Tuesday, December 24, 2024
Homeព័ត៌មានជាតិរត់ចោលប្តីខាន់ស្លា ស្រវានិស្សិតប្រមឹក

រត់ចោលប្តីខាន់ស្លា ស្រវានិស្សិតប្រមឹក

មាននាវីមិនតិចទេ ដែលមានប្តី និងកូនរួចទៅហើយ លុះបានចេញទៅធ្វើការ ឆ្ងាយពីផ្ទះ ក៏បែកចិត្ត បែកកាយសប្បាយ ទៅលើវិថីជីវិត ភ្លើតភ្លើននឹងប្រុសថ្មី ភ្លេចប្តីកម្សត់កម្រនឹងគ្នា។ ជាក់ស្តែង នារីម្នាក់នេះ បានរត់ចោលប្តីខាន់ស្លា ស្រវាកំលោះនិស្សិតប្រមឹក ទីបំផុតភ្លើង ស្នេហ៍រោលរាលតែមួយឆាប ក៏រលត់ទៅវិញ សល់តែទឹកភ្នែក…។

នាងហួន សំណាង អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទីទុយ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបរាប់ទាំងតូចចិត្តអាណិតខ្លួនថា នាងមាន ឪពុកឈ្មោះហួន ប៉េង (ស្លាប់) ម្តាយឈ្មោះស៊ាន (ស្លាប់) នាងជា កូនច្បងក្នុងចំណោមបងប្អូនសុទ្ធតែស្រី៣នាក់ ស្រុកកំណើតភូមិ ទុកស្រូវ ឃុំគោកដូងខាងកើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ មុននឹងរសាត់អណ្តែតមកដល់លំនៅឋានបច្ចុប្បន្ននេះ នាងធ្លាប់មានប្តីនៅស្រុកកំណើតជាមួយគ្នា ឈ្មោះតឿ ថាច សព្វថ្ងៃ អាយុ២៨ឆ្នាំ ដោយបង្កើតបានកូនស្រីម្នាក់អាយុ១០ឆ្នាំហើយ។ ថ្វីត្បិតតែពួកនាងបានរៀបអាពាហ៍ពិពាហ៍ស្រប ច្បាប់ ប៉ុន្តែការរស់នៅមិនចុះសម្រុងគ្នាទេ ដោយសារ ម្តាយក្មេក និងបងថ្លៃមើលងាយមើលថោកនាងថា ជាមនុស្សកំព្រាក្រីក្រ ធ្វើឱ្យនាងឈឺចាប់តូចចិត្តអាណិតខ្លួន។ ដោយសារតែចង់មានធូរធារកុំឱ្យគេមើលងាយ នាងក៏សុំប្តីចេញមកធ្វើការរោងចក្រ នៅខេត្តកំពង់ស្ពឺ ដោយទុកប្តីឱ្យនៅធ្វើស្រែឯស្រុកកំណើតម្នាក់ឯង តែយូរៗលេចមុខប្តីមកលេងជាមួយនាងម្តង នាំទាំងកូនមកផង។ ដោយមិនចង់បែកគ្នា ប្តីតែងអង្វរលួងលោមនាងឱ្យវិលទៅស្រុកវិញដែរ តែងនាងមានលេសថា នៅធ្វើការសន្សំលុយបន្តិចសិន ព្រោះក្រពេក គេមើលងាយ ឯប្តីមិនហ៊ានបង្ខំ ក៏បើកសេរីភាពឱ្យនាងតាមចិត្ត។

នាងហួន សំណាង និងលោកទុំ សុផាន (ជាប្តី)


នាងហួន សំណាង បន្តទាំងក្តុកក្តួលថា ថ្ងៃមួយ នាងដើរតាមផ្លូវ ជាចៃដន្យ ក៏បានជួបកំលោះម្នាក់ឈ្មោះទុំ សុផាន សព្វថ្ងៃអាយុ៣១ឆ្នាំ នៅមុខសាកលវិទ្យាល័យអង្គរខេមរៈ។ ពេលនោះគ្រាន់តែបានឃើញមុខគ្នាភ្លាម ក៏មានចិត្ត ទោរទន់រកគ្នាមួយរំពេច ដោយបានសាសងគ្នាទាំងញញឹម ហើយគេប្រាប់ថា សព្វថ្ងៃគេជានិស្សិតឆ្នាំទី៣ កំពុងរៀនយកបរិញ្ញាបត្រខាងកសិកម្ម។ គ្រាន់តែ ដឹងថា គេជានិស្សិតកសិកម្ម បេះដូងនាងលោតខុសចង្វាក់មួយរំពេច ដោយគិតថា បើបានប្តីជានិស្សិតមានចំណេះដឹងជ្រៅជ្រះ ច្បាស់ជាមានអនាគត ជាងប្តីធ្វើស្រែ។ ពួកនាងក៏ត្រូវដងត្រូវផ្លែគ្នាភ្លាម ដោយប្រុសថ្លៃបាននាំនាង ទៅផ្ទះរបស់គេ ប៉ុន្តែពេលទៅដល់នោះ ឪពុកខាងប្រុសមិនព្រមទទួលស្គាល់ រូបនាងទេ ដោយគាត់លើកឡើងថា មិនទាន់ស្គាល់ប្រវត្តិច្បាស់ ខ្លាចបោកប្រាស់ កូនប្រុសគាត់។ ទោះជានាងប្រាប់ការពិតថា ជាស្រីមេម៉ាយកូន១ ក៏គាត់មិនជឿ ដោយសង្ស័យថា នាងរត់ចោលប្តី។ ដោយគ្មានជម្រើស សង្សារនិស្សិតនេះ ក៏នាំនាង ទៅដេកក្នុងខ្ទមធ្លុះធ្លាយមួយនៅក្បែរផ្ទះធំ ដែលរាត្រីនោះ ពួកនាងបានរួមមេត្រីជាមួយគ្នា យ៉ាងមានសេចក្តីសុខ នាងភ្លេចប្តីភ្លេចកូន ឯសង្សារភ្លេចឪពុកម្តាយ។ អស់រយៈពេល ជាច្រើនយប់ ដោយខ្លាចខុសចាស់ទុំ ទើបឪពុកក្មេកបន្ទន់ឥរិយាបថហៅពួកនាង មកសែនព្រេនផ្តាច់ខ្មោច បានគ្នាជាប្តីប្រពន្ធទៅ។

លោកទុំ សុផាន (កាលនៅជានិស្សិត)
នាងហួន សំណាង (កាលនៅក្រមុំ)

នាងហួន សំណាង បន្តទាំងទឹកភ្នែកថា តាំងពីសែនព្រេនរួចមក ប្តីនេះលែង រវល់ទៅរៀន ម៉្ងៃៗ ដេកឱបតែនាង ដូចខ្លាចប្រុសដទៃមកដណ្តើម ថែមទាំងប្រចណ្ឌ រកលេខដាក់គ្មាន។ ឱ្យតែនាងនិយាយលេងសើចជាមួយកំលោះៗជាអ្នកជិតខាង ប្តីនេះ ខឹងច្រឡោតមួយរំពេច រួចគេចទៅផឹកស្រាស្រវឹងធ្លាក់ភ្នែក លុះវិលមកវិញ តែងរករឿងស្តីបណ្តេញនាងចេញពីផ្ទះ។ គេមិនដែលវាយដំច្រំធាក់នាងទេ តែនាង ស្អប់ចរិតមនុស្សប្រមឹក បោះបង់ចោលចំណេះវិជ្ជា។ នាងតូចចិត្តខ្លាំងណាស់ ដែលភ្លើតភ្លើននឹងប្រុសនិស្សិត ភ្លេចប្តីខាន់ស្លាដ៏ស្លូតបូត បើនឹងវិលទៅរកប្តីវិញ ក៏ហួស ពេលទៅហើយ។ នាងក៏មិនចង់ទៅឱ្យប្តីនោះឃើញមុខដែរ។ នាងស្តាយក្រោយ ខ្លាំងណាស់ ដែលមិនគួរចាក់អង្ករយកអង្កាម ចោលប្តីខាន់ស្លា ស្រវាប្តីនិស្សិតប្រមឹក ១ថ្ងៃៗដឹងតែបង្ខំនាងឱ្យបម្រើតណ្ហាគេ។

លោកតាអ៊ុក ជន់

ដោយឡែក លោកទុំ សុផាន អាយុ៣១ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមាន ឪពុកឈ្មោះអ៊ុក ជន់ អាយុ៧០ឆ្នាំ ម្តាយឈ្មោះឈឹម យឿន ស្លាប់ លោកជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់។ លោកកំពុងតែរៀនយកបរិញ្ញាបត្រផ្នែកកសិកម្ម នៅ សាកលវិទ្យាល័យអង្គរខេមរៈ ខេត្តកំពង់ស្ពឺ ស្រាប់តែលង់ស្នេហ៍នាងហួន សំណាង ធ្វើឱ្យលោកឆ្ងល់ខ្លួនឯងដែរ ព្រោះខ្វះអីក្រមុំៗនិស្សិត ដូចគ្នា លោកមិនស្រលាញ់ បែរជាជាប់ស្នេហ៍ស្រីមាន ប្តី និងកូន១ទៅវិញ? លោកទទួលស្គាល់ថា បន្ទាប់ពី បានរួមភេទជាមួយនាងមក ដោយសារខ្លួនកំលោះ បរិសុទ្ធ ក៏ញៀនញ៉ាមស្រលាញ់នាងស្ទើរលេប កើត ជាក្តីប្រចណ្ឌមែន ក៏យកស្រាធ្វើមិត្តខ្លះៗទៅ ដើម្បី បំភ្លេចទុក្ខកង្វល់ពេលទាស់ទែងជាមួយនាង។

នាងចិន ធា

លោកតាអ៊ុក ជន់ អាយុ៧០ឆ្នាំ ជាឪពុកខាងប្រុស បានឱ្យដឹងថា គាត់ខំលក់គោ លក់ស្រែ ដើម្បីឱ្យកូន ប្រុសពៅបានចូលរៀនយកបរិញ្ញាបត្រផ្នែកកសិកម្ម ដឹងអី! គេរៀនត្រឹមឆ្នាំទី៣ ក៏ឈប់ទៅ ព្រោះឆ្កួតនឹងស្នេហា។ ពេលកូនប្រុសនេះនាំសង្សារដែលមិនទាន់ បានផ្តិតមេដៃលែងលះប្តីមកជួបនោះ គាត់មិនទទួល ស្គាល់ទេ តែទើសទាល់ពេកក៏សែនព្រេនឱ្យទៅ។ គាត់ពិបាកចិត្តណាស់ ព្រោះតែខឹងកូនស្រលាញ់ស្រី មិនមើលមុខក្រោយ ឥឡូវវាដើរតែផឹក រួចប្រចណ្ឌ ប្រពន្ធ ឯសញ្ញាបត្រក៏មិនបានទៅយក តើសង្ឃឹមអី? ឥឡូវកូនប្រុសនេះ ខូចអនាគតអស់ហើយ តើឱ្យគាត់ សង្ឃឹមអី! ស្រែក៏អស់ គោក៏អស់។

នាងឃួង សើ

នាងឃួង សើ អាយុ៣៣ឆ្នាំ និងនាងចិន ធា អាយុ៣៦ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា លោកនិស្សិតនេះ រៀនចេះដឹងសន្ធឹកអត់បានអីមក ផ្ទះ បានតែប្រពន្ធគេនោះ មករួមរស់ជាមួយ។ សព្វថ្ងៃ ពួកនាងអាណិតតែនាងសំណាង ដែលចោលសាច់ ស្រវាឆ្អឹង ជ្រុលក្បាលក្រពើទៅហើយ ក៏ទៅធ្វើការរោងចក្រផង ស្រែចម្ការផង ឯល្បងប្តីនិស្សិតដឹងតែផឹក លុះមកដល់ផ្ទះប្រចណ្ឌរករឿងប្រពន្ធ បណ្តាល ឱ្យនាងសំណាង ទឹកភ្នែករាល់ថ្ងៃ ទៅណាក៏មិនរួច។
គួរបញ្ជាក់ថា ករណីបែបនេះ អាចថា មកពី ព្រហ្មលិខិតកំហិតវាសនាតែម្តង ទើបនាងសំណាង ដែលខំគេចពីម្តាយក្មេក និងបងថ្លៃនៅឯស្រុកកំណើត ធ្លាប់ប្រមាថនាង បែរជាមកជួបប្តីប្រមឹក។ មនុស្ស ម្នាក់ៗមានសម្ពាយកម្មជាប់ខ្លួនដូចៗគ្នា គ្រាន់តែ ធ្ងន់ឬស្រាលប៉ុណ្ណោះ។ ហេតុនេះ បើបានជាជ្រុលយក ប្តីថ្មីទៅហើយ នាងសំណាង ព្យាយាមធ្វើល្អជាមួយ ប្តីទី២នេះទៅ ដោយអង្វរគេឱ្យរកការងារធ្វើតាមជំនាញ គង់តែមានសុភមង្គលមិនខាន បើសិនជានាង ចេះអត់ធ្មត់ឱ្យដល់កម្រិត…”៕

RELATED ARTICLES