ខេត្តបន្ទាយមានជ័យ ៖ កម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានចុះធ្វើការឆែកឆេរពិនិត្យទីតាំងសិប្បកម្មមួយកន្លែង យីហោសិប្បកម្មភ្នំមាស ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបានធ្វើការផលិតទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ជាង៩០តោន ដែល ប្រើប្រាស់នូវសារធាតុគីមីខុសច្បាប់ និងគ្មានស្តង់ដារ។
ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីទូច យុទ្ធា និងលោកឧត្តមសេនីយ៍ ទូច គង្គា ប្រធានអនុប្រធានក្រុមប្រតិបត្តិការពិសេសនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម និងមានការសម្របសម្រួលពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ទីតាំងសិប្បកម្មយីហោសិប្បកម្មភ្នំមាស ដែលត្រូវសមត្ថកិច្ចជំនាញ ចុះបង្ក្រាបមានម្ចាស់ ឈ្មោះសុខ លាង ភេទប្រុស អាយុ៥៦ឆ្នាំ មានលំនៅផ្ទះលេខ១០១ ក្រុមទី៥ ភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ទីតាំងសិប្បកម្មភ្នំមាស បានធ្វើការផលិតទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ជាង៩០តោន ដោយគ្មានស្តង់ដារ ហើយការបង្ក្រាបជាក់ស្តែងសមត្ថកិច្ចបានចាប់យកជាវត្ថុតាង ក្នុងនោះមានសារធាតុផ្សំជាង៤០តោនឯណោះ ដែលផលិតផលនេះបានប្រើសារធាតុគីមីប្រឈមនិងប៉ះពាល់សុខភាពប្រជាជនដែលជាអ្នកបរិភោគធ្ងន់បំផុត។
ប្រភពដដែលបន្តថា ទីតាំងសិប្បកម្មភ្នំមាស កន្លងទៅ តែងធ្វើការផលិត ទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ក្នុងមួយថ្ងៃ មានប្រមាណពី១៥០០០ដប ទៅ ២០០០០ដប សម្រាប់ចែកចាយក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ តាមការពិនិត្យជាបឋមឃើញថាការផលិតខុសស្តង់ដារ ទី១-ប្រើប្រាស់សញ្ញា ISC (Institute Standard Cambodia) ក្លែងក្លាយ។ ទី២-ការវេចខ្ចប់ ពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ ទី៣-មិនបានចុះបញ្ជីផលិតផល (ច ប ផ) និងទី៤-លើកស្លាកយីហោសិប្បកម្មមិនបានតាមការកំណត់របស់ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ មិនតែប៉ុណ្ណោះ ម្ចាស់ទីតាំងនេះ បានយកដបស្រាបៀរ Heineken ធ្វើជាការវេចខ្ចប់ទឹកក្បុង មើលទៅមិនគួរឱ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់ក្នុងការជាវទៅបរិភោគ។
ពាក់ព័ន្ធករណីផលិតទឹកត្រី ទឹកម្ទេស ទឹកសៀង ទឹកខ្មេះ ទឹកក្បុង ទឹកស៊ីអ៊ីវ ដោយខុសច្បាប់គ្មានស្តង់ដារ ប្រើសារធាតុគីមីនេះ ខាងកម្លាំងប្រតិបត្តិការពិសេស នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានអំពាវនាវដល់បងប្អូនប្រជាជនមានការប្រុងប្រយ័ត្នមុននឹងបរិភោគ ខណៈមានជនទុច្ចរិត ក៏ដូចជាម្ចាស់សិប្បកម្មខ្លះ រកស៊ីប្រណាំងប្រជែងពាណិជ្ជកម្មភាព ដោយគ្មានភាពស្មោះត្រង់បានលួចផលិតគ្រឿងឧបភោគ បរិភោគក្លែងក្លាយប្រើសារធាតុគីមី បណ្តាលឱ្យប៉ះពាល់សុខភាព និងមេត្តាជួយផ្តល់ដំណឹងប្រសិនបានជួបប្រទះឬដឹងថា មានទីតាំង សិប្បកម្មផលិតគ្រឿងឧបភោគបរិភោគក្លែងក្លាយ ដើម្បីសមត្ថកិច្ចជំនាញចុះបង្ក្រាបបាន ទាន់ពេលវេលាប្រយោជន៍ ដើម្បីការពារសុខមាលភាពប្រជាជនក្នុងក្របខណ្ឌទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍ អ្នកវិនិយោគបរទេសផងដែរ៕