Friday, March 29, 2024
Homeព័ត៌មានជាតិសង្ស័យពាលស៊ីពាល!!! ឃាត់រថយន្តដឹកសម្ភារៈចេញពីរោងចក្រ ជំរិតទារលុយ២០០០ដុល្លារ

សង្ស័យពាលស៊ីពាល!!! ឃាត់រថយន្តដឹកសម្ភារៈចេញពីរោងចក្រ ជំរិតទារលុយ២០០០ដុល្លារ

ភ្នំពេញ ៖ បុរស២នាក់ អះអាងថា ខ្លួនជាមន្ត្រីនគរបាលសេដ្ឋកិច្ច បានចាប់ឃាត់រថយន្តកូរ៉េឃ្លុបមួយគ្រឿង ដឹកទំនិញចេញពីឃ្លាំង រោងចក្រដឹកពុម្ពស្បែកជើង ក្រណាត់ កេស ខោអាវពេញរថយន្ត ហើយទារលុយចំនួន២០០០ដុល្លារ និយាយមិនត្រូវគ្នាបែកធ្លាយរឿងដល់នគរបាលមូលដ្ឋានចុះទៅសួរនាំ ស្រាប់តែប្រាប់ថា រថយន្តដឹកទំនិញខាងលើ ត្រូវយកទៅស្នងការដ្ឋានរាជធានី។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-5072  ដឹកទំនិញពុម្ពស្បែកជើង ក្រណាត់ រាប់សិបដុំ និងកេសខោអាវពេញរថយន្ត បើកបរដោយបុរសម្នាក់។

ចំណែកបុរស២នាក់ អះអាងថា ខ្លួនជាមន្ត្រីនគរបាលសេដ្ឋកិច្ច រាជធានីភ្នំពេញ មានកាន់ទាំងវិទ្យុទាក់ទង ជិះម៉ូតូស្គុបពី ១គ្រឿង។

តាមសម្តីបុរសបើកបររថយន្ត បានឱ្យដឹងថា ទំនិញខាងលើត្រូវបានគេឱ្យដឹកចេញពីឃ្លាំង រោងចក្រក្នុងបុរីប៊ុន ហ៊ួរ បើកចេញមកដល់ចំណុចខាងលើ ត្រូវបានបុរស២នាក់ អះអាងថា ខ្លួនជានគរបាលសេដ្ឋកិច្ច បានឃាត់រថយន្តដឹកទំនិញរបស់ខ្លួន ហើយជំរឹតទារប្រាក់២០០០ដុល្លារ បើពុំនោះទេ រាយការណ៍ប្រាប់ថៅកែរោងចក្រ តែដោយសារនិយាយចរចាតម្លៃគ្នាមិនត្រូវ បែកធ្លាយរឿងដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ទៅសាកសួរនាំ និងសុំពិនិត្យលើឯកសារទំនិញ គ្មានអ្វីទាំងអស់ ឃើញសភាពមិនស្រួល បុរស២នាក់ដែលអះអាងថា ខ្លួនជានគរបាលសេដ្ឋកិច្ចនោះ ប្រញាប់ប្រញាល់បិទទ្វាររថយន្ត ហើយនាំយកទៅបាត់។

តាមប្រភពមួយបានខ្សឹបប្រាប់ឱ្យដឹងថា  បុរស២នាក់ ដែលអះអាងថា ខ្លួនជានគរបាលសេដ្ឋកិច្ច ទាមទារលុយ២០០០ដុល្លារ ពីខាងរថយន្តដឹកទំនិញ តែមិនទាន់បានសម្រេចផង ផ្អើលដល់ប៉ូលិសមូលដ្ឋាន ក៏បញ្ជាឱ្យអ្នកបើកបររថយន្តបើកចេញពីកន្លែងកើតហេតុ ដោយប្រាប់ថា យករថយន្តនោះទៅស្នងការដ្ឋានរាជធានី។

តាមប្រភពមួយផ្សេងទៀត បានដាក់ការសង្ស័យថា ទំនិញក្នុងរថយន្តសុទ្ធតែបទល្មើសលួច ឃុបឃិតគ្នាដឹកចេញពីឃ្លាំងរោងចក្រក្នុងបុរី ប៊ុន ហ៊ួរ តែត្រូវបានបុរស២នាក់ អះអាងថា ខ្លួនជានគរបាលសេដ្ឋកិច្ចក្រុងភ្នំពេញ ចាប់ឃាត់ជំរឹតទារប្រាក់២០០០ដុល្លារនោះ អ្នកបើកបររថយន្តមានសភាពភិតភ័យ ឆ្លើយរដាក់រដុប ធ្វើឱ្យអ្នកឃើញហេតុការណ៍សង្ស័យករណីខាងលើនេះ គឺពាលស៊ីពាល៕

RELATED ARTICLES