Tuesday, December 24, 2024
Homeព័ត៌មានជាតិក្លិនប្រពន្ធក្រអូបប្លែក ប្តីចោទមានសហាយ

ក្លិនប្រពន្ធក្រអូបប្លែក ប្តីចោទមានសហាយ

ស្ត្រីម្នាក់នេះ រស់នៅក្នុងភាពភ័យខ្លាច ព្រោះតែប្តីចូល ចិត្តព័ទ្ធវង់ផឹកស៊ីបាត់ៗពីផ្ទះ លុះស្រវឹងដាបចូលដល់ផ្ទះ តែងគំរាមកំហែងសម្លាប់នាង ដោយសាររោគប្រច័ណ្ឌ។ គាប់ជួនថ្ងៃមួយ នាងសុំទឹកអប់ក្មួយបាញ់ក្រអូបឈ្ងុយ ឈ្ងប់ ស្រាប់តែប្តីមកពីផឹក ហិតប្រពន្ធមានក្លិនក្រអូប ប្លែក ក៏បានដៃចោទប្រពន្ធមានសហាយ សម្លុតគំរាម អាករសម្លាប់ ធ្វើឱ្យប្រពន្ធភិតភ័យនាំកូនរត់ ឱ្យបងប្អូនជួយទាំងកណ្តាលយប់…។

នាងរ៉ែម កាវ៉ូ អាយុ៣២ឆ្នាំ រស់នៅភូមិទួលបេង ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ដែលឪពុកឈ្មោះព្រំ រ៉ែម (ស្លាប់) ម្តាយឈ្មោះហែម ផុន អាយុ៥៧ឆ្នាំ។ ក្នុងវ័យ១៨ឆ្នាំ នាងបាន រៀបការជាមួយបុរសម្នាក់ឈ្មោះសៅ យ៉ាន អាយុបងនាង៣ឆ្នាំ តាមបំណងម្តាយទុកដាក់ ដោយរួមរស់ជាមួយគ្នាបង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងដៃនិស្ស័យស្នេហ៍។ នៅពេលរៀបការហើយថ្មីថ្មោង ប្តីប្រពន្ធាងបាននាំគ្នាទៅកាប់ឆ្ការព្រៃ មានចម្ងាយ២គីឡូម៉ែត្រពីភូមិ ដែលអាជ្ញាធរមូលដ្ឋានចែកឱ្យសង់កូនខ្ទមរស់នៅ និងធ្វើស្រែចម្ការបង្កបង្កើន ផលចិញ្ចឹមជីវិត។

លោកសៅ យ៉ាន

ស្ត្រីជាប្រពន្ធរូបនេះបន្តឱ្យដឹងទៀតថា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ ពិសេសឪពុកម្តាយទាំងសងខាង ធ្វើឱ្យប្តីរបស់នាងប្រៀបដូចជាសត្វខ្លាដុះ ស្លាបអ៊ីចឹង ដោយតែងចេញទៅផឹកស៊ីជាមួយបនភឿនបាត់ៗ ទុកឱ្យម្តាយ កូនពួកនាងរស់នៅក្នុងខ្ទម ពោរពេញដោយការភ័យខ្លាច និងប្រឈម នឹងគ្រោះថ្នាក់គ្រប់រូបភាព ព្រោះនៅក្នុងព្រៃ។ ពេលប្តីស្រវឹងស្រាដាប ចូលផ្ទះតែងរករឿងបង្កជម្លោះ ព្រមទាំងបោះពាក្យសម្តីគំរាមអាករសម្លាប់ នាងចោលទៀតផង។ កន្លងមក នាងធ្លាប់ប្រាប់ប្តីឱ្យទិញស្រា មកផឹកនៅ ផ្ទះក្បែរប្រពន្ធកូន ដើម្បីការពារគ្រួសារពីគ្រោះថ្នាក់ផ្សេងៗ ដោយប្រការ ណាមួយ ព្រោះនាងជាមនុស្សស្រីដេកនៅជាមួយកូន មិនមែនកក់ក្កៅ ប៉ុន្មានឡើយ។ ហេតុតែនាងប្រាប់ប្តីបែបនេះមិនមែនបំណងបំបិទ សិទ្ធិសេរីភាពប្តីឡើយ ប៉ុន្តែប្តីរបស់នាងមិនយល់ពីអារម្មណ៍ប្រពន្ធសោះ ថែមទាំងគំហកសម្លុតគំរាមផ្តាច់សង្ខារនាងជារឿយៗ ធ្វើឱ្យនាងរស់នៅ ជាមួយប្តីពោរពេញដោយការភ័យខ្លាច។ ជាងនេះទៀត ប្តីកើតរោគប្រចណ្ឌ មិនជឿទុកចិត្តប្រពន្ធឡើយ ហើយតែងសំងំលាក់ខ្លួននៅក្នុងគុម្ពោតព្រៃ ក្បែរផ្ទះ ចាំឃ្លាំមើលសកម្មភាពរបស់នាងជាហូរហែ ដែលហេតុផល ទាំងអស់នេះហើយធ្វើឱ្យជីវិតប្តីប្រពន្ធនាង តែងជួបរឿងរ៉ាវរកាំរកូសនឹង គ្នាឥតស្វាង។ ជាក់ស្តែង ថ្ងៃកើតមានជម្លោះចុងក្រោយនេះ ក៏ផ្តើមចេញ ពីភ្លើងប្រចណ្ឌរបស់ប្តីដែរ។

នាងរ៉ែម កាវ៉ូ

នាងកាវ៉ូ បញ្ជាក់ថា នៅថ្ងៃនោះ នាងបាននាំកូនទៅលេងបងប្អូននៅក្នុងភូមិ លុះពេលឃើញក្មួយស្រីទើបទិញទឹកអប់មកពីផ្សារ មើលទៅទំនង ក៏សុំក្មួយមកបាញ់នៅលើខ្លួនបន្តិចទៅ ដើម្បីឱ្យជាប់ក្លិនក្រអូបឈ្ងុយ ឈ្ងបនឹងគេ។ បន្ទាប់មក នាងក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញ ហូបបាយរួច ចូលមុងដេក ប្តីហិតនៅលើខ្លួនប្រពន្ធមានក្លិនទឹកអប់ក្រអូបប្លែក ស្រាប់តែ ឆាបឆេះភ្លើងប្រចណ្ឌ រករឿងបង្កជម្លោះ ចោទប្រពន្ធចិត្តមិនស្មោះត្រង់ជាមួយ ប្តីលួចទៅជួបប្រុសសហាយ។ ទោះបីជានាងខំព្យាយាមបកស្រាយ ពន្យល់យ៉ាងណា ក៏ប្តីមិនជឿនាងដែរ ព្រមទាំងបោះពាក្យសម្តីគំរាម អាករនាងគ្រវាត់ចោលក្នុងព្រៃទាំងយប់ទៀតផង ធ្វើឱ្យនាងមានការភិតភ័យខ្លាចប្តីហ៊ាននិយាយហ៊ានធ្វើ នាងក៏នាំកូនរត់មកភូមិ ឱ្យបងប្អូន ជួយទាំងកណ្តាលយប់។ ទាល់តែបងប្អូនទៅពន្យល់ហេតុផល ព្រមទាំង យកដបទឹកអប់របស់ក្មួយទៅបង្ហាញទៀត ទើបប្តីព្រមស្ងប់អារម្មណ៍ ឈប់រករឿងប្រពន្ធ ប៉ុន្តែនាងមិនទាន់ជឿថាប្តីឈប់ប្រចណ្ឌសង្ស័យ នាង១០០ភាគរយដែរ បើរាល់ថ្ងៃទឹកមុខរបស់ប្តីមិនទាន់ញញឹមញញែម ដាក់នាងឡើយ ធ្វើឱ្យនាងសង្ស័យប្តីកំពុងលួចតាមដានពីក្រោយខ្នងនាង តែយ៉ាងណា នាងមិនខ្លាចទេ ព្រោះមិនបានធ្វើអ្វីខុសផង។

លោកសៅ យ៉ាន និងនាងរ៉ែម កាវ៉ូ ជាមួយកូនៗ

លោកសៅ យ៉ាន ជាប្តីបានទទួលស្គាល់ថា លោកពិតជា ប្រចណ្ឌសង្ស័យ និងរករឿងបង្កជម្លោះជាមួយប្រពន្ធ មែន ប៉ុន្តែតាំងពីចាប់ដៃគ្នាពេលណាមក លោក មិនដែលលើកដៃគោះប្រពន្ធមួយប៉ូក ឬវាយដំលើ រូបរាងកាយឱ្យនាងមានរបួសស្នាមឡើយ ពោលគឺ បានត្រឹមតែប្រើពាក្យសម្តីសម្លុត គំរាមនាង តែប៉ុណ្ណោះ មិនដែលមានចិត្តចង់សម្លាប់ប្រពន្ធ នោះទេ តែបែរជានាងរត់ទៅប្តឹងអាជ្ញាធរ ជួយអន្តរាគមន៍ចោទប្រកាន់រូបលោកចង់សម្លាប់ នាងទៅវិញ។

ផ្ទះលោកសៅ យ៉ាន និងនាងរ៉ែម កាវ៉ូ

លោកបញ្ជាក់ថា រាល់ជម្លោះទាំងអស់ មិនមែនលោកជាអ្នកខុសតែម្ខាងទេ ប្រពន្ធក៏ មានចំណែកក្នុងនោះដែរ បើលោកមិនប្រើ ពាក្យសម្តីគំរាមសម្លុតនាងខ្លះ ប្រពន្ធមិន ឈប់ឈ្លោះប្រកែកជាមួយប្តីទេ។ និយាយឱ្យខ្លីទៅ នាងក៏មានចិត្តមានះ មិនព្រមចុះចាញ់ ប្តីដោយងាយៗឡើយ ហើយវាក៏មិនមែនជាលើក ទី១ដែរ។ តែយ៉ាងណា ក៏លោកនៅតែស្រលាញ់ ប្រពន្ធណាស់ មិនដែលវាយដំឱ្យនាងឈឺសាច់ម្តង ណាឡើយ។

លោកលី ឌី

លោកហែម លីន អាយុ៥៩ឆ្នាំ ជាពូនាងកាវ៉ូ និងលោកហិន ដែន អាយុ៦០ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា ជម្លោះប្តីប្រពន្ធរបស់នាងកាវ៉ូ គឺផ្តើមឡើងពីភ្លើងប្រចណ្ឌរបស់បុរសជាប្តីប៉ុណ្ណោះ សូម្បីតែប្រពន្ធសុំទឹកអប់ក្មួយស្រីបាញ់ឱ្យក្រអូបខ្លួន បន្តិច ក៏ប្តីសង្ស័យប្រពន្ធលួចទៅជួបប្រុសសហាយ ក៏រករឿងឈ្លោះ ព្រមទាំងបោះពាក្យសម្តីគំរាមសម្លាប់ ប្រពន្ធគ្រវាត់ចោលទៀត ដែលទង្វើបែបនេះវាហាក់បី ដូចជាធ្ងន់ធ្ងរណាស់។ ពួកគាត់សូមឱ្យក្មួយប្រុសគិត សាជាថ្មីម្តងទៀត បើចោទប្រកាន់ប្រពន្ធក្បត់ចិត្ត លួចមានប្រុសឈ្មោល គួរតែចាប់ភ័ស្តុតាងឱ្យបានសិន។ តែយ៉ាងណា ក្រោយពីអាជ្ញាធរធ្វើការអប់រំ រួចឃើញថា ក្មួយប្រុសរូបនេះមានការភ្ញាក់រលឹកកែ ខ្លួនបានច្រើន មិនសូវរករឿងឈ្លោះប្រពន្ធដូចមុនទេ។

លោកហែម លីន

លោកលី ឌី ជាមេភូមិទួលបេង បានឱ្យដឹងថា ទំនាស់ប្តីប្រពន្ធរបស់នាងកាវ៉ូ កើតឡើងពីភ្លើងប្រចណ្ឌ របស់បុរសជាប្តី ដែលមិនជឿទុកចិត្តប្រពន្ធ របស់ខ្លួន ចោទនាងលួចមានប្រុសឈ្មោល គ្មានភស្តុតាងច្បាស់លាស់ ដោយគ្រាន់តែសំអាងប្រពន្ធបាញ់ទឹកអប់ មានក្លិនប្លែក វាមិនគ្រប់គ្រាន់ឡើយ។ តែយ៉ាងណា ការរត់មកប្តឹងអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍ របស់ នាងកាវ៉ូ គឺជារឿងត្រឹមត្រូវ ដែលអាចបញ្ចៀសការ ប្រើអំពើហិង្សាពីប្តី ដែលកំពុងពុលកំហឹងបានហើយ លោកសង្ឃឹមថា ក្រោយពីអជ្ញាធរ និងក្រុមគ្រួសារ ធ្វើការពន្យល់អប់រំទៅឃើញថា បុរសជាប្តីឈ្មោះសៅ យ៉ាន លែងកើតរោគប្រចណ្ឌខុសទំនង និងលែង រករឿងបង្កជម្លោះជាមួយប្រពន្ធទៀតហើយ។
គួរបញ្ជាក់ថា ភ្លើងប្រចណ្ឌ កើតមកពីការ ស្រលាញ់ជ្រុល និងការមិនជឿទុកចិត្តលើដៃគូស្នេហ៍ របស់ខ្លួន។ បើទុកឱ្យរោគនេះរីករាលដាលធ្ងន់ធ្ងរ ច្បាស់ជាពុលភ្លើងកំហឹងហើយ ពិបាកនឹងរកថ្នាំព្យាបាល ណាស់ ដូច្នេះដៃគូស្នេហ៍ទាំងឡាយគួរតែតាំងចិត្តធ្ងន់ មុននឹងប្រច័ណ្ឌដៃគូស្នេហ៍ ត្រូវតែចាប់ភស្តុតាង ឱ្យបានជាមុនសិន ទើបអស់ការសង្ស័យ…”៕

RELATED ARTICLES