នារីម្នាក់នេះ បានជ្រុលជ្រួសហួស គន្លងប្រពៃណី ជាមួយ ប្រុសស្នេហ៍ រហូតពោះធំ ប៉ុនកញ្ជើ ទើបចាស់ទុំចាប់សែនព្រេនមួយព្រឹកបង្គ្រប់កិច្ចទៅ តែរួមរស់ជាមួយគ្នាបង្កើតបានកូន៣ ត្រូវបែកបាក់ ត្រឹមពាក់កណ្តាលទី។ លុះធ្លាក់ខ្លួនមេម៉ាយកូន៣ ក៏ប៉ះប្តីស្ទាវរូបស្រស់ស្អាត ដើរលេង បាត់ៗពីផ្ទះ និងប្រើកម្លាំងបាយវាយតប់ ប្រពន្ធគ្មានអាសូរ ធ្វើឱ្យនាងមេម៉ាយកូន ៣ស្គាល់តែទឹកភ្នែកឥតស្បើយ…។
នាងលុន ណាត អាយុ៣៣ឆ្នាំរស់នៅភូមិព្រៃទីទុយ ឃុំយា ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ឱ្យដឹងថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៣នាក់ (ស្រី២ ប្រុស១) ដែលមានម្តាយឈ្មោះអ៊ូ ប៉ាក់ ស្លាប់ ឪពុកមានឈ្មោះលន់ អ៊ាង អាយុ៥៧ឆ្នាំ។ នាងមានប្តីទី១ ឈ្មោះសួន រី អាយុបងនាង១ឆ្នាំ ជាអ្នកស្រុកភូមិជាមួយគ្នា ដែលចំណងស្នេហ៍នាងកើតឡើង ដោយសារ ស្រលាញ់ពេញចិត្តពេញថ្លើមគ្នាចេញពីបេះដូង កំលោះក្រមុំបរិសុទ្ធ គ្មានការបង្ខិតបង្ខំ ពីភាគីខាងណាមួយឡើយ រហូតហ៊ានដើរ ហួសគន្លងប្រពៃណីមួយជំហាន ប្តូរសាច់ ប្តូរឈាមគ្នាមុនបាចផ្កាស្លាទៀតផង ដោយមិនខ្លាចព្រលឹងខ្មោចមេបា ប្រកាន់តាមកាច់ និងក្រែងចិត្តឪពុក ម្តាយបន្តិចឡើយ។ ហើយគូស្នេហ៍ ពួកនាងតែងស្កាត់ជួបគ្នាលេងល្បែង ស្នេហ៍ក្តៅរោលរាលឆក់កណ្តៀត ជាបន្តបន្ទាប់។ លុះថ្លោះធ្លោយ ពោះធំ ទើបរឿងអាស្រូវ ស្នេហ៍ត្រូវបែកធ្លាយ ធ្វើឱ្យ ចាស់ទុំទាំងសងខាងទើសទាល់ ក៏ចាប់គូស្នេហ៍ពួកនាងសែនព្រេន មួយព្រឹកបង្គ្រប់កិច្ចតែម្តង។
នាងលុន ណាត បន្តថា កាលពីរួមរស់ជាមួយគ្នាថ្មីថ្មោង ប្តី ស្រលាញ់ថ្នាក់ថ្នមប្រពន្ធណាស់ មិនដែលធ្វើបាបប្រពន្ធឱ្យហូរទឹកភ្នែក ម្តងណាឡើយ តែមួយរយៈក្រោយមក ស្រាប់តែប្តីប្រែប្រួលចិត្ត ខុសប្លែកពីមុន តែងដើរចោលផ្ទះបាត់ៗ។ ចាប់ពីពេលនោះមក ប្តី ប្រពន្ធពួកនាងតែងជួបរឿងរ៉ាវរកាំរកូសជាមួយគ្នា ជាញឹកញាប់ តែយ៉ាងណា ប្តីមិនដែលប្រើអំពើហិង្សា លើកដៃគោះនាងមួយប៉ូក ឱ្យ ឈឺសាច់ម្តងណាឡើយ។ លុះក្រោយពីរួមរស់ជាមួយគ្នាបានរយៈពេល៣ឆ្នាំ និងបង្កើតបានកូន០៣ (ប្រុស២ ស្រី១) ជាចំណងដៃ និស្ស័យស្នេហ៍ ចំណងស្នេហ៍ប្តីប្រពន្ធនាងក៏ដើរដល់ផ្លូវបំបែក តែម្តង ធ្វើឱ្យនាងធ្លាក់ខ្លួនជាស្រីមេម៉ាយកូន៣ទាំងវ័យក្មេង លុះ៥ឆ្នាំក្រោយមក នាងបានជួបស្នេហ៍ ជាមួយប្តីក្រោយ។ ប្តីទី២នេះ មានឈ្មោះហន ភាគ ទើបតែមានអាយុ២០ឆ្នាំ ជាក្មេងស្ទាវ មានរូប សម្រស់ស្អាត និងមានជីវភាពធូរធារ មានដីស្រែចម្ការជាច្រើនកន្លែង សម្រាប់បង្កបង្កើនផល ប៉ុន្តែ ដោយសារតែនាងធ្លាប់មានបទពិសោធន៍ជាមួយប្តីទី១ អស់រយៈពេល៤ឆ្នាំ ទើបនាងមានវិធីចងចិត្ត ប្តីក្មេងរូបនេះ មិនឱ្យទៅណាឆ្ងាយពីកន្ទុយក្បិន ធ្វើឱ្យប្តីមានចិត្តស្រលាញ់នាងណាស់ ដោយសន្យា ស្រលាញ់ថែរក្សានាងអស់មួយជីវិត។
ស្ត្រីរូបនេះបញ្ជាក់ថា កាលដើមឡើយ ប្តីរូបនេះ មាន ចរិតស្លូតបូតសុភាពរាបសា មិនដែលប្រើកម្លាំងបាយ លើប្រពន្ធទេ ហើយនាងខំធ្វើខ្លួនជាប្រពន្ធល្អ ដោយ បម្រើចំណីយប់ព្រលប់ឱ្យប្តីស៊ីចុក មិនដែលខ្វះខាតម្តង ណាឡើយ។ ប៉ុន្តែសេចក្តីសុខដែលទទួលបានពីប្តីរូបនេះ មានរយៈពេលខ្លីណាស់ ព្រោះប្តីនៅក្មេង មានចរិតស្ទាវ នៅឡើយ ចូលចិត្តដើរលេងចោលផ្ទះបាត់ៗ លុះពេល ត្រឡប់មកវិញ ចងកំហឹងជាមួយប្រពន្ធ រករឿងឈ្លោះជេរ បញ្ចោរនាងនូវពាក្យអសុរោះ សព្វបែបយ៉ាង ព្រមទាំងប្រើ កម្លាំងបាយវាយដំប្រពន្ធ បណ្តាលឱ្យប៉ោងមុខខៀវភ្នែក បែក មាត់ហូរឈាម រស់នៅជាមួយសមុទ្រទឹកភ្នែកឥតស្បើយ។ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ កន្លងថ្មីៗនេះ ប្តីបានចេញទៅធ្វើការរកប្រាក់នៅខេត្តរតនគិរី បាត់ ទើបនាងបានធូរខ្លួនបន្តិច។
នាងហម រស់ អាយុ៣៤ឆ្នាំ ជាបងជីដូនមួយប្តីទី២ បានឱ្យដឹងថា នាងនិយាយមិនកាន់ជើងខាងណាទេ តាមពិតទៅ ប្អូនប្រុសរបស់នាងរូបនេះ ពិតជាមានចរិតខូចខិល មែន និងចិត្តខ្លាំង ប្រៀបដូចជាមនុស្សកំរោលចូលអ៊ីចឹង។ ពេលគេខឹងម្តងៗជេរបញ្ចោរប្រពន្ធកូន ដូចជាសត្វលលកបូលអីចឹង គេធ្វើការរកប្រាក់បាន មិនដែលឱ្យ ប្រពន្ធចាយទេ ពោលគឺយកទៅ ទិញស្រា អង្គុយព័ទ្ធវង់ជល់កែវ ជាមួយបនភឿន អស់ៗ បើប្រពន្ធហ៊ាន ហាមាត់សុំលុយ ច្បាស់ជាគេខឹងច្រឡោត ទាញព្រនង់ សំពងប្រពន្ធជាមិនខាន ធ្វើឱ្យនាងអាណិតប្អូនថ្លៃស្រី រូបនេះខ្លាំងណាស់ តែមិនដឹងធ្វើយ៉ាងណា ទើបចេះ តែបណ្តោយតាមដំណើរទៅ ទុកឱ្យប្តីប្រពន្ធពួកគេ ជាអ្នកដោះស្រាយដោយខ្លួនឯងទៅចុះ។
លោកស៊ាន ណាល់ អាយុ២៤ឆ្នាំ ជាមិត្តភក្តិ ប្តីទី២ របស់នាង លុន ណាត បានឱ្យដឹងថា កាលពីមុន មិត្តភក្តិរបស់គេម្នាក់នេះ មិនមែនជាមនុស្សបែប នេះទេ សូម្បីតែស្រាក៏មិនសូវផឹកដែរ តែឥឡូវ ផឹកស្រាខ្លាំងណាស់ មានពេលខ្លះតែម្នាក់ឯង ផឹកស្រា-ស អស់ទៅដល់២លីត្រឯណោះ ហើយចូលដល់ផ្ទះ ដឹងតែរករឿងឈ្លោះវាយតប់ប្រពន្ធ។ លោកមិន ហ៊ានស្តីប្រដៅអប់រំទេ ព្រោះគេជាមនុស្សមានះរឹង រូសណាស់ គ្មានស្តាប់នរណាអប់រំស្តីប្រដៅទេ។
លោកកង ហ៊ីម អាយុ៣៩ឆ្នាំ និងអ្នកស្រុក មួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា ពួកលោកមាន ចិត្តអាណិតនាងលុន ណាត ណាស់ មានប្តីទៅដល់២ នាក់ ប៉ុន្តែមិនបានគាប់ប្រសើរនឹងគេ។ កាលពីយកប្តី ទី១ ដ្បិតតែរួមរស់
ជាមួយគ្នាមិនសូវជាចុះសម្រុង នឹងគ្នាមែន តែគេមិនដែលហ៊ានលើកដៃវាយប្រពន្ធ ទេ រហូតដល់ថ្ងៃបែកបាក់គ្នា តែពេលមកជួបប្រសព្វ ជាមួយនឹងប្តីទី២នេះ ធ្ងន់កតែម្តង ត្រូវប្តីក្មេងចិត្តស្ទាវ វាយធ្វើបាបឥតស្វាង មានថ្ងៃខ្លះត្រូវប្តីស្ទាវវាយស្រែក រោទិ៍ផ្អើលអ្នកស្រុកទៀតផង វាសនានាងពិតជាអភ័ព្វ ខុសគេមែន។ រូបលោក ក៏ដូចជាអ្នកស្រុកភូមិ តែងលួងលោមនាងកុំឱ្យអស់សង្ឃឹមក្នុងជីវិតនេះអី វាសនាមនុស្សមើលមិនឃើញទេ ថ្ងៃនេះកើតទុក្ខ ថ្ងៃស្អែក សប្បាយ។
ជុំវិញនឹងការលើកឡើងខាងលើនេះ អ្នកយក ព័ត៌មានយើងមិនអាចទាក់ទងលោកហន ភាគ អាយុ ២០ឆ្នាំ ជាប្តីទី២របស់នាងលុន ណាត សុំការបកស្រាយបានទេ តែយ៉ាងណា ក៏យើងនៅតែរង់ចាំលោកបំភ្លឺជានិច្ច…”៕