្តី និងឪពុករបៀបនេះ…”៕

RELATED ARTICLES